29 C
Phnom Penh

ការ​ផ្ដល់​ទិដ្ឋាការ​នៅ​ពេល​មក​ដល់​ឡើង​វិញ​ជា​ឱកាស​លោក សម រង្ស៊ី អាច​វិល​ចូល​កម្ពុជា​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន សម្រេច​ដាក់​ឱ្យ​កម្ពុជា​ដំណើរការ​ឡើងវិញ​នូវ​ការ​ផ្តល់​ទិដ្ឋាការ​នៅ​ពេល​មក​ដល់ (VISA ON ARRIVAL) នៅ​ច្រក​ទ្វារ​អន្តរជាតិ​ទាំងអស់ ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ឱកាស​សម្រាប់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ដើម្បី​វិល​ទៅ​កម្ពុជា​ដោយ​គ្រាន់តែ​ទិញ​សំបុត្រ​យន្តហោះ​ប៉ុណ្ណោះ។

ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២២ ថា កម្ពុជា​នឹង​ដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​ការ​ផ្តល់​ទិដ្ឋាការ​នៅ​ពេល​មកដល់ (VISA ON ARRIVAL) នៅ​ច្រក​ទ្វារ​អន្តរជាតិ​ទាំងអស់ ទាំង​ផ្លូវទឹក ផ្លូវគោក និង​ផ្លូវអាកាស ដោយ​គ្រាន់តែ​បំពេញ​លក្ខខណ្ឌ​នានា​ដែល​កម្ពុជា​ធ្លាប់​បាន​អនុវត្ត​មុន​ពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩។

ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ គឺ​ជា​ហេតុផល​មួយ​ដែល​គេ​មើល​ឃើញ​ថា ជា​ការ​បើក​ផ្លូវ​សម្រាប់​អ្នក​នយោបាយ​ប្រឆាំង ជាពិសេស​ភាគី​លោក សម រង្ស៊ី ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ផ្លូវ​ឱ្យ​ពួក​គេ​វិល​ទៅ​កម្ពុជា​វិញ​នា​ពេល​កន្លងមក។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ មីនា ថា ការ​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​ទិដ្ឋាការ​នៅ​ពេល​មកដល់ ឬ​ហៅថា VISA ON ARRIVAL បែប​នេះ គឺ​ពិតជា​ឱកាស​សម្រាប់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​មាន​បំណង​ចូល​ស្រុក​វិញ​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​មិន​ដឹង​ថា​តើ​ពួកគេ​ក្លាហាន​ហ៊ាន​ចូល​ស្រុក​វិញ​តាម​ការ​ទាមទារ​របស់​ពួកគេ​នា​ពេល​កន្លងមក​ដែរ​ឬ​ក៏​អត់​នោះ​ទេ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​រំឭក​ថា កាលពី​ពេល​កន្លងទៅ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី ដូចជា​អ្នកស្រី មូរ សុខហួរ រួម​ទាំង​លោក សម រង្ស៊ី ផង ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ទិដ្ឋាការ​ឱ្យ​ខ្លួន​ដើម្បី​ចូល​មក​កម្ពុជា​វិញ ជាពិសេស​ដើម្បី​ចូល​មក​តតាំង​ក្តី​នៅ​ក្នុង​តុលាការ​របស់​ពួកគេ។ ដូច្នេះ ឱកាស​នៃ​ការ​បើក​ទិដ្ឋាការ​នៅ​ពេល​មកដល់ ឬ​ហៅថា VISA ON ARRIVAL នេះ គឺជា​ពេលវេលា​ល្អ​ខ្លាំង​ណាស់​សម្រាប់​ពួកគាត់​វិល​មក​កម្ពុជា​វិញ តាម​បំណង​ដែល​ពួកគេ​ចង់​បាន​ជា​យូរ​មក​ហើយ​នោះ។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ពួកគេ​អាច​ចូល​មក​កម្ពុជា​ដើម្បី​តស៊ូ​តាម​ផ្លូវច្បាប់​នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បើក​ឱ្យ​មាន VISA ON ARRIVAL បែប​នេះ។ លោក​ថា បើ​ទោះបីជា​តុលាការ​អនុវត្ត​ច្បាប់​ដោយ​មាន​ភាព​លម្អៀង​ក៏ដោយ ក៏​គង់តែ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ជាពិសេស​ពលរដ្ឋ​ខ្មែរ​អាច​មើល​ឃើញ​ពី​ភាព​ក្លាហាន​របស់​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ទាំងនោះ​ដែរ ចៀសវាង​នាំគ្នា​សម្ងំ​នៅ​បរទេស​ដូច​សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​ប្រឆាំង​ភាគី​លោក សម រង្ស៊ី ធ្លាប់​បាន​ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​ចំនួន​ពីរ​លើក​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​បរាជ័យ​ទាំងអស់ លើក​ទី​១ គឺ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២១ ដែល​ដឹកនាំ​ដោយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ។

យ៉ាងណាក៏ដោយ ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ បាន​ប្រកាស​ថា ខ្លួន​នឹង​ដាក់​សំណើ​ទៅកាន់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក ក្នុង​បំណង​ស្នើសុំ​ឱ្យ​ក្រសួង​មហាផ្ទៃ​ផ្តល់​សុពលភាព​លិខិត​ឆ្លងដែន​របស់​ពួកគេ​វិញ ដើម្បី​ឱ្យ​ខ្លួន​អាច​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​បាន​ដោយ​គ្មាន​ភាព​រាំង​ស្ទះ។

យ៉ាងណាក៏ដោយ រហូត​មក​ទល់​នឹង​ពេលនេះ រដ្ឋាភិបាល​កម្ពុជា​មិនទាន់​ប្រកាស​ផ្តល់​សុពលភាព​ទិដ្ឋាការ​ដល់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​នៅ​ក្រៅ​ប្រទេស​នៅឡើយ​ទេ ប៉ុន្តែ​ការ​ប្រកាស​ដំណើរការ​ឡើងវិញ​នូវ​ការ​ផ្តល់​ទិដ្ឋាការ​នៅ​ពេល​មកដល់ (VISA ON ARRIVAL) នៅ​ពេលនេះ គឺ​ជា​ហេតុផល​មួយ​ដែល​គេ​មើល​ឃើញ​ថា​ជា​ឱកាស​សម្រាប់​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​អាច​នាំគ្នា​ចូល​ទៅ​កម្ពុជា​វិញ​បាន។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅ ក្រសួង​ការបរទេស​កម្ពុជា បាន​សម្រេច​បញ្ចប់​សុពលភាព​លិខិត​ឆ្លងដែន​របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ចំនួន ១២​រូប រួម​មាន អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជាដើម ក្រោម​ហេតុផល​ថា ដោយសារ​អ្នក​ទាំងនោះ​គឺជា​អ្នកទោស​ដែល​រត់​គេច​ខ្លួន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស