34 C
Phnom Penh

តុលាការ​កោះហៅ​មន្ត្រី​ផ្កាយ​១​ម្នាក់​ចូល​បំភ្លឺ​ករណី​បំភាន់​មន្ត្រី​សុរិយោដី​និង​ប្រើ​ហិង្សា​លើ​ម្ចាស់​ដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​ខេត្ត​កណ្តាល កោះហៅ​ស្នងការ​រង​ខេត្ត​កណ្ដាល លោក អ៊ុល ប៊ុណ្ណា ពាក់​ផ្កាយ​១ ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២២ ពាក់ព័ន្ធ​នឹង​បទ​ចោទ​បំភ្លឺ​ករណី​បំភាន់​មន្ត្រី​សុរិយោដី និង​ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ។

ក្នុង​ដីកា​កោះហៅ​ចុះ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២២ ចេញ​ដោយ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល លោក សេង រិទ្ធី ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ បាន​តម្រូវ​ឱ្យ​ឧត្តមសេនីយ៍ត្រី អ៊ុល ប៊ុណ្ណា ពាក់​ផ្កាយ​១ ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា នេះ ដើម្បី​សាកសួរ​ពី​ដំណើររឿង​បំភាន់​មន្ត្រី​សុរិយោដី និង​ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត។

បើ​តាម​ដីកា បញ្ជាក់​ថា ការ​កោះហៅ​ឧត្តមសេនីយ៍​ត្រី​ផ្កាយ​១ លោក អ៊ុល ប៊ុណ្ណា ចូល​បំភ្លឺ គឺ​តាម​បណ្ដឹង​ឈ្មោះ ប៊ុន ចាន់សុទ្ធា។ កាលពី​ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​លិខិត​មួយ​ដោយ​ដាក់​វិន័យ​ឧត្តមសេនីយ៍ត្រី​ផ្កាយ​១ លោក អ៊ុល ប៊ុណ្ណា ដែល​ជា​ស្នងការ​រង​នគរបាល​ខេត្ត​កណ្ដាល ដោយសារ​ល្មើស​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ជាច្រើន​ក្នុង​ការ​បំពេញ​ការងារ។

យោង​តាម​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​រក​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ​២០២១ ករណី​វិវាទ​ដីធ្លី​បាន​កើតឡើង​ចំនួន ១៦៩​ករណី​លើ​ផ្ទៃដី​ទំហំ ៥​ម៉ឺន ២​ពាន់​ហិកតារ (៥២៦០១,៨៧​ហិកតារ) និង​ធ្វើ​ឲ្យ​ប៉ះពាល់​ជនរងគ្រោះ​ជាង ១​សែន ៧​ពាន់​គ្រួសារ (១៧០៣៣​គ្រួសារ) ដោយ​បុគ្គល​មាន​អំណាច និង​អ្នក​មាន​ទ្រព្យសម្បតិ្ត។

របាយការណ៍​បាន​លើកឡើង​ថា ក្នុង​ឆ្នាំ​២០២១ ពលរដ្ឋ​ចំនួន​ជាង ១​ម៉ឺន ៧​ពាន់​គ្រួសារ (១៧០៣៣​គ្រួសារ) ក្នុង​នោះ​មាន​ជនជាតិ​ដើម​ភាគតិច ១៣៤៧​គ្រួសារ បាន​រង​ផល​ប៉ះពាល់​ដោយសារ​វិវាទ​ដីធ្លី​ដែល​មាន​ទំហំ​ជាង ៥​ម៉ឺន ២​ពាន់​ហិកតារ (៥២៦០១,៨៧​ហិកតារ)។ ការ​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ​ពី​សំណាក់​បុគ្គល​មាន​អំណាច​ចំនួន ៦៦​ករណី និង​បុគ្គល​អ្នក​មាន​ទ្រព្យ​ចំនួន ២៧​ករណី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស