34 C
Phnom Penh

អនុព័ន្ធយោធា​អាមេរិក​ថ្មី​បំពេញ​បេសកកម្ម​ការទូត​ក្រោយ​កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី​មក​បំពេញ​បេសកកម្ម​ការទូត​យោធា​នៅ​កម្ពុជា ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ​រវាង​កងទ័ព​ទាំង​ពីរ​ឲ្យ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ថែម​ទៀត​រវាង​អាមេរិក និង​កម្ពុជា បន្ទាប់ពី​កម្ពុជា​បាន​ចុះហត្ថលេខា​រួម​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ជើងគោក​ចិន កាល​ពី​ពេល​ថ្មីៗ​នេះ។

នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២ ថា ការ​បំពេញ​បេសកកម្ម​ការទូត​យោធា​នៅ​កម្ពុជា​របស់​ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី​នេះ ធ្វើឡើង​ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ​រវាង​កងទ័ព​ទាំង​ពីរ​ឲ្យ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ថែមទៀត​រវាង​អាមេរិក និង​កម្ពុជា។

ប្រភព​ដដែល​អះអាង​ថា ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី លោក ថាំង លី ( THANG LY) បាន​បញ្ជាក់​ថា រដ្ឋាភិបាល​អាមេរិក​គាំទ្រ​ចំពោះ​ជំហរ​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​អព្យាក្រឹត ខណៈ​កម្ពុជា​អះអាង​ថា ខ្លួន​មិន​មាន​ការ​កំណត់ ឬ​លម្អៀង​ទៅ​ភាគី​ណា​មួយ​ឡើយ គឺ​ឈរ​ទៅ​លើ​គោលការណ៍​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ដោយ​ជំហរ​ជាក់លាក់ ជាពិសេស​មិន​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​ឈរ​ជើង​នៅ​លើ​ទឹកដី​កម្ពុជា​ជាដាច់ខាត។

ក្រសួង​ការពារ​ជាតិ​កម្ពុជា បញ្ជាក់​ថា រាល់​កិច្ចសហប្រតិបត្តិការ​ទាំងអស់​ដែល​កម្ពុជា​ធ្វើ គឺ​ដើម្បី​កសាង​នូវ​សមិទ្ធផល​ទំនើបកម្ម​សម្រាប់​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា​ប៉ុណ្ណោះ ដើម្បី​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី ភាព​សុខសាន្ត សន្តិភាព និង​ភាព​រីកចម្រើន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​ទឹកដី​កម្ពុជា​ទាំងមូល។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​បញ្ជាក់​ជំហរ​របស់​កម្ពុជា​ចំពោះ​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ខ្លួន​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​វិស័យ​កងទ័ព​ជើងគោក​រវាង​កម្ពុជា និង​ចិន កាលពី​ចុង​ខែ​មីនា កន្លងទៅ​នេះ។

កាលពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២ ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី លោក ថាំង លី (THANG LY) បាន​ទៅ​បំពេញ​បេសកកម្ម​ការទូត​យោធា​នៅ​កម្ពុជា ដែល​បាន​ជួប​ពិភាក្សា​ជាមួយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការ​បរទេស លោក ណឹម សុវត្ថិ ក្នុង​នោះ​លោក ថាំង លី បញ្ជាក់​ថា រដ្ឋាភិបាល​អាមេរិក​គាំទ្រ​ចំពោះ​ជំហរ​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​អព្យាក្រឹត​ប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ កងទ័ព​ជើងគោក​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​មេបញ្ជាការ​កងទ័ព​ជើងគោក​ចិន លោក លីវ ចេន លី (Liu Zhen Li) បាន​សម្រេច​ចុះហត្ថលេខា​រួម​គ្នា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដីពី «កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ជើងគោក​ចិន ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​ជិតស្និទ្ធ​យូរ​អង្វែង​រវាង​កងទ័ព​ជើងគោក​ទាំង​ពីរ ដោយ​ឈរ​លើ​មូលដ្ឋាន​សមភាព និង​ផលប្រយោជន៍​ទៅវិញ​ទៅមក»

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​បាន​ចាត់ទុក​ថា ការ​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជើងគោក​រវាង​កម្ពុជា និង​ចិន គឺជា​រណសិរ្ស​រួបរួម​មួយ​ដែល​ជា​មធ្យោបាយ​ផ្សារភ្ជាប់​គ្រប់​ផ្នែក​នៃ​កងទ័ព​ទាំងអស់​របស់​កម្ពុជា​ជាមួយ​ចិន បើ​ទោះបីជា​កម្ពុជា​មិន​បាន​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជើងទឹក​ជាមួយ​ចិន​ជា​ផ្លូវការ​ក៏ដោយ ប៉ុន្តែ​ខ្លឹមសារ​ស៊ីជម្រៅ គឺ​នៅ​ត្រង់​ថា កម្ពុជា​បាន​ផ្សារភ្ជាប់​ខ្លួនឯង​នឹង​ចិន​រួច​ទៅ​ហើយ​លើ​វិស័យ​យោធា​នេះ។

កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ​នេះ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន លោក Wu Qian បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង ថា ចិន និង​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​កងទ័ព​ជាមួយ​គ្នា​រួច​រាល់​ហើយ ដើម្បី​កិច្ច​សហប្រតិបត្តិការ​រវាង​យោធា​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​វិស័យ​ផ្សេងៗ រួម​ទាំង​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ សមយុទ្ធ​រួម និង​ការ​ហ្វឹកហ្វឺន ការ​ផ្លាស់ប្ដូរ និង​ការ​បណ្តុះបណ្តាល​បុគ្គលិក​ដើម្បី​បន្ត​សហការ​គ្នា​កាន់តែ​ស៊ីជម្រៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស