34 C
Phnom Penh

មន្ត្រី​ស្នើ​ស៊ើបអង្កេត​សកម្មភាព​ពុករលួយ​របស់​អគ្គនាយក​កាំកុងត្រូល​ក្រសួង​ពាណិជ្ជកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​នាក់ ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ស៊ើបអង្កេត​សកម្មភាព​ពុករលួយ​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន ដែល​បាន​កិបកេង​លុយ​អង្គភាព​រាប់​សែន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

មន្ត្រី​រាជការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​រូប បាន​នាំគ្នា​សរសេរ​លិខិត​មក​សារព័ត៌មាន The Cambodia daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២២ ថា លោក ផាន អូន បាន​កាត់​ប្រាក់​យន្តការ​ប្រចាំ​ខែ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ផ្តល់​ជូន​សាខា ក.ប.ប រាជធានី-ខេត្ត​ទាំងអស់​ដាក់​ចូល​ក្នុង​ហោប៉ៅ​ខ្លួនឯង ប៉ុន្តែ​លោក ផាន អូន បែរជា​តម្រូវ​ឲ្យ​មន្ត្រី​សាខា ក.ប.ប រាជធានី-ខេត្ត​រៃអង្គាស​ថវិកា​មន្ត្រី​ថ្នាក់ក្រោម​ដាក់​ចូល​អង្គភាព​ជំនួស​វិញ។

ប្រភព​ដដែល​អះអាង​ថា លោក ផាន អូន បាន​កិបកេង​លុយ​បេសកកម្ម​របស់​មន្ត្រី​ថ្នាក់​ក្រោម​ជាប់​ជា​ប្រចាំ ក្នុង​នោះ​គាត់​បាន​បញ្ជា​ឱ្យ​មន្ត្រី​ទទួល​បន្ទុក​គណនេយ្យ បង្កើន​ចំនួន​ថ្ងៃ​បេសកកម្ម​បន្ថែម ដូចជា​មន្ត្រី​ណា​ដែល​មាន​បេសកកម្ម​តែ​មួយ​ថ្ងៃ គាត់​បញ្ជា​ឲ្យ​ដាក់ ៣​ថ្ងៃ ហើយ​នៅ​ពេល​ក្រសួង​ទម្លាក់​លុយ​បេសកកម្ម​នោះ​មក លោក ផាន អូន បើក​ឲ្យ​មន្ត្រី​អនុវត្ត​ការងារ​តែ ១​ថ្ងៃ​ប៉ុណ្ណោះ ចំណែក​ប្រាក់​បេសកកម្ម ២​ថ្ងៃ​ដែល​បាន​បន្ថែម​នោះ គឺ​លោក ផាន អូន កាត់​យក​សម្រាប់​ខ្លួនឯង។

មន្ត្រី​នៃ​ក្រសួង​ពាណិជ្ជកម្ម​ទាំងនោះ​បញ្ជាក់​ថា ក្រៅពី​កិបកេង​លុយ​បេសកកម្ម​របស់​ក្រសួង លោក ផាន អូន បាន​កិបកេង​ថវិកា​គម្រោង​ទិញ​ឧបករណ៍ និង​សម្ភារៈ​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន​ប្រចាំ​ឆ្នាំ​ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ និង​គម្រោង​ជាច្រើន​ផ្សេង​ទៀត។ ដូច្នេះ​ហើយ ទើប​លោក ផាន អូន មាន​លទ្ធភាព​ទិញ​ដី និង​ផ្ទះ​ជាច្រើន​កន្លែង ដោយ​ដាក់​ឈ្មោះ​ប្រពន្ធ និង​កូន បន្ទាប់ពី​លោក​ឡើង​កាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ត្រឹម​តែ ២​ឆ្នាំ​ប៉ុណ្ណោះ។

មន្ត្រី​រាជការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ទាំងនេះ​បញ្ជាក់​ថា កន្លងមក​ក៏​មាន​ការ​សាកសួរ​អំពី​សកម្មភាព​ពុករលួយ​របស់​លោក ផាន អូន ដែរ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាន​ចេញ​មុខ​ការពារ​បិទបាំង​អំពើ​អាក្រក់​ទាំងនោះ ព្រោះ​ពួកគេ​ទទួល​បាន​ផលប្រយោជន៍​ជាមួយ​គ្នា ដោយ​ងាក​មក​លាប​ពណ៌ និង​ចោទ​មន្ត្រី​ដែល​បាន​ដឹង​រឿង​ពុករលួយ​នេះ​ផ្តល់​ព័ត៌មាន​ជូន​ថ្នាក់លើ ថា​ជា​មន្ត្រី​មាន​និន្នាការ​ប្រឆាំង​នៅ​ក្នុង​ក្រសួង​ទៅវិញ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​សុំ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​ស៊ើបអង្កេត​នូវ​សកម្មភាព​របស់​លោក ផាន អូន ដែល​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​អណាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះ។

លោក ផាន អូន ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២០។ ក្រោយ​កាន់​តំណែង​នេះ លោក ផាន អូន បាន​រៀបចំ​ខ្សែ​បណ្ដាញ​បក្ខពួក​ដែល​ជា​សាច់ញាតិ​របស់​ខ្លួន​ក្នុង​មុខ​នាទី​សំខាន់ៗ ដែល​អាច​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​មាន​បាន​ក្នុង​គ្រួសារ​របស់​ពួកគេ​រហូត​មក។

កាលពី​ចុង​ឆ្នាំ​២០២១ មន្ត្រី​នៃ​ក្រសួង​ពាណិជ្ជកម្ម​ជាច្រើន​រូប​ធ្លាប់​ទម្លាយ​ថា កាលពី​អំឡុង​ឆ្នាំ​២០២០ លោក ផាន អូន ទទួល​បាន​ថវិកា​ពី​ក្រសួង​ហិរញ្ញវត្ថុ​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក តាម​សំណើ​របស់​លោក ដើម្បី​ទិញ​ដី ១​កន្លែង​សម្រាប់​សាងសង់​អគារ​មន្ទីរពិសោធន៍​ខ្នាត​តូច​របស់​សាខា ក.ប.ប ខេត្ត​រតនគិរី ប៉ុន្តែ​លោក ផាន អូន បាន​កិបកេង​លុយ​នេះ​ដោយ​ចំណាយ​អស់​ត្រឹមតែ ២​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

មន្ត្រី​ទាំងនោះ​បន្ត​ថា លោក ផាន អូន និង​បក្ខពួក​បាន​ចរចា​ទិញ​ដី​សម្រាប់​សាងសង់​អគារ​ពិសោធន៍​នេះ​ពី​លោក ហេង សាយ ប្រធាន​សាខា ក.ប.ប ប្រចាំ​ខេត្ត​រតនគីរី ដែល​លក់​ក្នុង​តម្លៃ​ទីផ្សារ ៥​ម៉ឺន​ដុល្លារ​អាមេរិក ប៉ុន្តែ​មន្ត្រី​រូប​នេះ​បាន​ឃុបឃិត​ជាមួយ​លោក ហេង សាយ និង​មន្ទីរ​សុរិយោដី​ខេត្ត​រតនគិរី បំបែក​ក្បាលដី​នោះ​ជា ២​ប្លង់។

ពួកគេ​ថា​មួយ​ប្លង់​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​កូនស្រី​របស់​លោក ផាន អូន ដែល​មាន​តម្លៃ​ប្រហែល ២​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក និង​មួយ​ប្លង់​ទៀត​ដាក់​ជា​កម្មសិទ្ធិ​របស់​សាខា ក.ប.ប សម្រាប់​ការ​សាងសង់​មន្ទីរពិសោធន៍​ប្រចាំ​ខេត្ត​រតនគីរី។

កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ អង្គការ​តម្លាភាព​អន្តរជាតិ បាន​ចេញ​របាយការណ៍​ស្ដីពី​សន្ទស្សន៍​អំពើពុករលួយ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២១ ថា កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥៧ ក្នុង​ចំណោម​ប្រទេស​ទាំង​១៨០ ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ ហើយ​បញ្ហា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា កម្ពុជា​នៅតែ​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​អំពើពុករលួយ​អាក្រក់​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស