33 C
Phnom Penh

លោក សយ សុភាព៖ បក្ស​ភ្លើង​ទៀន​អាច​ប្រឈម​មុខ​ផ្លូវ​ច្បាប់​ដែរ​ឬ​ទេ បើ​រក​ឃើញ​ថា​លោក សម រង្ស៊ី នៅ​ពីក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយក​សារព័ត៌មាន​ដើម​អម្ពិល ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន លើក​ជា​សំណួរ​ថា តើ​គណបក្ស​ភ្លើង​ទៀន​អាច​ប្រឈម​មុខ​តាម​ផ្លូវ​ច្បាប់​ដែរ​ឬ​ទេ ប្រសិនបើ​គេ​រក​ឃើញ​ថា លោក សម រង្ស៊ី និង​បក្ខពួក​របស់​គាត់​នៅ​ពីក្រោយ​បក្ស​នេះ នៅ​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​អ្នក​ទាំងនោះ​ក្នុង​សំណុំរឿង​ក្បត់​ជាតិ។

នាយក​សារព័ត៌មាន​ដើម​អម្ពិល (DAP NEWS) លោក សយ សុភាព ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​កាន់​អំណាច បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ នេះ​ថា នៅ​ពេលនេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​បក្ខពួក​របស់​គាត់​កំពុង​នាំគ្នា​ធ្វើ​សកម្មភាព​ជួយ​ឃោសនា​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ព្រោងព្រាត​នៅ​ក្រៅ​ស្រុក ខណៈ​ក្រុម​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចោទ​ថា ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ទៅ​ហើយ​នោះ។

ការ​លើកឡើង​របស់​លោក សយ សុភាព គឺ​បន្ទាប់ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ដឹកនាំ​សកម្មភាព​នយោបាយ​ជួយ​ឃោសនា​ឱ្យ​គណបក្ស​ភ្លើង​ទៀន ដែល​នឹង​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នេះ។

កាលពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២ មន្ត្រី​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី បាន​នាំគ្នា​បើក​សិក្ខាសាលា​រយៈពេល ៣​ថ្ងៃ​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋ​អាមេរិក ដែល​គេ​រិះគន់​ថា​ជា​សកម្មភាព​ជួយ​ឃោសនា​នយោបាយ​ឱ្យ​គណបក្ស​ភ្លើង​ទៀន ខណៈ​ក្រុម​មន្ត្រី​ទាំងនោះ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ បន្ទាប់ពី​ពួកគេ​បាន​ចូលរួម​ផែនការ​មាតុភូមិ​និវត្តន៍ ៩​វិច្ឆិកា របស់​លោក សម រង្ស៊ី។

ជុំវិញ​បញ្ហា​នេះ សកម្មជន​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី នៅ​ក្រៅ​ប្រទេស អះអាង​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ហាម​ទណ្ឌិត​ធ្វើជា​ប្រធាន និង​អនុប្រធាន​គណបក្ស​តែប៉ុណ្ណោះ ប៉ុន្តែ​ច្បាប់​នេះ​មិន​បាន​ហាម​សិទ្ធិ​ទណ្ឌិត​គាំទ្រ​បក្ស​នយោបាយ​ណា​មួយ​ដែល​ខ្លួន​ពេញចិត្ត​នោះ​ទេ លើកលែងតែ​ច្បាប់​នោះ​ស្ថិតនៅ​លើ​បបូរមាត់​បក្ស​កាន់​អំណាច។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ នេះ​ថា ការ​ចេញ​ដំណើរ​របស់​គណបក្ស​ភ្លើង​ទៀន ទោះ​ខុស​ច្បាប់ ឬ​ស្រប​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មិន​សំខាន់​ទេ ប៉ុន្តែ​គណបក្ស​នេះ​បាន​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​បទបញ្ជា​ផ្ទៃក្នុង ដែល​បាន​សន្យា​គ្នា​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស ថា​នឹង​មិន​ផ្តាច់​សម្ពន្ធភាព​ជាមួយ​គ្នា​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ជាដាច់ខាត កាលពី​ឆ្នាំ​២០១២ កន្លងទៅ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា កម្លាំង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ធំ​ដែល​មិនមែន​ជា​អ្នក​គាំទ្រ​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី ដែល​ប្ដូរ​មក​គណបក្ស​ភ្លើង​ទៀន។ លោក​ថា ពួកគេ​កំពុង​រង់ចាំ​ការ​ងើបឡើង​វិញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន ដូច្នេះ​ការ​ចេញ​ដំណើរ​របស់​គណបក្ស​ភ្លើង​ទៀន គឺជា​ការ​បំផ្លាញ​ក្តី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជិត​កន្លះ​នគរ។

ចំណែក​អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ នេះ​ថា លោក​ទទួល​បាន​ព័ត៌មាន​ពី​ប្រភព​ច្បាស់​ការណ៍​ថា លោក សម រង្ស៉ី និង​បក្ខពួក​របស់​គាត់​កំពុង​រៀបចំ​កម្លាំង​អ្នកគាំទ្រ​នៅ​សហរដ្ឋ​អាមេរិក ក្រោម​ស្លាក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ផ្ដោត​លើ​ការរៀបចំ​យុទ្ធសាស្ត្រ​កៀរគរ​ប្រមូល​ហិរញ្ញវត្ថុ​សម្រាប់​ទ្រទ្រង់​គណបក្ស​ភ្លើង​ទៀន ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ​នេះ។

លោក មុត ចន្ថា បញ្ជាក់​ថា ប្រភព​ដដែល​នោះ​បាន​លើកឡើង​នូវ​ការ​អះអាង​របស់​អនុប្រធាន​បក្ស​ប្រឆាំង​លោក អេង ឆៃអ៊ាង ក្នុង​សិក្ខាសាលា​នៅ​រដ្ឋ Florida កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រសិនបើ​លទ្ធផល​បោះឆ្នោត​ឃុំ-សង្កាត់​បាន​ល្អ ពេល​នោះ​លទ្ធផល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នឹង​រឹត​តែ​ធ្វើ​ឱ្យ​បក្ស​ភ្លើង​ទៀន​មាន​អំណាច​ពេញដៃ ដើម្បី​ដោះដូរ​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច​ផង​ដែរ។

កាលពី​ឆ្នាំ​២០១២ គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស របស់​លោក កឹម សុខា បាន​រួម​បញ្ចូល​គ្នា​បង្កើត​ទៅជា​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​នៅ​ពេលនេះ គណបក្ស សម រង្ស៊ី ដែល​ប្តូរ​ឈ្មោះ​មក​ជា​គណបក្ស​ភ្លើង​ទៀន បាន​សម្រេច​ដើរ​ចេញ​ពី​ស្មារតី​រួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ។

កាលពី​ចុង​ឆ្នាំ​២០២០ លោក សម រង្ស៊ី ក៏​ធ្លាប់​បាន​រិះគន់​ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​នាំគ្នា​ទៅ​បង្កើត​បក្ស​ថ្មី គឺជា​ការ​ចាញ់​បោក និង​លក់​ខ្លួន​ឲ្យ​លោក ហ៊ុន សែន តែប៉ុណ្ណោះ ខណៈ​លោក សម រង្ស៊ី នៅ​ពេលនេះ​ត្រូវ​សកម្មជន​របស់​ខ្លួន​ចោទ​ថា កំពុង​នៅ​ពីក្រោយ​គណបក្ស​ភ្លើង​ទៀន ដើម្បី​ចូលរួម​ការបោះឆ្នោត​ជាមួយ​បក្ស​កាន់​អំណាច​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស