28 C
Phnom Penh

ហ្វាំងឡង់​និង​ស៊ុយអែត​នឹង​ក្លាយ​ជា​សមាជិក​ណាតូ​ដ៏​ឆាប់​បន្ទាប់ពី​តួកគី​ទម្លាក់​ចោល​គំនិត​រាំង​ខ្ទប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការ​អង្គការ​ណាតូ (NATO) លោក Jens Stoltenberg នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​មិថុនា នេះ រំពឹង​ថា ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់ នឹង​ទទួល​បាន​សច្ចាប័ន​យ៉ាង​ឆាប់​រហ័ស​ទៅ​លើ​ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក​អង្គការ NATO របស់​ពួកគេ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​មិថុនា។

លោក Stoltenberg បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃទី​ពីរ​នៃ​កិច្ចប្រជុំ​កំពូល​របស់​អង្គការ NATO ក្នុង​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ ថា ក្រុម​ណាតូ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល ដើម្បី​ទទួល​យក​ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់ ឱ្យ​ចូល​ជា​សមាជិក​របស់​ណាតូ បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​បាន​ដាក់​ពាក្យ​សុំ​ចូល NATO កាលពី​ពី​ពាក់កណ្តាល​ខែ​ឧសភា។

ប្រធាន NATO រូប​នេះ​បាន​បន្ថែម​ថា បន្ទាប់​ពី​នេះ គឺ​ត្រូវការ​ដំណើរការ​ផ្តល់​សច្ចាប័ន​ដោយ​ត្រូវការ​ពេលវេលា​ខ្លះ តែ​លោក​រំពឹង​ថា​នឹង​ដំណើរការ​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស ពីព្រោះ​សម្ពន្ធមិត្ត​ទាំងអស់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ព្យាយាម​ធ្វើ​ឱ្យ​ដំណើរការ​ផ្តល់​សច្ចាប័ន​នេះ​កើតឡើង​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត បាន​សម្រេច​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​អង្គការ NATO បន្ទាប់ពី​សង្គ្រាម​បាន​ផ្ទុះឡើង​រវាង​អ៊ុយក្រែន និង​រុស្ស៊ី ដែល​ជា​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។

សេចក្ដី​ថ្លែងការណ៍​របស់​លោក Stoltenberg កើតមាន​បន្ទាប់ពី​ប្រទេស​តួកគី ដែល​ជា​សមាជិក​មួយ​របស់ NATO បាន​សម្រេច​ចិត្ត​លុប​ចោល​សិទ្ធិ​វេតូ​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ គឺ​នៅ​មុន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​នឹង​មេដឹកនាំ​ណាតូ ៣០​ប្រទេស​ចូល​ប្រជុំ។ ការ​ដែល​តួកគី ទម្លាក់​ចោល​គំនិត​រាំង​ខ្ទប់​ដូចនេះ គឺជា​ការ​បើក​ផ្លូវ​ឱ្យ​ហ្វាំងឡង់ និង​ស៊ុយអែត ក្លាយ​ជា​សមាជិកភាព​នៃ​បក្ស​សម្ព័ន្ធ​យោធា​យ៉ាង​ឆាប់​បំផុត។

ប្រធានាធិបតី​ប្រទេស​តួកគី Recep Tayyip Erdogan បាន​ជួប​ខាង​ក្រៅ​ជំនួប​កំពូល​ណាតូ​ជាមួយ​សមភាគី​ហ្វាំងឡាំង Sauli Niinisto និង​នាយករដ្ឋមន្ត្រី​ស៊ុយអែត Magdalena Andersson។ ក្នុង​ជំនួប​នេះ មេដឹកនាំ​ប្រទេស​ទាំង​៣ បាន​យល់ព្រម​ការពារ​សន្តិសុខ​នឹង​គ្នា​ទៅវិញ​ទៅមក។

លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​សាទរ​ប្រទេស​ស៊ុយអែត និង​ហ្វាំងឡង់ ដែល​នឹង​ក្លាយ​ជា​សមាជិក​ណាតូ​ទី​៣១ និង​៣២ ដ៏​ឆាប់ៗ​នេះ។ លោក បៃដិន បាន​សរសើរ​ប្រធានាធិបតី​តួកគី ដែល​សម្រេច​ឲ្យ​មាន​គំនិត​រួបរួម​ជាមួយ​គ្នា។ លោក បៃដិន បាន​ហៅ​សមាជិក​ថ្មី​នេះ គឺ​ជា​ការ​ពង្រីក​កម្លាំង​រួម​គ្នា​ថែម​ទៀត​សម្រាប់​សន្តិសុខ​អឺរ៉ុប​ទាំងមូល។ សម្រាប់​អាមេរិក លោក បៃដិន សន្យា​បន្ថែម​សព្វាវុធ និង​កងទ័ព​ថែម​ទៀត​ទៅកាន់​ប្រទេស​ជា​សមាជិក​ណាតូ​នៅ​អឺរ៉ុប​ខាងកើត។

តែ​យ៉ាងណា ចំពោះ​ប្រទេស​អ៊ុយក្រែន ដែល​ចង់​ក្លាយ​ជា​សមាជិក​ណាតូ​ជាច្រើន​ឆ្នាំ​មក​នេះ បាន​បញ្ជាក់​តាមរយៈ​រដ្ឋមន្ត្រី​ការបរទេស Dmitry Kuleba ថា ប្រទេស​អ៊ុយក្រែន​មិន​បាន​បោះបង់​ចោល​ផែនការ​សុំ​ចូល​សមាជិក​ណាតូ​នៅឡើយ​ទេ។ តែ​លោក​ថា នៅ​ពេលនេះ អ៊ុយក្រែន​មិន​ទាន់​បាន​គិត​ពិចារណា​ឡើងវិញ​ចំពោះ​ផែនការ​ចូល​ជា​សមាជិក​របស់​អង្គការ​ណាតូ​នៅឡើយ​ទេ។

ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​បារាំង លោក Kuleba បាន​បង្ហាញ​ការ​មិន​យល់ស្រប​ចំពោះ​ការ​លើកឡើង​ដែល​ថា ទីក្រុង​គៀវ បោះបង់​ចោល​គម្រោង​ចូល​អង្គការ NATO។ លោក​បញ្ជាក់​ថា សំណួរ​នៃ​ការ​ចូល​ជា​សមាជិក​របស់​អង្គការ NATO ត្រូវ​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​រួច​ហើយ។ បន្ថែម​ពី​លើ​នេះ រចនាសម្ព័ន្ធ​របស់​បក្ស​សម្ព័ន្ធ​យោធា​មួយ​នេះ គឺជា​យន្តការ​សន្តិសុខ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​នៅ​អឺរ៉ុប។

យ៉ាងណា សម្រាប់​អ៊ុយក្រែន ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប នៅ​ប៉ុន្មាន​ខែ​ទៀត​នេះ ព្រោះ​មេដឹកនាំ​អឺរ៉ុប បាន​សម្រេច​ទទួលស្គាល់​បេក្ខភាព​របស់​អ៊ុយក្រែន ជា​សមាជិក​របស់​ខ្លួន​ទៅ​ហើយ។ ជាមួយ​គ្នា​នេះ លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​ណាតូ បាន​ជំរុញ​ឲ្យ​ក្រុម​មេដឹកនាំ​របស់​សម្ពន្ធមិត្ត​ណាតូ ត្រូវ​រក្សា​ការ​គាំទ្រ​ដល់​ប្រទេស​អ៊ុយក្រែន ក្នុង​គ្រា​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការ​វាយ​លុក​ដ៏​ឃោរឃៅ​ពី​រុស្ស៊ី។

លោក Stoltenberg បាន​ថ្លែង​មុន​កិច្ចប្រជុំ​នេះ​ថា គឺ​សំខាន់​ណាស់​ដែល​ត្រូវ​ត្រៀម​ខ្លួន​បន្ត​ផ្តល់​ការ​គាំទ្រ ព្រោះ​ឥឡូវ​នេះ អ៊ុយក្រែន​កំពុង​ប្រឈម​នឹង​អំពើ​សាហាវ​ព្រៃផ្សៃ​ដែល​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​នៅ​ទ្វីប​អឺរ៉ុប ចាប់តាំងពី​សង្គ្រាម​លោក​លើក​ទី​២ មក។

លោក Stoltenberg បាន​បញ្ជាក់​ថា បក្ស​សម្ព័ន្ធ​យោធា​មួយ​នេះ នឹង​បង្កើន​ចំនួន​កងទ័ព​ដែល​ត្រូវ​ដាក់​ឱ្យ​ប្រុង​ជើងការ​ខ្ពស់​ដល់ ៣០​ម៉ឺន​នាក់ ខណៈ​កំពុង​ត្រៀម​អនុម័ត​យុទ្ធសាស្ត្រ​ថ្មី​មួយ​ដែល​ចាត់ទុក​រុស្ស៊ី​បាន​កំពុង​គំរាមកំហែង​ដោយ​ផ្ទាល់។

បើ​តាម​លោក Stoltenberg បច្ចុប្បន្ន​នេះ កងទ័ព​ណាតូ​មាន ៤​ម៉ឺន​នាក់​ដែល​បាន​ដាក់​ពង្រាយ​នៅ​លើ​ដែនដី​នៃ​ប្រទេស​សមាជិក​ណាតូ​ដែល​មាន​ជាប់​ព្រំដែន​រុស្សី និង​អ៊ុយក្រែន។

យ៉ាងណា គេ​រំពឹង​ថា​កងទ័ព​ណាតូ​បន្ថែម​ដល់​ទៅ ៣០​ម៉ឺន​នាក់​នេះ នឹង​អាច​ទៅ​ដាក់​ពង្រាយ​នៅ​ប្រទេស​លីទុយអានី ប៉ូឡូញ អេស្តូនី ឡាតវី ម៉ុលហ្គារី រូម៉ានី សាធារណរដ្ឋ​ឆេក ស្លូវើនៀ ហើយ​អាច​នឹង​ដាក់​ពង្រាយ​នៅ​លើ​ទឹកដី​ហ្វាំងឡង់ និង​ស៊ុយអែត នៅ​ពេល​ប្រទេស​ពីរ​នេះ​ក្លាយ​ជា​សមាជិក​ណាតូ​ជា​ផ្លូវការ​នៅ​ពេល​ខាងមុខ​នេះ។

ប្រទេស​ទាំងអស់​នេះ​សុទ្ធតែ​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី​ផង និង​អ៊ុយក្រែន​ផង។ សម្រាប់​ហ្វាំងឡាំង មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី​ដល់​ទៅ ១៣០០​គីឡូម៉ែត្រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស