31 C
Phnom Penh

ក្រសួង​អប់រំ​ឯកភាព​ឱ្យ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​អប់រំ ឯកភាព​ឱ្យ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម ឬ​ថ្នាក់​មូលដ្ឋាន​ភាសា​វៀតណាម ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ​និស្សិត​អាហារូបករណ៍​ទៅវិញ​ទៅមក​រវាង​ប្រទេស​ទាំង​ពីរ។

រដ្ឋលេខាធិការ​ប្រចាំ​ការ​ដែល​តំណាង​ឱ្យ​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​លោក ពិត ចំណាន បាន​លើកឡើង​ក្នុង​ជំនួប​ដើម្បី​រឹត​ចំណង​មិត្តភាព​លើ​វិស័យ​អប់រំ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ងឿន វ៉ាន់ ហ្វុក កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​នេះ គឺជា​ការ​ជួយ​ឱ្យ​និស្សិត​របស់​កម្ពុជា​អាច​ចេះ​ភាសា​បរទេស​មួយ​បន្ថែម​ទៀត។

លោក ពិត ចំណាន អះអាង​ថា តាមរយៈ​នៃ​ការ​ដាក់​ចូល​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម ទៅ​ក្នុង​វិស័យ​អប់រំ​របស់​កម្ពុជា​នេះ ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ឱ្យ​ភាគី​វៀតណាម ជួយ​សម្រួល​ដល់​និស្សិត​អាហារូបករណ៍​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ ទទួលទាន និង​ការ​សិក្សា​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​នៅ​ប្រទេស​វៀតណាម ទៅ​ថ្ងៃ​មុខ។

រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ការ​ស្នើ​ចង់​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រសួង​អប់រំ​របស់​កម្ពុជា​មិន​មាន​ការ​ជំទាស់​នោះ​ទេ ដោយ​ហេតុ​ថា ភាសា​ទាំងអស់​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នេះ​គ្មាន​ការ​ប្រកាន់​គ្នា​នោះ​ឡើយ ហើយ​ក៏​ជា​វិធីសាស្ត្រ​ឱ្យ​សិស្សានុសិស្ស​អាច​បន្ត​ការ​រៀនសូត្រ​បាន​កាន់តែ​ទូលំទូលាយ​ថែម​ទៀត។

អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ងឿន វ៉ាន់ ហ្វុក បាន​ថ្លែង​អំណរគុណ​ដល់​ក្រសួង​អប់រំ​កម្ពុជា ជាពិសេស​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​បាន​ផ្តល់​ឱកាស​ឱ្យ​វៀតណាម បាន​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​មួយ​នៅ​កម្ពុជា។

លោក ងឿន វ៉ាន់ ហ្វុក បន្ថែម​ថា ភាគី​វៀតណាម​នឹង​ប្ដេជ្ញា​ចិត្ត​បន្ត​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​ជា​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អ​រវាង​វិស័យ​អប់រំ​នៃ​ប្រទេស​ទាំង​ពីរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ក៏​មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ព្រោងព្រាត​ផង​ដែរ​នូវ​រូបថត​មួយ​សន្លឹក ដែល​បាន​សរសេរ​ជា​អក្សរ​ខ្មែរ​ធំៗ​ថា សាលា​បឋម​សិក្សា​មិត្តភាព​ខ្មែរ-វៀតណាម ស្ថិត​ក្នុង​ភូមិ​ទី​៦ ឃុំ​ព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដែល​បាន​ដាក់​សញ្ញា​ទង់ជាតិ​កម្ពុជា និង​ទង់ជាតិ​វៀតណាម ផង​ដែរ។

ជុំវិញ​បញ្ជ្រាប​ភាសា​វៀតណាម​ចូល​ក្នុង​វិស័យ​អប់រំ​របស់​កម្ពុជា​នេះ ក៏​មាន​ការ​បង្រៀន​ភាសា​ខ្មែរ​ដល់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ផង​ដែរ។ ជាក់ស្តែង កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២០ អគ្គកុងស៊ុល​វៀតណាម លោក Vu Ngoc Ly អះអាង​ថា សមាគម​វៀតណាម​នៅ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បើក​វគ្គ​សិក្សា​បង្រៀន​អក្សរ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ហើយ​វគ្គ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​ព្រះសីហនុ កំពត កែប កោះកុង កំពង់ស្ពឺ ជាពិសេស​ខេត្ត​ដែល​នៅ​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​តែម្តង ដូចជា​ខេត្ត​តាកែវ ជាដើម។

អគ្គកុងស៊ុល​វៀតណាម​រូប​នេះ​បញ្ជាក់​ថា ការ​បើក​វគ្គ​សិក្សា​នេះ​មាន​គោលបំណង​ផ្តល់​ការ​គាំទ្រ​ចាំបាច់​ដល់​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​កម្ពុជា ឲ្យ​ពួកគេ​អាច​ទទួល​បាន​សញ្ជាតិ​កម្ពុជា​ពេញលេញ​ទៅ​ថ្ងៃ​មុខ ដែល​អាច​ចេះ​អាន និង​សរសេរ​អក្សរ​ខ្មែរ​ពេញលេញ។

វិទ្យាស្ថាន​ភាសា​បរទេស​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​បង្រៀន​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ មាន ៧​ដេប៉ាតឺម៉ង់ គឺ៖

  • ទី​១ ដេប៉ាតឺម៉ង់​ភាសា​អង់គ្លេស
  • ទី​២ ដេប៉ាតឺម៉ង់​ភាសា​បារាំង
  • ទី​៣ ដេប៉ាតឺម៉ង់​ភាសា​ជប៉ុន
  • ទី​៤ ដេប៉ាតឺម៉ង់​ភាសា​កូរ៉េ
  • ទី​៥ ដេប៉ាតឺម៉ង់​សិក្សា​អន្តរជាតិ
  • ទី​៦ ដេប៉ាតឺម៉ង់​ភាសា​ចិន
  • ទី​៧ ដេប៉ាតឺម៉ង់​ភាសា​ថៃ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស