លទ្ធផលបោះឆ្នោតប្រធានាធិបតីនៃប្រទេសកេនយ៉ា បានបង្ហាញថា បេក្ខជនលោក William Ruto ត្រូវបានប្រកាសថាជាអ្នកឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៩ ខែសីហា។ តែយ៉ាងហោចណាស់ លទ្ធផលបោះឆ្នោតបាននាំឱ្យមានភាពចម្រូងចម្រាសកើតឡើងផងដែរនៅក្នុងប្រទេសដ៏ក្រីក្រនៅក្នុងទ្វីបអាហ្វ្រិកមួយនេះ។
តាមលទ្ធផលនៃការបោះឆ្នោតនេះ គឺលោក William Ruto ទទួលបានសំឡេងសន្លឹកឆ្នោតជាង ៥០% ប៉ុណ្ណោះ ខណៈបេក្ខជនចាញ់ឆ្នោត គឺអតីតនាយករដ្ឋមន្ត្រី Raila Odinga ទទួលបានសំឡេងជាង ៤៨%។
ការបោះឆ្នោតដំណាក់កាលថ្មីនេះមានការវាយតម្លៃថា បានប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌ភាគច្រើន ដែលអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិអាចទទួលយកបាន ប៉ុន្តែអ្នកសង្កេតការណ៍មួយចំនួនទៀតមើលឃើញថា នៅមានភាពចម្រូងចម្រាសមួយចំនួនកើតឡើង ប៉ុន្តែពួកគេថាបើប្រៀបធៀបការបោះឆ្នោតអាណត្តិមុនៗ គឺការបោះឆ្នោតអាណត្តិថ្មីនេះមានតម្លាភាព និងភាពត្រឹមត្រូវភាគច្រើនបំផុត។
ប្រទេសកេនយ៉ា ធ្លាប់ឆ្លងកាត់ការបោះឆ្នោតដោយហិង្សា ៤អាណត្តិមកហើយ ដែលបណ្ដាលឱ្យអ្នកគាំទ្រនយោបាយស្លាប់ និងរងរបួសជាច្រើននាក់ដោយសារការប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
នៅឆ្នាំ២០១៧ មេបក្សប្រឆាំង គឺលោក Raila Odinga ដែលកាលនោះលោកចាញ់ឆ្នោត គឺចាញ់ប្រធានាធិបតីអស់អាណត្តិ លោក Uhuru Kenyatta នាំឱ្យតុលាការកំពូលរំលាយលទ្ធផលបោះឆ្នោត។ ប៉ុន្តែប៉ុន្មានខែក្រោយមក តុលាការកំពូលបញ្ជាឱ្យរៀបចំការបោះឆ្នោតឡើងវិញនៅក្រោមការកែទម្រង់សមាសភាពរៀបចំការបោះឆ្នោត និងប្រព័ន្ធបោះឆ្នោត ដែលទីបំផុត ការបោះឆ្នោតនៅតែចាញ់លោក Uhuru Kenyatta។
ការបោះឆ្នោតសម្រាប់អាណត្តិថ្មីនេះ លោក Odinga មិនបានចេញមុខជំទាស់លទ្ធផលបោះឆ្នោតដាច់អហង្ការនោះទេ ដោយលោកគ្រាន់តែលើកឡើងថា មានភាពមិនប្រក្រតីនៅការិយាល័យបោះឆ្នោតមួយចំនួន។ តែយ៉ាងណា លោកមិនបានបង្ហាញភស្តុតាងទាំងនោះទេ។
អ្នកនាំពាក្យម្នាក់របស់លោក Odinga បានព្រមានថា នឹងប្ដឹងសំណុំរឿងនេះទៅតុលាការកំពូល ដោយចោទថាប្រធានស្ថាប័នបោះឆ្នោត លោក Wafula Chebukati ធ្វើសេចក្ដីសម្រេចអត្តនោម័តិ ព្រោះសមាជិក ៤រូបទៀតក្នុងចំណោម ៧រូប មិនបានចុះហត្ថលេខាឱ្យមានការប្រកាសលទ្ធផលបោះឆ្នោតនៅថ្ងៃទី១៥ សីហា នោះទេ។
ជាថ្មីម្ដងទៀត ស្ថាប័នបោះឆ្នោតដែលក្រោមការកែទម្រង់ហើយនេះ ដោយទទួលបានការគាំទ្រច្រើនពីអ្នកបោះឆ្នោត បានសម្រេចប្រកាសលទ្ធផលបោះឆ្នោតដោយប្រកាសថា លោក William Ruto អាយុ ៥៥ឆ្នាំ បានឈ្នះឆ្នោតទៅលើគូប្រជែងរបស់គាត់ គឺលោក Odinga អាយុ ៧៧ឆ្នាំដែលជាបេក្ខជនគាំទ្រដោយប្រធានាធិបតីផុតអាណត្តិ លោក Uhuru Kenyatta។
លោក Odinga បានព្យាយាមយកអំណាចប្រធានាធិបតីចំនួន ៥លើកមកហើយ តែពុំមានឱកាសនោះទេ។ ឥឡូវនេះ ភាពឈ្នះចាញ់គ្នាតែបន្តិចបន្តួចប៉ុណ្ណោះ។ លោក William Ruto ជាបេក្ខជនឈ្នះឆ្នោតបានអំពាវនាវដល់គ្រប់គណបក្សនយោបាយទាំងអស់ ទាំងលោក Odinga ឱ្យទទួលយកការសន្យារបស់លោក គឺលោកសច្ចាថា លោកគឺជាប្រធានាធិបតីរបស់ប្រជាជនទាំងអស់ មិនមែនជាប្រធានាធិបតីរបស់បក្សនោះទេ។
លោកសន្យាកែទម្រង់ការដឹកនាំប្រទេស។ លោកសន្យាកែទម្រង់ប្រព័ន្ធស្ថាប័នរដ្ឋទាំងអស់ ដើម្បីធ្វើឱ្យមានតុល្យភាពនៃអំណាចរវាងស្ថាប័ននីតិប្រតិបត្តិ ស្ថាប័ននីតិប្បញ្ញត្តិ និងតុលាការ។ លោកសន្យាផ្ដល់យុត្តិធម៌សម្រាប់អ្នកទន់ខ្សោយនៅក្នុងសង្គមកេនយ៉ា។
ការថ្លែងរបស់ប្រធានាធិបតីជាប់ឆ្នោតនេះ បាននាំឱ្យអ្នកគាំទ្រលោករាប់ម៉ឺននាក់បង្ហាញការសប្បាយរីករាយអបអរសាទរ ដោយជឿថា អតីតអនុប្រធានាធិបតីដែលធ្លាប់ឆ្លងកាត់អំពើគាបសង្កត់ និងអយុត្តិធម៌រូបនេះ នឹងផ្ដល់យុត្តិធម៌សម្រាប់អ្នកទន់ខ្សោយ។
តែយ៉ាងណា ចំពោះអ្នកគាំទ្រលោក Odinga វិញ បើទោះជាសម្ដែងការខកចិត្តនឹងលទ្ធផលបោះឆ្នោតក៏ដោយ ក៏ស្ថិតនៅក្នុងជំហរមិនទាន់គាំទ្រការសន្យារបស់លោក William Ruto នៅឡើយទេ។ សម្រាប់លោក Odinga នៅមិនទាន់ចេញមុខជាសាធារណៈទទួលយកការសន្យារបស់លោក William Ruto នៅឡើយ។
បណ្ដាញផ្សាយព័ត៌មាន BBC បានចុះផ្សាយថា បេក្ខជនឈ្នះឆ្នោតលោក William Ruto បានសម្រេចទូរស័ព្ទទៅកាន់លោក Odinga ដោយសន្យាថា លោកដឹកនាំប្រទេសកេនយ៉ា ដើម្បីប្រជាជនទាំងអស់គ្នា ដើម្បីយុត្តិធម៌ទាំងអស់គ្នា ហើយលោកធានាថា លោកនឹងធ្វើឱ្យមានការឯកភាពជាតិជាមួយនឹងការការពារសិទ្ធិសេរីភាពនយោបាយរបស់គណបក្សប្រឆាំងទាំងអស់ឱ្យស្របនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេស។
អ្នកសង្កេតការណ៍មួយចំនួនបានហៅលទ្ធផលបោះឆ្នោតដែលក្នុងការបោះឆ្នោតទាំងប្រធានាធិបតី ទាំងសភាកាលពីថ្ងៃទី៩ ខែសីហា នោះ គឺមានភាពល្អប្រសើរត្រឹមត្រូវដែលគួរទុកចិត្តបាន បើធៀបនឹងការបោះឆ្នោតបួនអាណត្តិកន្លងមកនេះ។
សម្រាប់អ្នកសង្កេតការណ៍នៃសហភាពអាហ្វ្រិកមើលឃើញថា ការបោះឆ្នោតអាណត្តិថ្មីនេះនៅប្រទេសកេនយ៉ា សមល្មមទទួលយកបានសម្រាប់ប្រជាជនកេនយ៉ា ដែលមាន ៥៥លាននាក់ ប៉ុន្តែអ្នកវិភាគមើលឃើញថា មូលហេតុនាំឱ្យប្រជាជនកេនយ៉ាទម្លាក់សន្លឹកឆ្នោតឱ្យលោក William Ruto និងហេតុអ្វីបានជាប្រជាជនកេនយ៉ា មិនទម្លាក់សន្លឹកឆ្នោតលើសលប់ឱ្យលោក Odinga គឺអាចមកពីកត្តាមួយចំនួន គឺ៖
- ទីមួយ លោក William Ruto ធ្លាប់ជាអ្នករងគ្រោះដោយសារអំពើអយុត្តិធម៌នៃសង្គមកេនយ៉ា។
- ទីពីរ លោកប្រើគោលនយោបាយឃោសនាយ៉ាងខ្លាំងអំពីការប្រឆាំងអំពើពុករលួយ និងអំពើអយុត្តិធម៌ក្នុងសង្គម។
- ទីបី ទោះបីជាលោកជាអនុប្រធានាធិបតីរបស់លោក Uhuru Kenyatta ក៏ដោយ ក៏លោកជាអនុប្រធានាធិបតីដែលហ៊ានចេញមុខជំទាស់ជាច្រើនចំពោះគោលនយោបាយរបស់ប្រធានាធិបតី Uhuru Kenyatta។
ចំណែកប្រជាជនដែលមិនទម្លាក់សន្លឹកឆ្នោតឲ្យលោក Odinga គឺទី១ បេក្ខជនរូបនេះមានអាយុចាស់ណាស់ទៅហើយ គឺ ៧៧ឆ្នាំ បើធៀបនឹងលោក William Ruto មានអាយុ ៥៥ឆ្នាំ។
លោក Odinga ធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីច្រើនអាណត្តិមកនៅក្រោមលោក Uhuru Kenyatta។ លោក Uhuru Kenyatta បើទោះបីជាប្រធានាធិបតីផុតអាណត្តិក៏ដោយ ក៏ចេញមុខជួយឃោសនារកសំឡេងឆ្នោតឱ្យលោក Odinga ផងដែរ។
យ៉ាងណា លោក William Ruto បានអំពាវនាវឱ្យប្រជាជនកេនយ៉ាស្ងប់ស្ងាត់ និងនាំគ្នាជួយពង្រឹងយុត្តិធម៌សង្គមជាមួយការដឹកនាំរបស់លោក៕