27 C
Phnom Penh

ប្រធាន​រដ្ឋសភា​កម្ពុជា​ព្រមាន​ពលរដ្ឋ​ខ្មែរ​កុំ​ចង់​សាកល្បង​ជាមួយ​ភ្លើង​សង្គ្រាម​សាជាថ្មី​ម្តង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​ប្រធាន​រដ្ឋសភា​បច្ចុប្បន្ន លោក ហេង សំរិន ព្រមាន​ថា ពលរដ្ឋ​កម្ពុជា​កុំ​ចង់​សាកល្បង​ជាមួយ​ភ្លើង​សង្គ្រាម​ដែល​កម្ពុជា​ធ្លាប់​បាន​ហែល​ឆ្លង​កន្លងមក​ជា​ថ្មី​ទៀត​អី ពីព្រោះ​កម្ពុជា​រក​បាន​សន្តិភាព​ដោយ​លំបាក​ជាទីបំផុត។

លោក ហេង សំរិន បាន​អះអាង​នៅ​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​វត្ត​ជម្ពូ​សុវណ្ណ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ថា​កម្ពុជា​រក​បាន​សន្តិភាព​បាន​ដោយ​លំបាក​លំបិន​ជាទីបំផុត ក្រោម​ការ​តស៊ូ​ហែល​ឆ្លង​អស់​ពេល​ជាច្រើន​ឆ្នាំ​ក្រោម​របប​ខ្មៅ​ងងឹត ដែល​ធ្វើ​ឱ្យ​បាត់បង់​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​អស់​រាប់​លាន​នាក់ ដូច្នេះ​សូម​ពលរដ្ឋ​ខ្មែរ​កុំ​សាកល្បង​ជាមួយ​ភ្លើង​សង្គ្រាម​ចម្បាំង​រាំងជល់​សាជាថ្មី​ទៀត​ឱ្យ​សោះ។

អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ​អះអាង​ថា ពលរដ្ឋ​ខ្មែរ​ត្រូវតែ​ចងចាំ​ទាំងអស់​គ្នា​ពី​ផលវិបាក​ដែល​កើតឡើង​ដោយសារ​សង្គ្រាម ព្រោះ​ថា​សង្គ្រាម​មិន​ត្រឹមតែ​មិន​អាច​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​បាន​សុខ​នោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​ថែម​ទៀត។

លោក​បន្ត​ថា ក្នុង​នាម​ប្រទេស​មួយ​ដែល​ទទួល​បាន​សន្តិភាព​ពេញលេញ ត្រូវតែ​ចេះ​រួបរួម​គ្នា​ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព​ដែល​កំពុង​មាន​សព្វថ្ងៃ និង​ត្រូវ​បន្ត​ខិតខំ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​មាន​ការ​រីកចម្រើន​បន្ថែម​ទៀត​ផង​ដែរ។

ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​រស់នៅ​គ្រប់​ទីកន្លែង ហើយ​មាន​ឱកាស​មក​ជួបជុំ​គ្នា​ធ្វើ​បុណ្យ ធ្វើ​ទាន​បាន​ដូច​សព្វថ្ងៃ​នេះ គឺ​ដោយសារ​ប្រទេស​ជាតិ​គ្មាន​សង្គ្រាម គ្មាន​ចម្បាំង​រាំង​ជល់​ដូច​កាលពី​អតីតកាល។ បើ​ពុំ​ដូច្នោះ​ទេ គ្មាន​នរណា​ម្នាក់​មាន​ឱកាស​បាន​ជួបជុំ​ធ្វើ​បុណ្យ​ដូច​ពេលនេះ​ឡើយ។

កាលពី​ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០២២ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន នៅ​ខេត្ត​ត្បូងឃ្មុំ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា លោក​អាច​ធានា​បាន​ត្រឹមតែ​សន្តិភាព​ដែល​គ្មាន​សង្គ្រាម​ប៉ុណ្ណោះ ចំណែក​ការ​អនុវត្ត​សិទ្ធិ​នានា​របស់​ពលរដ្ឋ គឺជា​ការ​ទទួល​ខុសត្រូវ​ខ្លួនឯង​ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង។

ទោះជា​បែបនេះ​ក្តី ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ កញ្ញា នេះ​ថា កម្ពុជា​នឹង​មិន​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​ម្ដង​ទៀត​នោះ​ទេ ដូច្នេះ​មេដឹកនាំ​ខ្មែរ​ក៏​មិន​ចាំបាច់​ភ័យ​នឹង​ការ​ផ្ទុះ​សង្គ្រាម​ម្តង​ទៀត​ដែរ ព្រោះ​ថា​កម្ពុជា​ជា​ប្រទេស​កាន់​របប​លទ្ធិប្រជាធិបតេយ្យ​សេរី ប្រជែង​អំណាច​តាមរយៈ​នៃ​ការ​បោះឆ្នោត។

លោក សេក សុជាតិ អះអាង​ថា គ្រប់​គណបក្ស​នយោបាយ​នៅ​កម្ពុជា​ទាំងអស់​គ្មាន​អាវុធ​ក្នុង​ដៃ​នោះ​ទេ មាន​តែ​ធនធាន​មនុស្ស​មាន​បញ្ញា ប្រកួត​គ្នា​តាមរយៈ​គោលនយោបាយ និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ ហើយ​ភាគី​ដែល​មាន​អាវុធ គឺ​មាន​តែ​រដ្ឋាភិបាល​ដែល​មាន​តួនាទី​ការពារ​កម្ពុជា និង​សន្តិសុខ​ជូន​ជាតិ និង​ពលរដ្ឋ​ប៉ុណ្ណោះ។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ដើម្បី​ការពារ​ខ្លួន​ដោយ​ស្វ័យប្រវត្តិ​រួច​ហើយ ដូច្នេះ​កម្ពុជា និង​គ្រប់​ភាគី​ពាក់ព័ន្ធ ព្រមទាំង​អន្តរជាតិ​ដែល​ជា​សហ​ហត្ថលេខី​ទាំងអស់ នឹង​ការពារ​សន្តិភាព​នៅ​កម្ពុជា​មិន​បណ្ដោយ​ឲ្យ​ភាគី​ណា​មួយ​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​នេះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា កម្ពុជា​ដែល​ក្រោម​ពាក្យ​សន្តិភាព​របស់​រដ្ឋាភិបាល​ឯក​បក្ស​នៃ​មេដឹកនាំ​ខ្មែរ​ដែល​អម​ទៅ​ដោយ​ក្រុម​មន្ត្រី​បាតដៃ​ប្រឡាក់​ឈាម លោក ហ៊ុន សែន គឺ​ពោរពេញ​ទៅ​ដោយ​ការ​គំរាមកំហែង ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ភ័យខ្លាច​គ្រប់ៗ​គ្នា ក្នុង​នោះ​លោក ហ៊ុន សែន ក៏​ធ្លាប់​សារភាព​កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែរ​ថា លោក​មាន​ការ​សោកស្តាយ​ណាស់​ដែល​មិន​បាន​សម្លាប់​មេដឹកនាំ​ក្រុម​ប្រឆាំង​ដែល​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស