28 C
Phnom Penh

ក្រសួង​ការងារ​ឱ្យ​កម្មករ​ក្រុមហ៊ុន​ឃែនធើរេន​ទៅ​បើក​ប្រាក់ឈ្នួល​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ចេញ​បទបញ្ជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការងារ​កម្ពុជា បាន​ជូនដំណឹង​ឱ្យ​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (CANTERAN APPAREL Cambodia Co., Ltd.) ទៅ​បើក​ថវិកា​បុរេប្រទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២២ នេះ​ជា​កំហិត​នៅ​ទីស្ដីការ​ក្រសួង​ការងារ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២២ នេះ​ស្ដីពី​ការ​បើក​ប្រាក់ឈ្នួល និង​អត្ថប្រយោជន៍​ដល់​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន ឃែនធើរេន ដោយ​តម្រូវ​ឱ្យ​កម្មករ​និយោជិត​ត្រូវ​យក​មក​ជាមួយ​នូវ​ឯកសារ​មួយ​ចំនួន ដូចជា​ប័ណ្ណ​សម្គាល់​ខ្លួន​កម្មករ​និយោជិត​ច្បាប់​ដើម ឬ​កិច្ចសន្យា​ការងារ និង​សៀវភៅ​ការងារ​កម្មករ​និយោជិត ឬ​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លងដែន និង​ប័ណ្ណ​បើក​ប្រាក់ឈ្នួល​ប្រចាំ​ខែ​របស់​កម្មករ​និយោជិត​ម្នាក់ៗ​ផង​ដែរ ប្រសិនបើ​ពួកគេ​មាន។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រសួង​នឹង​រៀបចំ​ការ​ទូទាត់​បើក​ប្រាក់ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ជូន​កម្មករ​និយោជិត​ថែម​ទៀត ដូចជា​ប្រាក់ឈ្នួល​ខែ​ចុងក្រោយ​ដែល​មិនទាន់​បាន​បើក ប្រាក់​បំណាច់​ជួស​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដែល​នៅ​សល់ ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ និង​ប្រាក់​រំឭក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩ ផង​ដែរ។

ការ​បើក​ប្រាក់ឈ្នួល​ឱ្យ​កម្មករ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ទៅ​កាន់​ក្រសួង​ការងារ ដែល​តម្រូវ​ឱ្យ​បើក​ប្រាក់ឈ្នួល​ឱ្យ​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេមបូឌា) កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ដោះស្រាយ​បញ្ហា និង​បើក​ប្រាក់ឈ្នួល​ឱ្យ​កម្មករ​នៃ​ក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេមបូឌា) ដោយ​អនុញ្ញាត​ឲ្យ​ខ្ចី​ថវិកា​ពី​រដ្ឋាភិបាល​ដើម្បី​យក​ទៅ​បើក​ប្រាក់ឈ្នួល​ជូន​កម្មករ​សិន មុន​នឹង​ចាត់​វិធានការ​ទារ​ប្រាក់​សំណង​ពី​ថៅកែ​រោងចក្រ​នៅ​ពេល​ក្រោយ។

កាលពី​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២២ កម្មករ​ជាង ៣០០​នាក់​របស់​រោងចក្រ​កាត់ដេរ ឃែនធើរេន អឺភែរឹល (ខេមបូឌា) បាន​នាំគ្នា​តវ៉ា​បិទ​កំណាត់​ផ្លូវ​វេងស្រេង អស់​រយៈពេល​ជិត ១​ម៉ោង ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ទូទាត់​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​តាម​ច្បាប់ ក្រោយពី​ពួកគេ​ឃើញ​ថៅកែ​ដឹក​សម្ភារៈ​ផ្សេងៗ​ចេញពី​រោងចក្រ​ដោយ​មិន​ផ្ដល់​ដំណឹង​ដល់​កម្មករ។ ចាប់តាំងពី​ថ្ងៃ​នោះ​មក ពួកគេ​បាន​នាំគ្នា​បន្ត​ការ​ទាមទារ​រហូត​មក​ដល់​ខែ​សីហា ឆ្នាំ​២០២២ នេះ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ សីហា នេះ​ថា លោក​សូម​អបអរ​សាទរ​ចំពោះ​ការ​ផ្តល់​ដំណោះស្រាយ​ទៅ​កាន់​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន ឃែនធើរេន ប៉ុន្តែ​ក្រសួង​ត្រូវតែ​បើក​ប្រាក់ឈ្នួល​ឲ្យ​គ្រប់​ចំនួន​ដែល​ក្រុមហ៊ុន​បាន​ជំពាក់​កម្មករ​កន្លងមក។ ជាង​នេះ​ទៀត ក្រសួង​ក៏​ត្រូវ​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​នោះ​សង​លុយ​ត្រឡប់​មកវិញ​ឲ្យ​បាន​ផង​ដែរ ព្រោះ​ថា​ថវិកា​ដែល​ក្រសួង​យក​ទៅ​បើក​ឲ្យ​កម្មករ​និយោជិត​ជំនួស​ក្រុមហ៊ុន​នៅ​ពេលនេះ គឺជា​ថវិកា​ជាតិ​ដែល​ពលរដ្ឋ​បាន​បង់​ពន្ធ​ប៉ុណ្ណោះ។

លោក មឿន តុលា លើកឡើង​ថា នៅ​ពេល​ដែល​នាយករដ្ឋមន្ត្រី​បញ្ជា ទើប​រដ្ឋមន្ត្រី​របស់​ក្រសួង​ការងារ​អាច​រក​ដំណោះស្រាយ​ឃើញ ដូច្នេះ​ចំណុច​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រព័ន្ធ​រដ្ឋបាល​ការងារ​របស់​ក្រសួង គឺ​មិន​ដំណើរការ​នោះ​ទេ។ ជាក់ស្តែង អធិការកិច្ច​ការងារ​មាន​សិទ្ធិ​គ្រប់គ្រាន់​ដោយ​ស្រប​ច្បាប់​ក្នុង​ការ​ដោះស្រាយ​វិវាទ​រវាង​កម្មករ និង​និយោជិត ប៉ុន្តែ​ជាក់ស្តែង គឺ​ត្រូវ​នាយករដ្ឋមន្ត្រី​ចេញ​មុខ​ដោះស្រាយ​ដោយ​ផ្ទាល់​ទៅវិញ។

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិ​ការងារ​រូប​នេះ​បញ្ជាក់​ថា បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី​នេះ ក៏​រំលេច​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ដែរ​ថា អំណាច​នៃ​ការ​គ្រប់គ្រង​រដ្ឋ​នៅ​កម្ពុជា គឺ​ស្ថិត​នៅ​លើ​បុគ្គល​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​ផ្ទុយ​ស្រឡះ​ពី​ការ​បែងចែក​ព្រំដែន​អំណាច​ដែល​មាន​ចែង​ក្នុង​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​នៅ​ប្រទេស​កម្ពុជា ព្រោះ​ថា​មាត្រា​៣៤ នៃ​ច្បាប់​ស្ដីពី​ការងារ បាន​ចែង​យ៉ាង​ច្បាស់​ថា អធិការកិច្ច​ការងារ​ត្រូវ​មាន​បេសកកម្ម​ធានា​ដល់​ការ​អនុវត្ត​ច្បាប់​ការងារ និង​ត្រួតពិនិត្យ​ការ​អនុវត្ត​បទបញ្ញត្តិ​ដែល​ទាក់ទង​នឹង​លក្ខខណ្ឌ​ជីវភាព​នៃ​កម្មករ​និយោជិត​ទាំងអស់ ដែល​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

ក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (ខេមបូឌា) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំងថ្លឹង៣ សង្កាត់​ចោមចៅទី១ ខណ្ឌ​ពោធិ៍សែនជ័យ ដែល​មាន​កម្មករ​និយោជិត​ប្រមាណ ៤០០​នាក់ ត្រូវ​បាន​ថៅកែ​រត់​ចោល ដោយ​មិន​បើក​ប្រាក់ឈ្នួល​ឱ្យ ក្រោម​ហេតុផល​ថា​ដោយសារតែ​ក្រុមហ៊ុន​ក្ស័យ​ធន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស