សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ជិត ៥០០នាក់ ដែលមាន ៤សញ្ជាតិ ក្នុងនោះមានជនជាតិចិន និងវៀតណាម ១៤១នាក់ នឹងត្រូវបណ្ដេញចេញពីកម្ពុជា ខណៈជនបរទេស ២៧នាក់ទៀតពាក់ព័ន្ធនឹងប្រព្រឹត្តបទល្មើសបង្ខាំងធ្វើទារុណកម្ម និងជួញដូរមនុស្ស។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១៨ ខែកញ្ញា បានឱ្យដឹងថា ក្នុងយុទ្ធនាការចុះបង្ក្រាបបទល្មើសនៅទីតាំងចំនួន ៣អគារចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ បានឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៤៩៥នាក់ដែលមាន ៤សញ្ជាតិ។
សេចក្ដីប្រកាសដដែលបញ្ជាក់ថា សមត្ថកិច្ចឃាត់ខ្លួនជនបរទេសទាំង ៤៩៥នាក់នៅទីតាំងឈ្មោះ ស៊ឹង សានទីង (ហៅ ឆាងឆឹង) ចំនួន ៣អគារ (A,B,C) ស្ថិតនៅដីឡូត៍មួយកន្លែងនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងចំណោមជនបរទេសទាំង ៤៩៥នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួននោះ មានជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១៤១នាក់ ក្នុងនោះជនជាតិចិនចំនួន ១៣០នាក់ និងជនជាតិវៀតណាម ១១នាក់ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបណ្តេញចេញពីកម្ពុជា។
ចំណែកជនបរទេសចំនួន ២៦២នាក់ចូលមកធ្វើការងារក្នុងប្រទេសកម្ពុជាដោយគ្មានប័ណ្ណការងារ ហើយអាជ្ញាធរក៏បានផាកពិន័យតាមផ្លូវច្បាប់ចំនួន ៧៨៨៤០ដុល្លារ ហើយចំណែកជនបរទេសចំនួន ២៧នាក់ទៀតត្រូវបានគេរកឃើញថា ពួកគេប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់ បទល្មើសបង្ខាំង និងធ្វើទារុណកម្មមនុស្សដោយខុសច្បាប់ បទល្មើសកាន់កាប់ និងរក្សាទុកអាវុធខុសច្បាប់ បទល្មើសសញ្ចរកម្ម និងជួញដូរមនុស្ស។
ករណីនេះ រដ្ឋបាលខេត្តព្រះសីហនុបានដាក់ចេញនូវវិធានការមួយចំនួនផងដែរ ដូចជា៖
- សម្រេចធ្វើកិច្ចសន្យាអប់រំដល់ជនបរទេសដែលស្របច្បាប់ និងជនបរទេសដែលត្រូវបានផាកពិន័យរួចឱ្យចាកចេញពីទីតាំងទៅរកកន្លែងថ្មីតាមការស្ម័គ្រចិត្ត
- បិទអាជីវកម្មទាំងអស់ដែលនៅបរិវេណទីតាំងឈ្មោះ ស៊ឹង សានទីង (ហៅ ឆាងឆឹង)
- បិទអគារ A, B និង C ដើម្បីបន្តស៊ើបអង្កេតរហូតដល់កិច្ចស៊ើបអង្កេតត្រូវបានបញ្ចប់
- បន្តស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ការរក្សាអាវុធខុសច្បាប់
- និងស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ដែលជាមេខ្លោងក្នុងសំណុំរឿងនេះផងដែរ។
កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈក្រសួងយុត្តិធម៌ ក៏បានបង្កើតក្រុមការងារចំពោះកិច្ចប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ និងការសម្អាតប្រាក់ ជាដើម។
ក្រសួងយុត្តិធម៌ បញ្ជាក់ថា ក្រុមការងារថ្មីនេះមានតួនាទីត្រួតពិនិត្យជនបរទេសតាមបណ្ដាគោលដៅសង្ស័យ ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនល្មើស ជំរុញ និងពង្រីកការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និងការផ្ដន្ទាទោសអ្នកពាក់ព័ន្ធបទឧក្រិដ្ឋទាំងនោះ រួមទាំងបទល្មើសសម្អាតប្រាក់ផងដែរ។
វិធានការចុះបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចចម្រុះនាពេលនេះ បន្ទាប់ពីមានបញ្ជាពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្រោយពីសហរដ្ឋអាមេរិកបានទម្លាក់ចំណាត់ថ្នាក់កម្ពុជាទៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស និងសហភាពអឺរ៉ុបក៏បានដាក់កម្ពុជាក្នុងបញ្ជីប្រផេះនៃការលាងលុយ៕