29 C
Phnom Penh

អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​ថា​គណបក្ស​ភ្លើង​ទៀន​គឺជា​នយោបាយ​ដែល​ដើរ​ដល់​ផ្លូវ​ទាល់ច្រក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ លើកឡើង​ថា គណបក្ស​ភ្លើង​ទៀន ដែល​មាន​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បញ្ជា​ពី​ក្រោយ មិនមែន​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​សម្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​នោះ​ទេ ប៉ុន្តែ​ជា​គណបក្ស​នយោបាយ​ដែល​ដើរ​ដល់​ផ្លូវ​ទាល់ច្រក​តែប៉ុណ្ណោះ។

អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ កញ្ញា សេង ធារី បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​កម្មវិធី Idea Talk របស់ The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ថា ការ​ដឹកនាំ​នយោបាយ​របស់​លោក សម រង្ស៊ី គឺ​មិន​មាន​ភាព​ច្បាស់លាស់​នោះ​ទេ ព្រោះ​ថា​លោក សម រង្ស៊ី មិន​គួរ​ជំរុញ​ឲ្យ​មាន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​រដ្ឋាភិបាល​ដែល​ខ្លួន​ចោទ​ថា​មិន​ស្រប​ច្បាប់​នោះ​ឡើយ។

កញ្ញា សេង ធារី លើកឡើង​ថា ជម្រើស​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​ជាមួយ​គណបក្ស​ដែល​លោក សម រង្ស៊ី តែង​ចោទ​ថា​ជា​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់​នោះ មាន​វិធី​ល្អ​តែ​ម្យ៉ាង​គត់ គឺ​នាំគ្នា​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​នេះ​ជាដាច់ខាត។ ក្នុង​ន័យ​នេះ គឺ​ទុក​ឲ្យ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ចូលរួម​ការ​បោះឆ្នោត​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ។

អ្នកជំនាញ​ផ្នែក​ច្បាប់​រូប​នេះ​បញ្ជាក់​ថា ការ​ជំរុញ​ឲ្យ​មាន​គណបក្ស​នយោបាយ​ពី​សំណាក់​លោក សម រង្ស៊ី ដូចជា​គណបក្ស​ភ្លើង​ទៀន ដែល​គ្រាន់តែ​ជា​គណបក្ស​តេឡេ (ធ្វើ​ត្រាប់​តាម​បញ្ជា) ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ខាងមុខ​នេះ គឺជា​ការ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​សម្រាប់​ប្រទេស​ជាតិ​ប៉ុណ្ណោះ ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ​ស្មើ​នឹង​ទទួលស្គាល់​ភាព​មិន​ស្រប​ច្បាប់​របស់​លោក ហ៊ុន សែន ដែល​ខ្លួន​តែងតែ​ចោទប្រកាន់​កន្លងមក ហើយ​ក៏​ជា​ការ​គាំទ្រ​ឲ្យ​លោក ហ៊ុន សែន ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បន្ត​ទៀត​ដែរ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា អ្នក​ដែល​ចង​ភ្ជាប់​នយោបាយ​ខ្លួនឯង​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​មាន​តែ​លោក សម រង្ស៊ី តែ​ម្នាក់​ប៉ុណ្ណោះ ព្រោះ​ថា​ការ​បំបែក​ខ្លួន​ចេញពី​ស្មារតី​សង្គ្រោះ​ជាតិ​តាមរយៈ​គណបក្ស​ភ្លើង​ទៀន ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ គឺជា​ភស្តុតាង​យ៉ាង​ច្បាស់​ថា ពួកគេ​កំពុងតែ​ធ្វើ​នយោបាយ​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន។

លោក​បន្ត​ថា ការ​លះបង់​របស់​លោក កឹម សុខា ក្នុង​ពន្ធនាគារ និង​ការ​បិទ​សិទ្ធិ​សេរីភាព​ជាង ៤​ឆ្នាំ​មក​នេះ ក៏​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា ការ​តស៊ូ​ដោយ​អហិង្សា​របស់​លោក កឹម សុខា គឺ​មិន​បាន​បម្រើ​ផលប្រយោជន៍​នយោបាយ​ណា​មួយ​តាម​ការ​ចង់​បាន​របស់​បក្ស​កាន់​អំណាច​ឡើយ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា នៅ​ពេល​លោក សម រង្ស៊ី ងាក​ទៅ​គាំទ្រ​គណបក្ស​ចាស់​របស់​លោក គឺ​គណបក្ស​ភ្លើង​ទៀន នៅ​ពេលនេះ គឺ​មាន​ន័យ​គ្រប់គ្រាន់​ហើយ​ថា​គាត់​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​កម្ទេច​ស្មារតី​សង្គ្រោះ​ជាតិ រំលាយ​កម្លាំង​ក្រុម​ប្រឆាំង​ដែល​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របៀប​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​គណបក្ស​កាន់​អំណាច​កន្លងមក​នេះ។

កាលពី​ចុង​ឆ្នាំ​២០២០ លោក សម រង្ស៊ី ធ្លាប់​បាន​រិះគន់​ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​នាំគ្នា​ទៅ​បង្កើត​បក្ស​ថ្មី គឺជា​ការ​ចាញ់បោក និង​លក់​ខ្លួន​ឲ្យ​លោក ហ៊ុន សែន តែប៉ុណ្ណោះ ខណៈ​លោក សម រង្ស៊ី នៅ​ពេលនេះ​ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​នៅ​ពី​ក្រោយ​គណបក្ស​ភ្លើង​ទៀន ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាមួយ​បក្ស​កាន់​អំណាច​ទៅវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស