34 C
Phnom Penh

លោក មាជ សុវណ្ណារ៉ា រិះគន់​លោក សម រង្ស៊ី ថា​មិន​ចេះ​រក្សា​កម្លាំង​គាំទ្រ​ក្នុង​ស្រុក​ជិត​កន្លះ​នគរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចោទ​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី ថា​មិន​ចេះ​រក្សា​កម្លាំង​គាំទ្រ​នៅ​ក្នុង​ស្រុក​ដែល​មាន​ជិត​កន្លះ​នគរ ដើម្បី​យក​ទៅ​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច តែ​បែរជា​បំបែក​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដោយ​នាំគ្នា​ទៅ​បើក​បក្ស​តូចៗ​ដើម្បី​ចូលរួម​កំដរ​បក្ស​កាន់​អំណាច​ក្នុង​ទីលាន​នយោបាយ​ដ៏​អយុត្តិធម៌​ទៅវិញ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ មីនា នេះ​ថា គេ​ដុត​បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បំពាន​លើ​ច្បាប់​គ្រប់​បែប​យ៉ាង​រួច​ទៅ​ហើយ គួរ​ណាស់​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​នាំគ្នា​ក្រោក​ឈរ​តវ៉ា​គ្រប់​មធ្យោបាយ ដើម្បី​ទាមទារ​យក​គណបក្ស​របស់​ខ្លួន​មកវិញ មិន​គួរ​នាំគ្នា​បង្កើត​បក្ស​ថ្មី ហើយ​សុំ​ភាព​ស្រប​ច្បាប់​ពី​អ្នក​ដុត​បំផ្លាញ​គណបក្ស​របស់​ខ្លួន​នោះ​ទេ។

លោក​បន្ត​ថា លោក​មើល​មិន​ឃើញ​ថា​គណបក្ស​តូចៗ​ទាំងអស់ រួម​ទាំង​គណបក្ស​ភ្លើង​ទៀន ដែល​មាន​លោក សម រង្ស៊ី នៅ​ពីក្រោយ​ផង​នោះ អាច​យក​ឈ្នះ​បក្ស​កាន់​អំណាច​បាន​នោះ​ទេ។ លោក​ថា ការ​បែក​ចេញ​ពី​ស្មារតី​សង្គ្រោះ​ជាតិ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ គឺជា​ការ​បំបែក​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដែល​ជា​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ។

លោក មាជ សុវណ្ណារ៉ា រិះគន់​ថា ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នាំគ្នា​លោត​ចេញពី​នាវា​សង្គ្រោះ​ជាតិ ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ធំ​របស់​នាវា​បក្ស​កាន់​អំណាច ដោយ​នាំគ្នា​ហក់​ឡើង​ជិះ​ទូក​តូចៗ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​វិញ​នោះ គ្រាន់តែ​ជា​ការ​ចូលរួម​កំដរ​បក្ស​កាន់​អំណាច​ក្នុង​ទីលាន​នយោបាយ​ដ៏​អយុត្តិធម៌​មួយ​ដែល​គេ​បាន​រៀបចំ​ទុក​ប៉ុណ្ណោះ។

មន្ត្រី​ដដែល​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ គឺជា​សញ្ញា​នៃ​ការ​បំបែកបំបាក់​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​តាមរយៈ​នៃ​ការ​បោះឆ្នោត​ផង និង​ជា​សញ្ញា​នៃ​ការ​ជួយ​កំដរ​បក្ស​កាន់​អំណាច​ឱ្យ​សម្រេច​នូវ​គោលដៅ​នៃ​ការ​បោះឆ្នោត​មួយ ដែល​គេ​មើល​ឃើញ​ថា​ជា​ការ​បោះឆ្នោត​ដ៏​អយុត្តិធម៌​ដែល​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេលនេះ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​សមាជិក​របស់​ខ្លួន​លាតត្រដាង​ថា បាន​នៅ​ពីក្រោយ​នៃ​ការ​ចូលរួម​ការបោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន ដែល​បាន​បែក​ចេញ​ពី​សម្ពន្ធភាព​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា ដែល​បាន​រួបរួម​គ្នា​បង្កើត​បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ពេល​កន្លងទៅ​នោះ។

កាលពី​ចុង​ឆ្នាំ​២០២០ លោក សម រង្ស៊ី ធ្លាប់​បាន​រិះគន់​ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​នាំគ្នា​ទៅ​បង្កើត​បក្ស​ថ្មី គឺជា​ការ​ចាញ់បោក និង​លក់​ខ្លួន​ឲ្យ​លោក ហ៊ុន សែន តែប៉ុណ្ណោះ ខណៈ​លោក សម រង្ស៊ី នៅ​ពេលនេះ ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​នៅ​ពីក្រោយ​គណបក្ស​ភ្លើង​ទៀន ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាមួយ​បក្ស​កាន់​អំណាច​ទៅវិញ។

ជុំវិញ​បញ្ហា​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា ធ្លាប់​បាន​អះអាង​កាលពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២២ ថា លោក​ទទួល​បាន​ព័ត៌មាន​ពី​ប្រភព​ច្បាស់ការ​ពី​អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី ថា​ការ​ចូលរួម​របស់​គណបក្ស​ភ្លើង​ទៀន​ក្នុង​ការ​បោះឆ្នោត​ខែ​មិថុនា ខាងមុខ​នេះ គឺជា​ថ្នូរ​នឹង​ការ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ និង​ការ​មិន​ដាក់​លក់​ឡាយឡុង​ផ្ទះ​របស់​លោក សម រង្ស៊ី ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច​ផង​ដែរ។

លោក សួន សុរីដា អះអាង​ថា ផ្អែកលើ​ហេតុផល​នៅ​ពេលនេះ គឺ​មាន​ភាព​ស្រប​គ្នា​យ៉ាង​ខ្លាំង ដោយសារ​ភាគី​លោក សម រង្ស៊ី បាន​ដំណើរការ​គណបក្ស​ភ្លើង​ទៀន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត ខណៈ​ភាគី​លោក ហ៊ុន សែន ក៏​មិន​ដាក់​លក់​ឡាយឡុង​ផ្ទះ​របស់​លោក សម រង្ស៊ី ផង​ដែរ។ បន្ថែម​ពី​នេះ ប្រសិនបើ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ មាន​ការ​លើកលែង​ទោស​ដល់​លោក សម រង្ស៊ី និង​ក្រុម​របស់​គាត់​មែន នោះ​មាន​ន័យ​ថា ការ​អង្វរ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក ហ៊ុន សែន របស់​ក្រុម​លោក សម រង្ស៊ី គឺជា​រឿង​ពិតប្រាកដ​ដែល​មិន​អាច​ប្រកែក​បាន​នោះ​ទេ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២២ សារ​សំឡេង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ត្រូវ​គេ​ទម្លាយ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​តេឡេក្រាម ដែល​បាន​លើកឡើង​ពី​ការ​អនុញ្ញាត​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី ទាក់ទង​ទៅ​ស្នើសុំ​លោក​ដោយ​ផ្ទាល់​នៅ​ពេល​ដែល​ពួកគេ​ចង់​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ។

ពាក់ព័ន្ធ​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន គេ​ក៏​ឃើញ​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​នាំគ្នា​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀត​ជាហូរហែ បន្ទាប់ពី​ពួកគេ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នា​ពេល​កន្លងមក​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស