28 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ការ​កាត់ទោស​កញ្ញា សេង ធារី និង​សកម្មជន​ដូច​គ្នា​ការ​បង្ក្រាប​កាលពី​ឆ្នាំ​២០១៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ថា​ការ​កាត់ទោស​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី ដែល​ជា​មេធាវី​អន្តរជាតិ និង​សកម្មជន​នយោបាយ​ជាច្រើន​នាក់​ទៀត​ដាក់​គុក​ច្រើន​ឆ្នាំ «ពី​បទ​ក្បត់​ជាតិ» ដូច​គ្នា​ទៅ​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​អ្នក​តវ៉ា​ដើម្បី​សិទ្ធិ​សេរីភាព។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៥ មិថុនា ថា ការ​កាត់ទោស​មេធាវី​អន្តរជាតិ កញ្ញា សេង ធារី និង​សកម្មជន​នយោបាយ​ជាច្រើន​ទៀត​ដាក់​គុក​ច្រើន​ឆ្នាំ​ពី​បទ​ក្បត់​ជាតិ កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ឡើងវិញ​នូវ​ការ​បង្ក្រាប​សកម្មជន​នយោបាយ​ដោយ​ហិង្សា​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា កាលពី​ឆ្នាំ​២០១៤ ដែល​ធ្វើ​ឱ្យ​លំហ​ប្រជាធិបតេយ្យ​កាន់តែ​រួម​តូច​ចង្អៀត​សម្រាប់​អ្នក​តស៊ូ​ដើម្បី​សេរីភាព​នៅ​កម្ពុជា។

បណ្ឌិត ឡៅ ម៉ុងហៃ រំឭក​ថា ការ​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​កាលពី​ឆ្នាំ​២០១៤ ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឱ្យ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​របស់​អង្គការ​សហប្រជាជាតិ រិះគន់​យ៉ាង​ធ្ងន់ៗ​ថា តុលាការ​ខ្មែរ​ជា​ស្ថាប័ន​ដែល​មិន​ឯករាជ្យ និង​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​របស់​បក្ស​កាន់​អំណាច ដើម្បី​បំបិទ​សំឡេង​អ្នក​តវ៉ា​ដើម្បី​សិទ្ធិ និង​សេរីភាព​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ​មាន​ភាព​អាប់អួរ​ពោរពេញ​ដោយ​ការ​បង្ក្រាប​មិន​រើស​មុខ​ពី​សំណាក់​កងកម្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម។ លោក​បន្ត​ថា ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ច្បាប់ និង​គោលការណ៍​តុលាការ​ឯករាជ្យ​ផង​ដែរ ប៉ុន្តែ​ហាក់​មិន​ឃើញ​មាន​ការ​ប្រែប្រួល​ណា​មួយ​នោះ​ឡើយ។

កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ក្រុង​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​កញ្ញា សេង ធារី រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដូចជា​លោក សម រង្ស៊ី និង​លោក អេង ឆៃអ៊ាង ជាដើម និង​សកម្មជន​ជាច្រើន​រូប​ទៀត ដូចជា​លោក ទុំ ប៊ុនថន និង​លោក កាក់ កុម្ភារ ផង​ដែរ​ឱ្យ​ជាប់​ពន្ធនាគារ​ចាប់ពី ៥​ឆ្នាំ​ដល់ ៨​ឆ្នាំ ក្នុង​នោះ​ក៏​មាន​អ្នក​ដែល​ត្រូវ​ព្យួរ​ទោស និង​អ្នក​ដែល​តុលាការ​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ថែម​ទៀត។

កញ្ញា សេង ធារី ឈរ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​សម្លៀកបំពាក់​តំណាង​ឱ្យ «នាង​យុត្តិធម៌» ដោយ​ដៃ​ម្ខាង​ចងភ្ជាប់​ដោយ​ច្រវាក់ និង​ម្ខាង​ទៀត​កាន់​បដា​ដែល​មាន​សរសេរ​អក្សរ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មុន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២។ (រូបថត៖ CCHR)

នៅ​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​ការ​ប្រកាស​សាលក្រម​របស់​តុលាការ​លើ​មន្ត្រី​បក្ស​ប្រឆាំង សកម្មជន​នយោបាយ និង​កញ្ញា សេង ធារី កាលពី​ថ្ងៃ​អង្គារ ទី​១៤ មិថុនា ដោយ​ចាត់ទុក​ថា​ជា​រឿង​នយោបាយ​ដែល​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​បន្ទាប់ពី​ការ​ចាប់​ខ្លួន​កញ្ញា សេង ធារី ភ្លាមៗ​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​នេះ គឺជា​ការ​សាកល្បង​ដ៏​ធំ​មួយ​ទៀត​របស់​លោក ហ៊ុន សែន ដើម្បី​ចង់​ដឹង​ប្រតិកម្ម​របស់​សហរដ្ឋ​អាមេរិក​ក្នុង​កាលៈទេសៈ​នេះ បន្ទាប់ពី​ការ​ចាប់​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​ភ្ជាប់​នឹង​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ​នោះ។

ចំណែក​អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ថ្កោលទោស​ភ្លាមៗ​ជុំវិញ​ការ​ចាប់​ខ្លួន​កញ្ញា សេង ធារី នេះ​ដែរ​ថា ការ​សម្រេច​របស់​តុលាការ គឺជា​ការ​កាត់​ក្តី​យ៉ាង​អយុត្តិធម៌​ទៅ​លើ​កញ្ញា សេង ធារី លើ​សកម្មជន​នយោបាយ និង​អ្នក​នយោបាយ​ប្រឆាំង​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​សាលក្រម​នេះ​ធ្វើឡើង​តាម​ការ​បង្គាប់​បញ្ជា​បែប​នយោបាយ​ពី​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដោយសារតែ​ការ​ដឹកនាំ​គ្មាន​តម្លាភាព ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស