33.3 C
Phnom Penh

ដើម​ខែ​កញ្ញា​នេះ សមត្ថកិច្ច​រំដោះ​បាន​ជនរងគ្រោះ​ចំនួន​២៣​នាក់​ពី​អំពើ​ជួញដូរ​មនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ អះអាង​ថា ក្នុង​រយៈពេល ៥​ថ្ងៃ​ដើម​ខែ​កញ្ញា ឆ្នាំ​២០២២ នេះ សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​រំដោះ​ជនរងគ្រោះ​ចំនួន ២៣​នាក់​ពី​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​នៅ​ថ្ងៃទី​៦ ខែ​កញ្ញា នេះ​ថា ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ក្រសួង​មហាផ្ទៃ​បាន​ទទួល​ពាក្យ​បណ្តឹង​សរុប​ចំនួន ១៧​ករណី​ពាក់ព័ន្ធ​នឹង​ការ​ស្នើ​ឲ្យ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពី​ការ​បង្ខាំង និង​ជួញដូរ​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

អ្នក​នាំពាក្យ​ដដែល​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​រំដោះ​ជនរងគ្រោះ​ចំនួន ២៣​នាក់​ពី​អំពើ​ជួញដូរ​មនុស្ស​ដែល​មាន​ជនជាតិ​ចិន​តៃវ៉ាន់​ចំនួន ១៥​នាក់ ជនជាតិ​វៀតណាម ៧​នាក់ រួម​ទាំង​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ផង​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ប្ដេជ្ញាចិត្ត​ប្រកប​ដោយ​ឆន្ទៈ​មោះមុត​ក្នុង​ការ​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ឆបោក ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បទល្មើស​គ្រឿងញៀន បទល្មើស​សម្អាត​ប្រាក់​ល្បែង​ស៊ីសង​អនឡាញ​ខុស​ច្បាប់ ព្រមទាំង​បន្ត​ផ្តល់​ការ​គាំពារ និង​ជួយ​សង្គ្រោះ​ទាំង​ពលរដ្ឋ​កម្ពុជា​ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​នៅ​ឯ​បរទេស និង​សង្គ្រោះ​ជនបរទេស​ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ។

ក្រសួង​ការបរទេស​អាមេរិក​កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​ទម្លាក់​កម្ពុជា វៀតណាម តំបន់​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ពី​បញ្ជី​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​ពីរ (Tier 2 Watch List) ទៅ​កម្រិត​៣ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។

យ៉ាងណាក៏ដោយ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ ធ្លាប់​បាន​បដិសេធ​ថា ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា ហើយ​មិន​ឃើញ​ត្រឡប់​ទៅ​មាតុភូមិ​វិញ មិន​ប្រាកដ​ថា​ជួប​ប្រទះ​អំពើ​ជួញដូរ​មនុស្ស​នោះ​ទេ ហើយ​បើ​ស្រាវជ្រាវ​មិនទាន់​ឃើញ ក៏​មិន​ប្រាកដ​ថា​ជា​ករណី​ជួញដូរ​មនុស្ស​កើតឡើង​នៅ​កម្ពុជា​នោះ​ដែរ។

ទោះជា​បែប​នេះ​ក្តី កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២២ សារព័ត៌មាន Taipei Times បាន​ចុះផ្សាយ​ថា នគរបាល​ក្រុង​តៃប៉ិ នៃ​កោះ​តៃវ៉ាន់ កាលពី​ពាក់កណ្តាល​ខែ​សីហា ឆ្នាំ​២០២២ នេះ បាន​សន្និដ្ឋាន​ថា មាន​ជនជាតិ​ចិន​តៃវ៉ាន់​ចន្លោះ​ពី ២​ពាន់​នាក់​ទៅ ៥​ពាន់​នាក់ ត្រូវ​បាន​រងគ្រោះ​ដោយសារ​អំពើ​ជួញដូរ​នៅ​កម្ពុជា ក្នុង​នោះ​ជនជាតិ​ចិន​តៃវ៉ាន់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​ឃុំឃាំង​នៅ​កម្ពុជា បាន​អះអាង​ថា ពួកគេ​បាន​រង​ការ​វាយ​ធ្វើ​បាប​តាម​មធ្យោបាយ​ផ្សេងៗ​ដោយ​អ្នក​ជួញដូរ​មនុស្ស​នៅ​ក្នុង​សណ្ឋាគារ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២២ កន្លងទៅ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​សម្ដែង​ការ​សោកស្តាយ​ក្រោយ​រក​ឃើញ​ថា​មាន​អំពើ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ដែល​មាន​ពលរដ្ឋ​បរទេស​មួយ​ចំនួន​ធំ​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន និង​បក្សពួក​នៅ​កម្ពុជា​ប្រើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ធ្វើការ​ឆបោក​ឱ្យ​ឆ្លងដែន​ដោយ​ខុស​ច្បាប់​ចូល​ទៅ​កម្ពុជា ក្រោម​ការ​សន្យា​ផ្តល់​ការងារ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ខែ​សីហា ឆ្នាំ​២០២២ កន្លងទៅ ក្រសួង​មហាផ្ទៃ​បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ថា គិត​ត្រឹម​ថ្ងៃទី​១ ខែ​មករា រហូត​ដល់​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២២ អាជ្ញាធរ​កម្ពុជា​បាន​រក​ឃើញ និង​ជួយ​សង្គ្រោះ​ជនបរទេស​ដែល​ប្រកាស​ថា​ជា​ជនរងគ្រោះ​ពី​អំពើ​ជួញដូរ​មនុស្ស​មាន​ចំនួន ៨៧​ករណី ដែល​មាន​ជនរងគ្រោះ​ចំនួន ៨៦៥​នាក់ ខណៈ​សំណុំរឿង​ដែល​បាន​បញ្ជូន​ទៅ​តុលាការ​មាន​ចំនួន ១៧​ករណី​ដែល​មាន​ជនសង្ស័យ​សរុប​ចំនួន ៦០​នាក់​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស