25 C
Phnom Penh

បទវិភាគ៖ តើ​អ្វី​ទៅ​ដែល​ហៅ​ថា​ជន​អត្តាធិបតី?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជន​អត្តាធិបតី (autocrats) គ្រប់​ទិសទី​មិន​គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ទេ ហើយ​ភាគច្រើន​ជា​ជន​មុខ​ក្រាស់ មិន​ចេះ​ខ្មាសអៀន​ដែរ ទោះ​ជា​មតិ​ជាតិ និង​អន្តរជាតិ​រិះគន់ ដៀលត្មះ​យ៉ាងណាក៏ដោយ។

ជាមួយ​គ្នា​នេះ គេ​ងាក​ទៅ​គំរាម បំភ័យ បង្ក្រាប​ពលរដ្ឋ​របស់​ខ្លួន បំផ្លាញ​ធនធាន​ជាតិ កើប​គរ​ភោគទ្រព្យ​ដើម្បី​ពង្រឹង​ពង្រីក​កម្លាំង​ជន្ទល់​គាំទ្រ​អំណាច​របស់​ខ្លួន។

សប្តាហ៍​នេះ បណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីត​សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ ហ្គាម (Guam) សហរដ្ឋ​អាមេរិក ពន្យល់​អំពី​ជន​អត្តាធិបតី​ដែល​មាន​អ្នក​ខ្លះ​មិន​ចង់​ឲ្យ​យើង​គិត ឲ្យ​យើង​និយាយ​រិះគន់​កែលំអ ហើយ​លោក ហាស់ សាន សូម​អាន​អត្ថបទ​នេះ​ជូន​ជ្រាប។

ខណៈ​របប​អត្តាធិបតេយ្យ​បាន​ដុះដាល​នៅ​ជុំវិញ​ពិភពលោក លទ្ធិប្រជាធិបតេយ្យ​ហាក់ដូចជា​ធ្លាក់​ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ។ អ្នក​ប្រជាធិបតេយ្យ​ព្រមាន​ថា នេះ​គឺជា​ស្ថានភាព​មួយ​ដែល​គំរាមកំហែង​ដល់​អត្ថិភាព​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​លោក។

លទ្ធិប្រជាធិបតេយ្យ​ជា​ទស្សនវិស័យ​សេរីនិយម​ឈរ​លើ​មូលដ្ឋាន​ពហុមតិ ដែល​ផ្អែកលើ​ការ​ពិភាក្សា និង​ការ​ជជែក​វែកញែក​ទូលំទូលាយ។ កត្តា​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ហាក់ដូចជា​រញ៉េរញ៉ៃ ជាពិសេស​នៅ​ពេល​ណា​ឥទ្ធិពល​អត្តទត្ថនិយម​ជ្រៀតជ្រែក​ចូល​ទៅ​ក្នុង​ការ​ពិភាក្សា និង​ជជែក​វែកញែក​រក​ដំណោះស្រាយ​ផ្សេងៗ។ ពុទ្ធ​លទ្ធិសាសនា​យេស៊ូ សាសនា​ឥស្លាម សុទ្ធតែ​បាន​បង្រៀន​មនុស្ស​ជាតិ​ឲ្យ​ប្រកាន់​គុណធម៌ ឲ្យ​គោរព​គ្នា​ទៅវិញ​ទៅមក និង​ឲ្យ​ប្រកាន់​ភាព​រាបសា​ដែល​ជា​មូលដ្ឋាន​នៃ​គុណធម៌​ទាំងអស់។

ខ្ញុំ​បាន​សរសេរ​ផ្សាយ​ជា​ញឹកញាប់​មក​ហើយ​ថា គំនិត​គិតគូរ​ហ្មត់ចត់​មិនមែន​ជា​ការ​ងាយស្រួល​ទេ។ ពលរដ្ឋ​ខ្មែរ​ដែល​អនុវត្តិ​ពុទ្ធ​លទ្ធិ​រមែង​យល់​នូវ​ពុទ្ធោវាទ​ថា លទ្ធផល​នានា​កើតមាន​ឡើង​ដោយសារ​មនុស្ស​យក​គំនិត​មក​គិតគូរ រួច​ធ្វើ​សកម្មភាព​ស្របតាម​ការ​គិត​នោះ — “គិត + កម្ម = ផល”។ គំនិត​គិតគូរ​ហ្មត់ចត់​តម្រូវ​ឲ្យ​មនុស្ស​ធ្វើ​សកម្មភាព​ខួរក្បាល​ដែល​មាន​ច្រើន​បែប មាន​ការ​សង្កេត ការ​សាកសួរ ការ​ស្រាវជ្រាវ ការ​ប្រៀបធៀប ការ​វាយតម្លៃ ការ​បកស្រាយ ការ​គណនា ការ​វិនិច្ឆ័យ។ល។និង។ល។

ខ្ញុំ​ក៏​បាន​ជូន​ក្របខ័ណ្ឌ “ពិពណ៌នា – វិភាគ – ព្យាករណ៍” ដែល​ខ្ញុំ​បាន​ច្នៃប្រឌិត​ជា​វិធីសាស្ត្រ​នៅ​ក្នុង​ការ​ប្រើ​ខួរក្បាល​ធ្វើ​សកម្មភាព ដើម្បី​គិតគូរ​ឲ្យ​បាន​មធ្យ័ត​ស្រប​នឹង​ក្របខ័ណ្ឌ​ព្រះពុទ្ធ “គិតកម្មផល”។ ប្រការ​តែ​មួយ​គត់​យើង​អាច​ធ្វើ​ដូច្នេះ​បាន គឺ​ត្រូវ​មាន​សេរីភាព​ពេញលេញ។

មិត្ត​អ្នក​អាន​ខ្លះ​ដែល​បាន​សុំ​ខ្ញុំ​កុំ​ឲ្យ​ខ្ញុំ “រិះគន់” របប​ក្រុង​ភ្នំពេញ និង​ជន​ក្តោប​អំណាច​ផ្ដាច់ការ ហាក់ដូចជា​មិនទាន់​យល់​ច្បាស់លាស់​នូវ​ពាក្យ​បរទេស​មួយ​ថា “គ្រីទីគ” (critique)។ ពាក្យ “គ្រីទីគ” (critique) នេះ គឺ​សំដៅ​ទៅ​លើ​វិធីសាស្ត្រ​វាយតម្លៃ​នៅ​ក្នុង​គំនិត​គិតគូរ​ហ្មត់ចត់​រក​ចម្លើយ​ថា តើ​យើង​សម្រេច​បាន​លទ្ធផល​ត្រឹម​ណា​ដែរ​នៅ​ក្នុង​គោលដៅ ឬ​គោលការណ៍​របស់​យើង? ជួប​ការ​បរាជ័យ​ត្រង់​ចំណុច​ណា​មួយ? តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ជា​ឧបសគ្គ? Critique គឺជា​វិធីសាស្ត្រ​រក​ផ្លូវ​បោះ​ជំហាន​ទៅ​មុខ​ទៀត ដើម្បី​សម្រេច​គោលបំណង​របស់​យើង។

ខណៈ​ព្រះពុទ្ធ​ផ្តល់​ជា​ក្របខ័ណ្ឌ “គិតកម្មផល” បរមគ្រូ ខុង ជឺ បង្រៀន​មនុស្ស​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ថា បើ​យើង​ឈោង​ចាប់​គោលដៅ​មិន​បាន​ទេ ចូរ​យើង​កុំ​កែប្រែ​គោលដៅ តែ​គួរ​គិតគូរ​ឡើងវិញ​អំពី​របៀប​ធ្វើ​ដំណើរ ឬ​ក៏​វិធីសាស្ត្រ​ឆ្ពោះ​ទៅ​កាន់​គោលដៅ​នោះ។ Critique មិនមែន​ជា​ការ​ហែកហួរ​គ្នា​ទេ។

អត្តាធិបតេយ្យ​មិនមែន​ជា​ទស្សនៈ​ដូច​លទ្ធិប្រជាធិបតេយ្យ​ទេ។ វា​ជា​យន្តការ​របស់​ជន​អត្តាធិបតី ឬ​របប​ឯក​បក្ស​នៅ​ក្នុង​ការ​ដណ្តើម​យក​អំណាច​មក​ក្តោប​ក្តាប់​ដើម្បី​ត្រួតត្រា។ អត្តាធិបតេយ្យ​ជា​យន្តការ​ប្រមូលផ្តុំ​អំណាច​ឲ្យ​នៅ​ក្នុង​កណ្ដាប់ដៃ​បុគ្គល​ផ្ដាច់ការ​ម្នាក់ ឬ​ឯក​បក្ស​ផ្ដាច់ការ​មួយ។ យន្តការ​នេះ​បាន​បង្កើត​ឡើង​ដោយ​លោក លេនីន នៅ​ប្រទេស​រុស្ស៊ី កាលពី​ឆ្នាំ​១៩១៧ នៅ​ក្នុង​បដិវត្តន៍ Bolshevik ដ៏​ឃោរឃៅ​នា​អំឡុង​ឆ្នាំ​១៩១៧-១៩២៣។ យន្តការ​នេះ​គ្មាន​លំហ​សេរីភាព​ទូលំទូលាយ​សម្រាប់​ការ​គិតគូរ ឬ​ពិភាក្សា​វែកញែក​ដូច​មាន​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​ឡើយ។

ខណៈ​លទ្ធិប្រជាធិបតេយ្យ​ស្វាគមន៍​គំនិត​ផ្សេងៗ​ឲ្យ​ដុះ​លូតលាស់​ដូច​បុប្ផា​ក្នុង​សួន ស្វាគមន៍​មនុស្ស​នានា​ឲ្យ​ចូល​ប្រកួត​ប្រជែង​ដោយ​មាន​សិទ្ធិ មាន​ឱកាស និង​មាន​ការ​ទទួលស្គាល់​ស្មើៗ​គ្នា ដើម្បី​បង្ហាញ​ស្នាដៃ និង​សមត្ថភាព​សម្ដែង​គុណវុឌ្ឍិ​បុគ្គល របប​អត្តាធិបតេយ្យ​ឥត​មាន​ទីកន្លែង​សម្រាប់​ផ្តល់​ឱកាស​ឲ្យ​មនុស្ស​បង្ហាញ​គុណវុឌ្ឍិ​ទេ។ បដិវត្តន៍ Bolshevik កម្ទេច​ចោល​របប​មុន​ដូចជា​របប​ខ្មែរក្រហម ប៉ុល ពត កម្ទេច​ចោល​របប​ចាស់​ក្នុង​ជំនាន់ ១៩៧៥-១៩៧៩ ដែរ។

ជន​អត្តាធិបតី ឬ​របប​ឯក​បក្ស ត្រូវការ​មនុស្ស​ក្នុង​សង្គម​ដែល​ចេះ​ត្រឹមតែ​ការ​លុត​ក្រាប និង​សម្ដែង​ភាព​ស្មោះត្រង់​ឥតខ្ចោះ​ចំពោះ​បុគ្គល​ដែល​កាន់​អំណាច។ របប​អត្តាធិបតេយ្យ​មាន​វរជន អ្នក​ចេះដឹង អ្នក​ក្របខ័ណ្ឌ​ដូច​របប​លទ្ធិប្រជាធិបតេយ្យ​ដែរ ខុស​គ្នា​ត្រង់​ថា ជន​អត្តាធិបតី ជន​ឯក​បក្ស​មិន​អនុញ្ញាត​ឲ្យ​គុណវុឌ្ឍិ និង​គំនិត​គិតគូរ​ហ្មត់ចត់​មាន​វត្តមាន​នៅ​ក្នុង​សង្គម​ទេ។ ខ្សែ​វីដេអូ​មួយ​ចំនួន​នៅ​ក្នុង​គេហទំព័រ “គំនិត​ខ្មែរ” បង្ហាញ​នូវ​រូបភាព​នៃ​ព្រះសង្ឃ​ខ្មែរ ពលរដ្ឋ​ខ្មែរ សកម្មជន​ខ្មែរ​ដែល​ត្រូវ​បាន​ទាសករ​អត្តាធិបតេយ្យ​វាយដំ​ច្រំ​ធាក់​គួរ​ឲ្យ​សង្វេគ។

ជន​អត្តាធិបតី និង​របប​ឯក​បក្ស​នៅ​ក្នុង​លោក មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​មាន​គំនិត​មិន​ដូច​គំនិត​ពួកគេ ឬ​ឲ្យ​សកម្មភាព​ដែល​មិន​ស្របតាម​គំនិត​គេ មាន​វត្តមាន​នៅ​ក្នុង​សង្គម​ឡើយ។ ពួកគេ​ត្រួតត្រា​សង្គម​ដោយ​ប្រើ​យន្តការ​កម្ចាត់​ចោល​ភាព​ស្មុគស្មាញ​ដែល​បង្កើត​ឡើង​ដោយ​សិទ្ធិ​ស្មើ​គ្នា ឱកាស​ស្មើ​គ្នា និង​ការ​ទទួលស្គាល់​ដូច​គ្នា និង​ប្រើ​យន្តការ​វាយដំ​ពត់​បត់បែន​សតិ​ពលរដ្ឋ​ឲ្យ​គោរព បម្រើ ការពារ ស្មោះត្រង់​ដោយ​ឥត​មន្ទិល និង​ឲ្យ​ទទួល​យក​នូវ​អ្វី​ដែល​សាមញ្ញ​ជាទីបំផុត៖ បើ​របប​បញ្ជា​ឲ្យ​លោត ពលរដ្ឋ​ត្រូវ​សួរ​តប​ថា តើ​បញ្ជា​ឲ្យ​លោត​កម្ពស់​ណា? យន្តការ​អត្តាធិបតេយ្យ គឺ​កែប្រែ​សភាវៈ​មនុស្ស​នៅ​ក្នុង​សង្គម​ឲ្យ​ទៅ​ជា​មនុស្ស​យន្ត (robot)។

អ្វី​ដែល​គួរ​ឲ្យ​សង្វេគ​នោះ គឺ​ថា​មនុស្ស​ដែល​របប​ផ្ដាច់ការ​បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​ទម្លាប់​មួយ​ថ្ងៃ​ហើយ​មួយ​ថ្ងៃ​ទៀត ឲ្យ​ទៅ​ជា​មនុស្ស​យន្ត នៅ​ទីបំផុត​ក៏​នឿយណាយ​ចិត្ត​គំនិត។ តើ​ខំប្រឹង​យក​ខួរក្បាល​ដែល​ម្នាក់ៗ​មាន ១​គីឡូក្រាម​មក​ប្រើ “គិត + កម្ម = ផល” តាម​ព្រះពុទ្ធ​បង្រៀន​មាន​ប្រយោជន៍​អ្វី? របប​អត្តាធិបតី​ក្រុង​ភ្នំពេញ បាន​បង្កើត​សង្គម​ខ្មែរ​មួយ​ដែល​ពលរដ្ឋ​មិន​បាច់​គិតគូរ​ដល់​បញ្ហា​ដែល​ស្មុគស្មាញ ព្រោះ​ពួកគេ​បាន​កែប្រែ​អ្វីៗ​ឲ្យ​នៅ​ជា​សាមញ្ញ​បំផុត​រួច​មក​ហើយ៖ មាន​ផ្ទះ​ហើយ មាន​ឡាន​ជិះ​ហើយ ទៅ​រអ៊ូរទាំ​ធ្វើ​អ្វី​ទៀត បើ​រកស៊ី​មាន​បាន​ហើយ​ក៏​ទុក​ទៅ ស៊ី​ទៅ

ទៅ​ចាំបាច់​គិត​អំពល់​ទុក្ខ​ធ្វើ​អ្វី បង្ហាញ​សមត្ថភាព​ធ្វើ​អ្វី បើ​លុតក្រាប​សម្ដែង​ការ​ស្មោះត្រង់​អស់​ពី​ចិត្ត​ទៅ នឹង​បាន​ចូល​ទទួល​ការ​អប់រំ​វិជ្ជា​ជាន់ខ្ពស់ ឬ​ចូល​ធ្វើការ​ជា​ក្របខ័ណ្ឌ​រដ្ឋ​ដោយ​ស្រួល​នោះ។ មនុស្ស​ដែល​មាន​សមត្ថភាព មាន​ការ​ចេះដឹង ដែល​អាច​ជំរុញ​សង្គម​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ និង​វឌ្ឍនភាព​បាន ត្រូវ​របប​អត្តាធិបតេយ្យ​បញ្ឈរ​ជើង​ចោល។ ពួកគេ​មិន​ត្រូវការ​ទុក​វរជន អ្នក​ចេះដឹង និង​ក្របខ័ណ្ឌ​មាន​ថ្វីដៃ និង​មាន​សមត្ថភាព​នៃ​របប​ចាស់​ទេ ដូចជា លេនីន និង ប៉ុល ពត គេ​ត្រូវការ​វរជន​ថ្មី អ្នក​ចេះដឹង​ថ្មី និង​ក្របខ័ណ្ឌ​ថ្មី​ដែល​ពូកែ​ផ្នែក​លះបង់ ដើម្បី​បម្រើ​របប​ថ្មី​របស់​ពួកគេ​ជា​ខ្ញុំកញ្ជះ​ដាច់​ថ្លៃ។

បើ​យើង​យល់​ថា​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ជា​ប្រទេស​ប្រតិបត្តិ “រដ្ឋធម្មនុញ្ញ” ដែល​អនុម័ត​ដោយ​សភា​ធម្មនុញ្ញ​នា​ខែ​កញ្ញា ឆ្នាំ​១៩៩៣ មែន​នោះ យើង​អាច​សន្មត​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែ​រូបភាព​ជាក់ស្តែង គឺ​មិន​ដូច្នោះ​ឡើយ។ អ្វីៗ​ត្រូវ​ជន​អត្តាធិបតី​ជាន់​ឈ្លី​ខ្ទេចខ្ទី​អស់។

មាត្រា​៣១ នៃ “រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា” ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រជាជាតិ​ខ្មែរ​ចែង “ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅ​នឹង​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ។”

មាត្រា​៣១ ចែង​ទៀត​ថា “ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ មាន​សិទ្ធិ​សេរីភាព និង​ករណីយកិច្ច​ដូច​គ្នា​ទាំងអស់ ដោយ​ឥត​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ​សាសនា និន្នាការ​នយោបាយ ដើមកំណើត​ជាតិ ឋានៈ​សង្គម ធនធាន ឬ​ស្ថានភាព​ឯទៀត​ឡើយ។”

តើ​មាន​អ្វី​ទៀត​ប្រសើរ​ជាង​បញ្ញត្តិ​ចែង​នៅ​ក្នុង​មាត្រា​៣១ ដែល​ខ្មែរ​នៅ​ក្នុង​ប្រទេស និង​នៅ​ក្រៅ​ប្រទេស​ចង់​បាន​នោះ?

ជា​អកុសល ជន​អត្តាធិបតី​ក្រុង​ភ្នំពេញ​បាន​បំពាន​លើ​គោលការណ៍​ដែល​អន្តរជាតិ​ខំប្រឹង​រៀបចំ ដើម្បី​អនុវត្ត​នៅ​ប្រទេស​កម្ពុជា​តាំងតែ​ពី​មុន​ពេល​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស​បាន​ចូល​ជាធរមាន​នៅ​ឆ្នាំ​១៩៩១ ម្ល៉េះ។ នៅ​ទី​បញ្ចប់ នៅ​ក្នុង​ខែ​កក្កដា ដល់​ខែ​កញ្ញា ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បាន​បញ្ជា​យោធា​ប្រដាប់​អាវុធ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដេញ​ចាប់​ព្រះអង្គម្ចាស់ រណឫទ្ធិ នាយករដ្ឋមន្ត្រី​ឈ្នះ​សន្លឹកឆ្នោត​នៅ​ប្រទេស​កម្ពុជា​ឲ្យ​រត់​ចោល​ស្រុក។ តាំងពី​ពេល​នោះ​មក លោក ហ៊ុន សែន បាន​នៅ​ក្តោប​អំណាច​រដ្ឋ​ជា​ជន​អត្តាធិបតី​ពេញលេញ។

បើ​ជន​អត្តាធិបតី​ត្រួតត្រា​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នៅ​មិន​ព្រម​ប្រតិបត្តិ​តាម “រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា” ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រជាជាតិ​ខ្មែរ​ទេ យើង​មិន​អាច​ហៅ​មេដឹកនាំ​ផ្ដាច់ការ​ក្រុង​ភ្នំពេញ​ថា​ជា​អ្វី​ក្រៅពី​អ្នក​បំផ្លាញ​ជាតិ​ឡើយ៕

អំពី​អ្នកនិពន្ធ៖

បណ្ឌិត ហ្គាហ្វា ពាងម៉េត ជា​អតីត​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ Johns Hopkins នៅ Baltimore នៅ​ឆ្នាំ​១៩៩០ និង​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​នៅ​កោះ Guam ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០០៤។

លោក​បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០០៤។ បច្ចុប្បន្ន​នេះ លោក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ លោក​អ្នក​អាច​ចូល​មើល​គេហទំព័រ “គំនិត​ខ្មែរ” តាម​អាសយដ្ឋាន www.kumnitkhmer.com ហើយ​អាច​ទាក់ទង​នឹង​លោក​បាន​តាមរយៈ​សារ​អេឡិចត្រូនិក [email protected]

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស