41.3 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ព្រមាន​ចាត់ការ​មន្ត្រី​ដែល​កន្លះ​ឆ្នាំ​មិន​ទាន់​ទៅ​ធ្វើការ​ម្ដង​និង​១​ខែ​ម្ដង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​មន្ត្រី​មួយ​ចំនួន​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ដែល​មន្ត្រី​ខ្លះ​ទៅ​បំពេញ​ការងារ​តែ​មួយ​ថ្ងៃ​ក្នុង​មួយ​ខែ ហើយ​អ្នក​ខ្លះ​កន្លះ​ឆ្នាំ​មិនទាន់​ទៅ​កន្លែង​ធ្វើការ​ម្តង។

ការ​ព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ធ្វើឡើង​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​យុត្តិធម៌ កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២ កន្លងទៅ។ ក្នុង​ពិធី​នោះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ទម្លាយ​ពី​ភាព​អសកម្ម​របស់​មន្ត្រី​មួយ​ចំនួន​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ដែល​លោក​ថា​មន្ត្រី​ខ្លះ​ទៅ​បំពេញ​ការងារ​តែ ១​ថ្ងៃ​ក្នុង ១​ខែ ហើយ​មន្ត្រី​ខ្លះ​ទៀត​រហូត​ដល់​ទៅ​កន្លះ​ឆ្នាំ មិនទាន់​បាន​ទៅ​បំពេញ​ការងារ​ម្តង​ផង។

លោក​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​មន្ត្រី​ទាំងនោះ ដើម្បី​ពង្រឹង​វិន័យ​ក្នុង​ការ​បំពេញ​ការងារ​របស់​មន្ត្រី​ឡើងវិញ និង​បញ្ចៀស​ការ​លួច​ម៉ោង​ទៅ​ធ្វើការ​កន្លែង​ផ្សេង​ចាប់​ពី​ពេល​នេះ​តទៅ។

ក្រៅពី​ព្រមាន លោក កើត រិទ្ធ ក៏​បាន​ប្រកាស​ចាត់តាំង​លោក ជិន ម៉ាលីន រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​លោក ផូវ សំភី អគ្គនាយក​កិច្ចការ​រដ្ឋបាល​តុលាការ​នៃ​ក្រសួង​យុត្តិធម៌ ឱ្យ​ធ្វើ​កិច្ចការ​លើ​ការ​ត្រួតពិនិត្យ និង​ស្រង់​វត្តមាន​របស់​មន្ត្រី​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ជាប់​ជានិច្ច ដើម្បី​ដឹង​ថា​អ្នក​ណា​ខ្លះ​ទៅ​បំពេញ​ការងារ ហើយ​អ្នក​ណា​ខ្លះ​មិន​ទៅ​បំពេញ​ការងារ។

លោក​បញ្ជាក់​ថា ការ​ចាត់​វិធានការ​នេះ​មិនមែន​តែ​ព្រះរាជអាជ្ញា និង​ចៅក្រម​នោះ​ទេ មន្ត្រី​ផ្សេង​ទៀត​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ក៏​ត្រូវ​ត្រួតពិនិត្យ និង​ត្រូវ​ស្រង់​វត្តមាន​ដែរ។ លោក​ចាត់ទុក​វិធានការ​លើ​មន្ត្រី​ដែល​មិន​មក​កន្លែង​ធ្វើការ ថា​ដើម្បី​ពង្រឹង​វិន័យ​នៃ​មន្ត្រី​ប្រព័ន្ធ​យុត្តិធម៌។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ករណី​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​មិន​ទទួល​ខុសត្រូវ​របស់​មន្ត្រី បើ​ទោះបីជា​មន្ត្រី​ទាំងនោះ​ទទួល​បាន​ប្រាក់​បៀវត្ស និង​ផលប្រយោជន៍​ផ្សេងៗ​ពី​ថវិកា​របស់​ជាតិ​ដែល​បង់​ពន្ធ​ដោយ​ពលរដ្ឋ ប៉ុន្តែ​មិន​បាន​បម្រើ​សេវា​ជូន​ពលរដ្ឋ​ឡើយ។ លោក​បន្ត​ថា ប្រសិនបើ​មន្ត្រី​ទាំងនោះ​មិន​បាន​បំពេញ​ការងារ​ត្រឹមត្រូវ​តាម​ច្បាប់​ទេ ក្រសួង​គួរ​តែ​បញ្ឈប់ ឬ​ជម្រុះ​ចេញ ដោយ​ផ្ដល់​ប្រាក់​បៀវត្ស​លើក​ទឹកចិត្ត​ដល់​មន្ត្រី​ផ្សេង​ទៀត​ដែល​សកម្ម​វិញ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា បញ្ហា​នេះ​បាន​កើត​ឡើង​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បាន។ មូលហេតុ​ដោះស្រាយ​មិន​បាន លោក​ថា​ដោយសារ​ការ​ជ្រើសរើស​មន្ត្រី​ចូល​បម្រើ​ការងារ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​ការ​ដាក់​បញ្ជូន​សែស្រឡាយ រួម​ទាំង​បក្ខពួក​និយម ជាដើម។

លោក​បន្ត​ថា រដ្ឋាភិបាល​ពិបាក​នឹង​ធ្វើ​កំណែ​ទម្រង់​ដោយសារតែ​នៅ​ក្រសួង ឬ​ស្ថាប័ន​ខ្លះ​មាន​ទាំង​ឪពុក​មាន​ទាំង​កូន និង​សាច់ញាតិ​ផង​ដែរ។ លោក​ថា​ករណី​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ពង្រឹង​ផ្នែក​វិន័យ ហើយ​ថែមទាំង​ឱ្យ​ពួកគេ​រួច​ផុត​ពី​ទណ្ឌកម្ម​ទៀត​ផង។

លោក យង់ គិមអេង បន្ត​ថា ការ​មិន​ទៅ​ធ្វើ​ការ​ដោយ​គ្រាន់តែ​បើក​ប្រាក់ខែ​នេះ​ជា​បញ្ហា​ប្រឈម​ធំ​ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ជាក់លាក់ និង​មាន​គុណភាព​ទៅ​ដល់​ពលរដ្ឋ ជាពិសេស​ការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​ក្នុង​ប្រព័ន្ធ​តុលាការ ដែល​ធ្វើ​ឱ្យ​ការ​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​មាន​ភាព​យឺតយ៉ាវ។

លោក​កត់​សម្គាល់​ថា បញ្ហា​អំពើពុករលួយ​នៅ​ក្នុង​ការ​ជ្រើសរើស​មន្ត្រី និង​ការ​ដំឡើង​តួនាទី​បុណ្យ​ស័ក្តិ​ដោយ​មន្ត្រី​នៅតែ​មាន​ចូល​តាម​ខ្សែស្រឡាយ និង​ការ​សូកប៉ាន់ ជាដើម។ ករណី​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​មន្ត្រី​ទាំងនោះ​មិន​បាន​គោរព​បទបញ្ជា​ផ្ទៃក្នុង វិន័យ​របស់​ក្រសួង ដោយ​អាង​មាន​អ្នក​ការពារ​រឹងមាំ​ហើយ និង​ធ្វើ​ឱ្យ​ពួកគេ​រួច​ផុត​ពី​ទណ្ឌកម្ម​ផង​ដែរ។

កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា ភាព​យឺតយ៉ាវ​អំពី​ចំណាត់ការ​របស់​តុលាការ​បាន​ធ្វើ​ឱ្យ​ពន្ធនាគារ​កាន់តែ​មាន​ភាព​ចង្អៀត​ណែន​ដែរ ដោយ​ជាក់ស្ដែង​អ្នក​ជាប់ឃុំ​ជាង ៣​ម៉ឺន ៧​ពាន់​នាក់ ក្នុង​នោះ​អ្នក​ដែល​មាន​សាលក្រម និង​សាលដីកា​ពី​តុលាការ​ជាង ១​ម៉ឺន ១០០​នាក់​ប៉ុណ្ណោះ។

ករណី​នេះ លោក ស ខេង ក៏​បាន​ស្នើ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ចំនួន​៥ ក្នុង​នោះ​មាន​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ ក្រសួង​សេដ្ឋកិច្ច ក្រសួង​សុខាភិបាល និង​ក្រសួង​សង្គមកិច្ច ត្រូវ​ធ្វើ​ការងារ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​អ្នក​ជាប់ឃុំ​ដែល​ប្រើប្រាស់​គ្រឿងញៀន និង​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស