31 C
Phnom Penh

អ្នក​តស៊ូ​មតិ​ថា​បក្ស​កាន់​អំណាច​បង្កើត​ឧក្រិដ្ឋកម្ម​បោះឆ្នោត​ដើម្បី​ប្លន់​ឆន្ទៈ​ម្ចាស់​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តស៊ូ​មតិ​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក អះអាង​ថា បក្ស​កាន់​អំណាច​បាន​បង្កើត​ឧក្រិដ្ឋកម្ម​បោះឆ្នោត​ដើម្បី​ប្លន់​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២៦ ឧសភា នេះ​ថា គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន តែង​ប្រើ​ឧបាយកល​ទុច្ចរិត​គ្រប់សព្វ​រាល់​អាណត្តិ ដូចជា​ការ​បង្ខិតបង្ខំ​ពលរដ្ឋ​នៅ​មូលដ្ឋាន គំរាម​សុវត្ថិភាព​ពលរដ្ឋ និង​រៀប​ខ្សែ​បណ្ដាញ​ក្នុង​ក្រសួង​ស្ថាប័ន​ជាតិ​ដោយ​ការ​គាបសង្កត់​ឲ្យ​បោះឆ្នោត​គាំទ្រ​ខ្លួន នៅ​ពេល​ដែល​ច្បាប់​ជាតិ​នៅ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ។

លោក ម៉ែន ណាត ពន្យល់​ថា ដោយឡែក​ការ​ប្លន់​ប្រព័ន្ធ​នៃ​ការ​បោះឆ្នោត គឺជា​សកម្មភាព​ក្រុម​ចោរ​ដែល​ធ្វើឡើង​ដោយ​បើក​ចំហ បង្ហាញ​មុខ​ត្រង់ៗ មិន​កោត​ញញើត​ច្បាប់​របស់​ប្រទេស គឺ​បក្ស​កាន់​អំណាច​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​អនុវត្ត​ដោយ​ឥត​អៀនខ្មាស និង​យ៉ាង​ស្ទាត់​ជំនាញ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ លោក​ថា ពួកគេ​បាន​កែប្រែ​ច្បាប់​បោះឆ្នោត ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ជាដើម ដើម្បី​សម្រេច​តាម​គោលបំណង​របស់​ពួកគេ បន្ទាប់ពី​បាត់​ការ​គាំទ្រ​ពី​ពលរដ្ឋ​កាលពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ កន្លងទៅ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា សកម្មភាព​ប្លន់​ដែល​កាន់តែ​ព្រៃផ្សៃ ងាយ​នឹង​មើល​ឃើញ​នោះ គឺ​បាន​កើតមាន​រាប់​មិន​អស់ ដូចជា​ការ​បញ្ជា​កម្លាំង​ពី​សំណាក់​លោក ហ៊ុន សែន ឲ្យ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បន្ទាប់​មក​ប្លន់​យក​កៅអី​រដ្ឋសភា សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​ក្រុម​ប្រឆាំង​តាម​ទំនើង​ចិត្ត ក្រោម​បទ​ចោទ​ដែល​ពួកគេ​បាន​ប្រឌិត​ឡើង​ទាំង​គ្មាន​ភស្តុតាង។

លោក​បន្ថែម​ថា សកម្មភាព​ប្លន់​កាន់តែ​គឃ្លើន​នោះ គឺ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​តម្រូវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បំប៉ោង​ចំនួន​អ្នក​ទៅ​បោះឆ្នោត និង​កាត់​តម្រឹម​លទ្ធផល​បោះឆ្នោត​ទៅ​តាម​បំណង​បក្ស​កាន់​អំណាច​កាលពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ កន្លងទៅ ដើម្បី​ប្រកាស​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត និង​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​ថា ខ្លួន​ជា​អ្នក​ឈ្នះ​ឆ្នោត​ដោយ​ស្រប​ច្បាប់។

លោក ម៉ែន ណាត បញ្ជាក់​ថា គេ​អាច​វាយតម្លៃ​បាន​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់ ឆ្នាំ​២០២២ ខាងមុខ​នេះ គឺ​បក្ស​កាន់​អំណាច​ក្រោម​ការ​ត្រួតត្រា​របស់​លោក ហ៊ុន សែន ជា​អ្នក​ចាត់ចែង​ទាំងស្រុង។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ទៅ​តាម​អាណត្តិ​ដែល​ធ្វើឡើង ៥​ឆ្នាំ​ម្តង​សម្រាប់​ឆ្នាំ​២០២២ នេះ។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ដែល​នៅ​សល់​ពេល​ត្រឹម​តែ ៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ខណៈ​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​នេះ​មាន​ចំនួន ១៧​គណបក្ស។

ប៉ុន្តែ​ការ​បោះឆ្នោត​ត្រូវ​គេ​រិះគន់​ថា ជា​ការ​បោះឆ្នោត​ដែល​មិន​ត្រឹមត្រូវ ព្រោះ​ជា​ការ​បោះឆ្នោត​ដែល​រៀបចំ​ដោយ​បក្ស​កាន់​អំណាច ខណៈ​គណៈកម្មាធិការ​អាជ្ញាកណ្ដាល ឬ គ.ជ.ប សុទ្ធសឹងតែ​មាន​សមាសភាព​មកពី​គណបក្ស​កាន់​អំណាច​ទាំងអស់។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​មិន​គួរ​ចូលរួម​ការ​បោះឆ្នោត​ដែល​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​នោះ​ឡើយ ត្បិត​គណបក្ស​កាន់​អំណាច​បាន​រំលោភ​ច្បាប់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​អយុត្តិធម៌ ដូច្នេះ​ពួកគេ​គួរតែ​ជំរុញ​ឱ្យ​បក្ស​កាន់​អំណាច​រក​ដំណោះស្រាយ​សមស្រប​ណា​មួយ​ជា​មុន​សិន ព្រោះ​ការ​ធ្វើ​ដូច្នេះ​ក៏​ជា​ការ​ព្រមាន​កុំ​ឱ្យ​បក្ស​កាន់​អំណាច​ហ៊ាន​រំលោភ​ច្បាប់​រំលាយ​គណបក្ស​ផ្សេង​ទៅ​ថ្ងៃ​ក្រោយ​បន្ត​ទៀត​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស