37 C
Phnom Penh

មន្ត្រី​បក្ស​កាន់​អំណាច​ក្នុង​ខេត្ត​សៀមរាប​ចោទ​មន្ត្រី​បក្ស​ខេត្ត​របស់​ខ្លួន​ថា​ប្រព្រឹត្ត​អំពើពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សាខា​បក្ស​ជាច្រើន​ភូមិ​របស់​គណបក្ស​កាន់​អំណាច បាន​ចោទ​មន្ត្រី​គណបក្ស​ខេត្ត​របស់​ខ្លួន​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​ការ​ដក​ឈ្មោះ​ចៅសង្កាត់​ជ្រាវ ក្នុង​ខេត្ត​សៀមរាប លោក គង់ ប៊ឹប ទាំង​អយុត្តិធម៌​ចេញពី​បេក្ខជន​ក្រុមប្រឹក្សា​សង្កាត់ លែង​ឱ្យ​គាត់​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ។

ប្រភព​ដដែល​អះអាង​ថា មូលហេតុ​ដែល​ប្រធាន​សាខា​បក្ស​ជាច្រើន​ភូមិ​របស់​គណបក្ស​កាន់​អំណាច រួម​ជាមួយ​សមាជិក​បក្ស​ភូមិ​ជាច្រើន​នាក់​ទៀត នាំគ្នា​មក​តវ៉ា​ដល់​កន្លែង​ប្រារព្ធ​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​២១ ខែ​មករា នេះ គឺ​ដោយសារតែ​ប្រធាន​គណបក្ស​ខេត្ត​បាន​ដក​ឈ្មោះ​លោក គង់ ប៊ឹប ចេញពី​បញ្ជី​បេក្ខជន​ចៅសង្កាត់​របស់​ពួកគេ។

ប្រភព​ដដែល​បញ្ជាក់​ថា មុន​ការ​ប្រកាស​ឈ្មោះ​បេក្ខជន​ក្នុង​សន្និបាត​នេះ ពួកគេ​បាន​បោះឆ្នោត​គាំទ្រ​ឱ្យ​លោក គង់ ប៊ឹប ធ្វើជា​ចៅសង្កាត់​នៅ​អាណត្តិ​ទី​៥ នេះ​បន្ត​ទៀត ប៉ុន្តែ​បែរជា​គ្មាន​ឈ្មោះ​របស់​ចៅសង្កាត់​រូប​នេះ​ប្រកាស​ក្នុង​អង្គ​សន្និបាត​គណបក្ស​ទៅវិញ។

គណៈ​ចាត់តាំង​បក្ស​កាន់​អំណាច​ខេត្ត​សៀមរាប លោក គុជ លីណា ធ្លាប់​បាន​លើកឡើង​ក្នុង​អង្គ​សន្និបាត​គណបក្ស​កាន់​អំណាច​របស់​ខ្លួន​នៅ​ឃុំ​ផ្សេង​ក្នុង​ខេត្ត​សៀមរាប កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​សម្រេច​ដក​លោក គង់ ប៊ឹប ចេញពី​បេក្ខជន​ចៅសង្កាត់​នេះ គឺ​ដោយសារតែ​លោក គង់ ប៊ឹប បាន​ប្រព្រឹត្ត​កំហុស​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​គណបក្ស។

ប្រភព​ដដែល​អះអាង​ថា ដើម្បី​ជាប់​ឈ្មោះ​ជា​បេក្ខជន​ចៅសង្កាត់​នៅ​អាណត្តិ​ទី​៥ នេះ លោក គង់ ប៊ឹប បាន​ក្លែង​បញ្ជី​ឈ្មោះ​ប្រធាន​សាខា​បក្ស​ភូមិ និង​អង្គ​បោះឆ្នោត​ឱ្យ​ទៅ​ចូលរួម​បោះឆ្នោត​ជំនួស​ប្រធាន​សាខា​បក្ស​ភូមិ​ពិតប្រាកដ។ ជាង​នេះ​ទៀត លោក គង់ ប៊ឹប បាន​ចែក​អំណោយ​ដល់​អង្គ​បោះឆ្នោត​ទាំងនោះ​ដើម្បី​ទាក់ទាញ​ទឹកចិត្ត​ឱ្យ​ពួកគេ​បោះឆ្នោត​ឱ្យ​ខ្លួន​ធ្វើជា​ចៅសង្កាត់​បន្ត​ទៀត។ ករណី​នេះ គណបក្ស​ខេត្ត​សម្រេច​ដក​ឈ្មោះ​ចៅសង្កាត់​ជ្រាវ រូប​នេះ ចេញ​ពី​បញ្ជី​បេក្ខជន​គណបក្ស​ដើម្បី​កុំ​ឱ្យ​ក្លាយ​ជា​គំរូ​អាក្រក់​ដល់​សាខា​មេ​បក្ស​ឃុំ​ដទៃ​ទៀត។

កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២១ គណបក្ស​កាន់​អំណាច​បាន​រៀបចំ​បោះឆ្នោត​ផ្ទៃក្នុង​គណបក្ស​របស់​ខ្លួន​ទូទាំង​ប្រទេស​តាម​ឃុំ-សង្កាត់​នីមួយៗ ដើម្បី​ជ្រើស​បេក្ខជន​មេឃុំ និង​ចៅសង្កាត់​ដែល​ទទួល​បាន​សន្លឹកឆ្នោត​ច្រើន​ជាងគេ នឹង​ត្រូវ​​​ជាប់​ឈ្មោះ​ជា​បេក្ខជន​មេឃុំ និង​ចៅសង្កាត់​តាម​លំដាប់​លេខ​រៀង​នៃ​ចំនួន​សន្លឹកឆ្នោត​ដែល​ខ្លួន​ទទួល​បាន​ពី​សមាជិក​បក្ស​នៅ​តាម​ភូមិ​របស់​ខ្លួន។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​ប្រជែង​ដណ្តើម​តំណែង​គ្នា​នៅ​ក្នុង​បក្ស​កាន់​អំណាច មិនមែន​ដើម្បី​អនុវត្ត​តួនាទី​ភារកិច្ច​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ ឬ​អភិវឌ្ឍ​ប្រទេស​ជាតិ​នោះ​ទេ គឺ​ដើម្បី​តែ​អំណាច និង​ទាញ​យក​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ពី​មុខតំណែង​តាម​ទំហំ​អំពើពុករលួយ​ដែល​ខ្លួន​អាច​ប្រព្រឹត្ត​បាន​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស