28.4 C
Phnom Penh

តំណាង​យុវជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ន័រវែស លោក អៀ ចាន់ណា ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ន័រវែស លោក អៀ ចាន់ណា ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​អង្គារ ទី​៣១ ឧសភា នេះ តាម​ដីកា​របស់​តុលាការ​ដែល​បាន​ចោទប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​កាលពី​ឆ្នាំ​២០២០ កន្លងទៅ។

តំណាង​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រទេស​ន័រវែស (Norway) លោក អៀ ចាន់ណា នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២២ នេះ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ក្បែរ​ផ្សារ​អេអន ក្នុង​ទីក្រុង​ភ្នំពេញ បន្ទាប់ពី​លោក​បាន​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន និង​ហែ​ក្បួន​ឃោសនា​គណបក្ស​នេះ​កាលពី​ពេល​ថ្មីៗ​នេះ។

ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​តាម​សាលដីកា​សាលាដំបូង​ក្រុង​ភ្នំពេញ​ដែល​បាន​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​តំណាង​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ភ្លាមៗ បន្ទាប់ពី​លោក​បាន​ចូល​ទៅ​ប្រទេស​កម្ពុជា​នៅ​ចុង​ខែ​ឧសភា។

កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​តំណាង​យុវជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ន័រវែស លោក អៀ ចាន់ណា ពី​បទ​រួម​គំនិត​ក្បត់​ដែល​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០២០ និង​ពេល​បន្តបន្ទាប់​មក​ទៀត​តាម​មាត្រា​៤៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ។

ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​លោក អៀ ចាន់ណា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​៣១ ឧសភា នេះ បាន​បង្គាប់​ឱ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ធ្វើការ​នាំ​ខ្លួន​តំណាង​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ទៅ​ប្រគល់​ឱ្យ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (ម១) ដោយ​ធ្វើការ​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​រហូត​ដល់​មាន​បទបញ្ជា​ថ្មី​ដែល​សម្រេច​ផ្សេង​ពី​នេះ។

មុន​នឹង​ឈាន​ដល់​ការ​ចាប់​ខ្លួន​នេះ តុលាការ​ក្រុង​ភ្នំពេញ​ធ្លាប់​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​រូបលោក​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២០ ម្តង​រួច​មក​ហើយ ប៉ុន្តែ​មិន​បាន​សម្រេច។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣១ ឧសភា នេះ​ថា លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ដោះលែង​លោក អៀ ចាន់ណា ឱ្យ​លោក​មាន​សេរីភាព​ឡើងវិញ ព្រោះ​ថា​បើ​ចាប់​សកម្មជន​នយោបាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៀត មាន​តែ​បន្ថែម​បន្ទុក​លើ​ខ្លួនឯង​តែប៉ុណ្ណោះ ត្បិត​កម្ពុជា​នៅ​ពេល​នេះ​កំពុង​រង​ការ​រិះគន់​ជុំ​ទិស​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជុំវិញ​ការ​រឹតត្បិត​សេរីភាព​នយោបាយ​របស់​ក្រុម​ប្រឆាំង​សព្វថ្ងៃ​នេះ។

លោក ម៉ែន ណាត អះអាង​ថា កិច្ចការ​ដែល​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​អាច​ស្ដារ​លទ្ធិប្រជាធិបតេយ្យ លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស និង​ផ្សះផ្សា​ជាតិ​ឡើងវិញ​នៅ​ពេលនេះ លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​ត្រូវ​ចាប់​សកម្មជន​បក្ស​ប្រឆាំង​នោះ​ទេ ប៉ុន្តែ​ត្រូវ​ដោះលែង​អ្នក​ទោស​មនសិការ​ទាំងអស់។ បន្ថែម​លើ​នេះ​ទៀត ត្រូវ​បើក​សិទ្ធិ​សេរីភាព​នយោបាយ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ឱ្យ​លោក​អាច​ចូលរួម​សកម្មភាព​នយោបាយ​ឡើងវិញ​ផង​ដែរ ដើម្បី​ធានា​បាន​នូវ​ការ​អនុវត្ត​ច្បាប់​នានា​ស្តីអំពី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដូច​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា សកម្មភាព​របស់​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេលនេះ គឺ​កំពុងតែ​ជួយ​លុបលាង​ទង្វើ​ខុសច្បាប់​រដ្ឋាភិបាល​ច្រើន​ណាស់​ជុំវិញ​ការ​ប្លន់​ប្រព័ន្ធ​បោះឆ្នោត​នៅ​អាណត្តិ​ទី​៥ នេះ។ ដូច្នេះ រដ្ឋាភិបាល​មិន​គួរ​ចាប់​ខ្លួន​សកម្មជន​នយោបាយ លោក អៀ ចាន់ណា នោះ​ទេ ព្រោះ​គាត់​ក៏​មិន​មែន​ជា​មេដឹកនាំ​ល្បីល្បាញ​ដែល​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​មាន​ការ​ព្រួយបារម្ភ​នោះ​ដែរ។

លោក អៀ ចាន់ណា គឺជា​តំណាង​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​ន័រវែស ក្នុង​ទីក្រុង​គ្រីសស្ទានសាន់ កាលពី​ឆ្នាំ​២០០៥ បន្ទាប់ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ធ្វើ​ទុក្ខបុកម្នេញ​ទាក់ទង​នឹង​រឿង​ព្រំដែន ប៉ុន្តែ​នៅ​ឆ្នាំ​២០២០ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ និង​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២០ កន្លងទៅ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស