28.4 C
Phnom Penh

តំណាង ADIDAS ជំរុញ​ឱ្យ​កម្ពុជា​ស៊ើប​អង្កេត​ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ខេន​ស្ព័ត​ស៊ូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​ក្រុមហ៊ុន​សម្លៀកបំពាក់​បរទេស ADIDAS ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​លើ​សកម្មភាព​របស់​អាជ្ញាធរ​ខ្មែរ​ដែល​បាន​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព អំឡុង​ពេល​មាន​វិវាទ​រវាង​កម្មករ និង​ក្រុមហ៊ុន ខេន ស្ព័ត ស៊ូ (Can Sports Shoes) ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ហេតុការណ៍​នេះ​កើតឡើង​បន្ត​ទៀត​នៅ​ពេល​ក្រោយ។

តំណាង​ក្រុមហ៊ុន​សម្លៀកបំពាក់​បរទេស ADIDAS លោក វីល្លៀម អាឌឺសាន់ បាន​ផ្ញើ​លិខិត​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ការ​ចាប់​ខ្លួន​សមាជិក​សហជីព​ដោយ​មិន​មាន​ការ​ចោទប្រកាន់​ពី​តុលាការ គឺជា​ការ​រឹតត្បិត​លើ​សេរីភាព​សមាគម ដែល​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ចាត់​វិធានការ​ដោយ​ការ​ណែនាំ​ដ៏​សមស្រប​មួយ ដើម្បី​ការពារ​នូវ​ហានិភ័យ​ដែល​កើត​ចេញពី​ការ​ចាប់​ខ្លួន​សមាជិក​សហជីព​ដែល​បាន​កើត​មាន​នោះ។

ប្រភព​ដដែល​លើកឡើង​ថា ការ​ចាប់​ខ្លួន​សហជីព អាច​បង្កើត​ជា​បរិយាកាស​បំភិតបំភ័យ និង​បង្ក​ឱ្យ​មាន​ការ​ខ្លាច​រអា​យ៉ាង​ធ្ងន់ធ្ងរ ដែល​នាំ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ដំណើរការ​ទូទៅ​របស់​សហជីព ហើយ​វិធានការ​ដកហូត​សិទ្ធិ​សហជីព​ដោយ​ហេតុផល​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​របស់​ពួកគេ​ដែល​តវ៉ា​ទាមទារ​ដើម្បី​សិទ្ធិ​ការងារ គឺ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ការ​បង្ក​ឧបសគ្គ​ដល់​ការ​អនុវត្ត​សិទ្ធិ​របស់​សហជីព​យ៉ាង​ខ្លាំង​ផង​ដែរ។

កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២២ កម្មករ​កម្មការិនី​ប្រមាណ​ជា ៨​ពាន់​នាក់​ដែល​បម្រើការ​នៅ​ក្រុមហ៊ុន ខេន ស្ព័ត ស៊ូ ស្ថិត​ក្នុង​ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង បាន​តវ៉ា​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៥ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​ដោះស្រាយ​បញ្ហា​ជាច្រើន​ឱ្យ​ពួកគេ។

ការ​តវ៉ា​នេះ ធ្វើឡើង​ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​អនុញ្ញាត​ឱ្យ​មាន​អ្នកលក់​ម្ហូបអាហារ​ក្នុង​បរិវេណ​រោងចក្រ​ប្រមាណ ២០០​នាក់​ឡើង​វិញ និង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​បើកប្រាក់​ដំណាច់​ឆ្នាំ​ដែល​នៅ​សល់​ឈ្នួល​ជូន​កម្មករ​កម្មការិនី​ឱ្យ​អស់។ លើស​ពី​នេះ ក៏​ទាមទារ​កុំ​ឱ្យ​បញ្ឈប់​កម្មករ​ដែល​មិន​អាច​ធ្វើ​ការងារ​ថែម​ម៉ោង​ផង​ដែរ។

ក្រៅ​ពី​នេះ កម្មករ​និយោជិត​ទាំងនោះ​បាន​ទាមទារ​ឱ្យ​រោងចក្រ​បើក​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ​ដែល​ខាង​ក្រុមហ៊ុន​បាន​ជំពាក់​ថែម​ទៀត។ លើស​ពី​នេះ ពួកគេ​ក៏​បាន​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដក​ប្រធាន​ផ្នែក​នៅ​អគារ SIPCA4 ចេញពី​ក្រុមហ៊ុន ដោយសារតែ​ប្រធាន​ផ្នែក​រូប​នេះ​បាន​បង្ខំ​ឱ្យ​កម្មករ​ធ្វើការ​ថែម​ម៉ោង ទោះបីជា​កម្មករ​នោះ​មាន​ជំងឺ​ប្រចាំ​កាយ​ក៏ដោយ។

ក្នុង​អំឡុង​ពេល​កម្មករ​ធ្វើ​កូដកម្ម និង​ធ្វើ​ការ​ចរចា​ជាមួយ​នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ថ្នាក់​ដឹកនាំ​សហជីព ២​រូប​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​នៅ​ស្នងការ​ខេត្ត​កំពង់ឆ្នាំង ទាំង​ដែល​គ្មាន​ដីកា​របស់​តុលាការ។

បែប​នេះ​ក្តី នៅ​ថ្ងៃ​បន្ទាប់ កម្មករ​និយោជិត​បាន​ប្រមូលផ្ដុំ​គ្នា​ជាថ្មី ដើម្បី​ធ្វើ​កូដកម្ម​អហិង្សា​បន្ត​ទៀត។ យ៉ាងណាក៏ដោយ ថ្នាក់​ដឹកនាំ​សហជីព ៣​នាក់​ផ្សេង​ទៀត​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ផង​ដែរ ប៉ុន្តែ​ពួកគេ​ត្រូវ​ស្នងការ​ខេត្ត​កំពង់ឆ្នាំង ដោះលែង​វិញ បន្ទាប់ពី​ពួកគេ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថា​នឹង​មិន​ដឹកនាំ​ធ្វើ​កូដកម្ម​បន្ត​ទៀត​នោះ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មិថុនា នេះ​ថា វា​ជា​រឿង​ដែល​គួរ​ឱ្យ​អាម៉ាស់​ជាទីបំផុត​សម្រាប់​កម្ពុជា នៅ​ពេល​ដែល​ក្រុមហ៊ុន​បញ្ជា​ទិញ​របស់​បរទេស​មក​ណែនាំ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​បញ្ឈប់​ការ​ចាប់​ខ្លួន​កម្មករ​ដោយ​បង្ខំ​ឱ្យ​ចុះ​កិច្ចព្រមព្រៀង​កុំ​ឱ្យ​ធ្វើ​កូដកម្ម ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​ការងារ​ដោយ​ស្របច្បាប់​កម្ពុជា​ទៅវិញ​នោះ។

លោក មឿន តុលា លើកឡើង​ថា បញ្ហា​នៅ​កម្ពុជា​ចំពោះ​កម្មករ​បាន​កើត​ឡើង​ដដែលៗ ប៉ុន្តែ​ដំណោះស្រាយ​នៅតែ​មិន​អាច​កើតមាន ខណៈ​ការ​បង្ក្រាប​ទៅ​លើ​កម្មករ​ដែល​ប្រើ​សិទ្ធិ​ដោយ​ស្រប​ច្បាប់​នៅតែ​ត្រូវ​បាន​លើក​ទឹកចិត្ត​ពី​សំណាក់​រដ្ឋាភិបាល​ជា​ហូរហែ​រហូត​មក។ ជាង​នេះ​ទៅ​ទៀត កម្មករ​ដែល​សម្ដែង​មតិ​ស្រប​ច្បាប់​ការងារ​របស់​កម្ពុជា​ខ្លះ​ទៀត បែរជា​ត្រូវ​ចោទ​ថា​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ទៅវិញ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ក្រសួង​ការងារ​មាន​នាយកដ្ឋាន​អធិការកិច្ច​ដើម្បី​ត្រួតពិនិត្យ​អំពី​ការ​អនុវត្ត​ច្បាប់​របស់​ក្រុមហ៊ុន​ទាំងអស់​នៅ​កម្ពុជា ហើយ​ប្រសិនបើ​រក​ឃើញ​ថា ក្រុមហ៊ុន​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់​ទេ ក្រសួង​ត្រូវតែ​ដាក់​ពិន័យ​លើ​ក្រុមហ៊ុន​នោះ​ដោយ​គ្មាន​ករណី​លើកលែង​ដាច់ខាត ប៉ុន្តែ​កន្លងមក ក្រុមហ៊ុន​មិន​ដែល​អនុវត្ត​ទៅ​តាម​ច្បាប់ និង​តួនាទី​របស់​ខ្លួន​នោះ​ឡើយ ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់​ថា ក្រសួង​ការងារ​ជួយ​ការពារ​ផលប្រយោជន៍​ឱ្យ​ក្រុមហ៊ុន​ជា​ថ្នូរ​នឹង​លាភសក្ការៈ​ដែល​ក្រសួង​តែងតែ​ទទួល​បាន​ពី​ក្រុមហ៊ុន​រហូត​មក​នោះ។

លក្ខខណ្ឌ​នៃ​ការ​អនុវត្ត​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ដែល​អនុវត្ត​សកម្មភាព​ស្រប​តាម​ច្បាប់​ទាក់ទង​នឹង​សិទ្ធិ​សមាគម ទោះ​ជា​ក្នុង​រយៈពេល​ខ្លី​ក៏ដោយ ក៏​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ការ​បំពាន​លើ​គោលការណ៍​សេរីភាព​សមាគម​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស