38 C
Phnom Penh

រូបិយប័ណ្ណ​ដុល្លារ​ចាកចេញ​ដោយ​លួច​លាក់​ពី​កម្ពុជា​ទៅ​គរ​ទៅ​កប់​នៅ​អូស្ត្រាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេចក្តី​រាយការណ៍​ជាច្រើន​កន្លងមក​អំពី​លុយ​ដុល្លារ​ហោះ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​លាក់​ខ្លួន​ពួន​កប់​ក្នុង​គំនរ​អចលនទ្រព្យ​ឯ​បរទេស។ ធនធាន​ទាំងអស់​នោះ ភោគវ័ន្ត ឬ​ម្ចាស់​ទ្រព្យ​ជា​សមាជិក​បក្ស​ប្រជាជន​កម្ពុជា មាន​តំណែង មុខងារ ឋានន្តរស័ក្តិ​ក្នុង​រាជរដ្ឋាភិបាល​ឯក​បក្ស ទាំង​ខាង​យោធា ទាំង​ខាង​ក្រសួង​ស៊ីវិល។

កាសែត​អូស្ត្រាលី The Australian ផ្សាយ​កាលពី​ថ្ងៃទី​២២ ខែ​សីហា កន្លងទៅ​ថា ក្នុង​រយៈកាល ១០​ឆ្នាំ​កន្លងមក​នេះ​មាន​ជនជាតិ​ពី​ប្រទេស​កម្ពុជា​យ៉ាង​តិច ៨០​នាក់ ទទួល​បាន​ទិដ្ឋាការ​ក្នុង​ក្របខ័ណ្ឌ​ទិដ្ឋាការ​មាស ឬ​ទិដ្ឋាការ​វិនិយោគិន​ពិសេស Golden Visa ឬ Significant Investor Visas តាមរយៈ​ការ​ដាក់​ទុន​ទិញ​អចលនទ្រព្យ​ក្នុង​ទឹកប្រាក់​ទុន​ម្នាក់ៗ ៥​លាន​ដុល្លារ​អូស្ត្រាលី ដើម្បី​បាន​សិទ្ធិ​រស់នៅ​ជា​អចិន្ត្រៃយ៍ ធ្វើ​ការងារ​ផង រៀន​ផង ធានា​បងប្អូន​ទៅ​រស់នៅ​ជាមួយ និង​អាច​សុំ​ចូល​សញ្ជាតិ​អូស្ត្រាលី។

តាម​ច្បាប់​អូស្ត្រាលី វិនិយោគិន​ម្នាក់​ដាក់​ទុន ៥​លាន​ដុល្លារ អាច​នាំ​សមាជិក​គ្រួសារ​ជា​មធ្យម​ចំនួន ៤​នាក់​ទៅ​រស់នៅ​ជាមួយ​នៅ​ប្រទេស​នោះ។

សមាជិក​សភា និង​សមាជិក​រដ្ឋាភិបាល​អូស្ត្រាលី ចាប់ផ្តើម​មាន​ក្តី​បារម្ភ​ក្រែង​សហគមន៍​អន្តរជាតិ​ចាត់ទុក​ប្រទេស​អូស្ត្រាលី ជា​ប្រទេស​លាង​លុយ និង​លាក់​លុយ​កខ្វក់​ពី​របរ​ឧក្រិដ្ឋកម្ម។ វិធី​ទាក់ទាញ​វិនិយោគទុន​បរទេស​ជា​របៀប​ផ្តល់​សិទ្ធិ​រស់នៅ ផ្តល់​សញ្ជាតិ​ដូច​នៅ​អូស្ត្រាលី ត្រូវ​បាន​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​លុប​ចោល​អស់​ហើយ ដើម្បី​បញ្ឈប់​ពួក​មន្ត្រី​ពុករលួយ​លួច​លុយ​ជាតិ​យក​ទៅ​តម្កល់​ទុក​ជា​គ្រួសារ​របស់​គេ​នា​កន្លែង​សុខសាន្ត ដែល​សល់​អូស្ត្រាលី​មួយ​ជា​បស្ចិម​ប្រទេស​ជឿនលឿន​បន្ត​ដើរ​តាម​វិធី​នេះ។

យោង​តាម​ប្រភព​កាសែត ពួក​មន្ត្រី​មាន​លុយ​ទិញ​អចលនទ្រព្យ​ក្នុង​ប្រទេស​អូស្ត្រាលី មាន​លោក អូន ព័ន្ធមុនីរតន៍ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ភរិយា អ៊ិម ប៉ូលីកា ទិញ​យក​អគារ​ផ្ទះល្វែង​ប្រណីត​នៅ​ក្រុង​ស៊ីដនី ឈ្មោះ One Central Park នា​ឆ្នាំ​២០១៤ តម្លៃ​ជាង ២​លាន​ដុល្លារ ហើយ​និង​អគារ​ផ្ទះល្វែង​ឈ្មោះ Waterfall Waterloo តម្លៃ ៣​លាន​ដុល្លារ នា​ឆ្នាំ​២០១៧។ នៅ​ក្នុង​បរិវេណ​តែ​មួយ​ដដែល ឧត្តមសេនីយ៍ទោ ឡាវ វ៉ាន់ កូនប្រុស​ឧកញ៉ា ឡាវ ម៉េងឃិន ពី​ប្រពន្ធ​មុន ធ្វើការ​ក្នុង​កង​អង្គរក្ស​នាយករដ្ឋមន្ត្រី និង​ភរិយា ជឹង សុគន្ធាវី កូនស្រី​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ ពី​ប្តី​មុន ទិញ​យក​អគារ​ផ្ទះល្វែង​មួយ​តម្លៃ​ជិត ៤​លាន​ដុល្លារ ថែម​ទៅ​នឹង​អគារ​ផ្ទះល្វែង​តម្លៃ ៤​លាន​ដុល្លារ​នៅ​ឆ្នេរ​ខាងត្បូង​ទីក្រុង​ម៉ែលប៊ន។

គួរ​កត់​សម្គាល់​ថា បក្ស​ប្រជាជន​កម្ពុជា​បាន​បែងចែក​ប្រទេស​អូស្ត្រាលី ជា ៧​តំបន់ ចាត់តាំង គ្រប់គ្រង​ដោយ​នាយទាហាន​សមាជិក​បក្ស ហើយ ឡាវ វ៉ាន់ ជា​មេបញ្ជាការ​តំបន់​២ ម៉ែលប៊ន។

ពួក​មន្ត្រី​ទុច្ចរិត​សម្លឹង​ឃើញ​ប្រទេស​អូស្ត្រាលី​ជា​ប្រទេស​គេ​យក​ធនធាន​ទៅ​លាក់​ទុក​បាន ខណៈ​សហគមន៍​អន្តរជាតិ​កំពុង​អនុវត្ត​ច្បាប់​រឹត​បន្តឹង បោស​សម្អាត​សកម្មភាព​លាង​លុយ​កខ្វក់ និង​ស្វែងរក​ប្រភព​រក​ក្រុម​ឧក្រិដ្ឋជន​ធ្វើ​ចរាចរណ៍​លុយ។

សភា​សហភាព​អឺរ៉ុប បាន​ទាមទារ​ឲ្យ​បិទ​កម្មវិធី​ដាក់​ទុន​យក​ទិដ្ឋាការ ព្រោះ​ថា​វា​អាច​ជួយ​ដល់​ពួក​ឧក្រិដ្ឋជន​ជ្រៀត​ចូល​ធ្វើ​សកម្មភាព​ក្នុង​ទ្វីប​អឺរ៉ុប។ នាយកដ្ឋាន​ត្រួតពិនិត្យ​ការ​លាង​លុយ​កខ្វក់​នៃ​ប្រទេស​អូស្ត្រាលី ព្រមាន​ថា អ្នក​ចេញ​មុខ​ខាង​នយោបាយ politically exposed person គឺ​មន្ត្រី​មាន​អំណាច​ក្នុង​រដ្ឋាភិបាល ជា​អ្នក​សម្រេច​កិច្ចការ​រដ្ឋ ហើយ​ក៏​ជា​អ្នក​ងាយ​ពុករលួយ​ស៊ីសំណូក​ដែរ។

គេ​មិនទាន់​ដឹង​ច្បាស់​ថា តើ​រដ្ឋាភិបាល​លោក Anthony Albanese នឹង​ពិចារណា​សើរើ​រឿង​ដាក់​ទុន​ទិញ​ទិដ្ឋាការ ឬ​វីហ្សា ហើយ​នឹង​ស៊ើបអង្កេត​រឿង​សកម្មភាព​មន្ត្រី​ខ្មែរ​ក្នុង​បក្ស​ប្រជាជន​កម្ពុជា ដូចជា​រឿង​លាង​លុយ​ដែរ ឬ​យ៉ាង​ណា​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស