ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក្នុងក្រុងហ្សឺណែវ អះអាងថា រដ្ឋាភិបាលកម្ពុជាប្ដេជ្ញាចិត្តឥតងាករេក្នុងការលើកកម្ពស់សេរីភាពបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាឱ្យកាន់តែទូលំទូលាយបន្តទៀត។
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាក្នុងទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មានកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីចូលរួមកិច្ចសន្ទនាអន្តរជាតិជាមួយអ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ថា ប្រព័ន្ធផ្សព្វផ្សាយរិះគន់រដ្ឋាភិបាលមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងមានភាពរស់រវើកដោយការធ្វើប្រតិបត្តិការលើការងាររបស់ពួកគេ ដែលមានរហូតដល់ទៅជាង ២ពាន់អង្គភាពក្នុងពេលបច្ចុប្បន្ននេះ ដោយគ្មានការត្រួតពិនិត្យពីសំណាក់រដ្ឋាភិបាលជាមុននោះទេនាពេលកន្លងមក។
ប្រភពដដែលលើកឡើងថា ពលរដ្ឋខ្មែរអាចទទួលបានប្រភពព័ត៌មានចម្រុះ ហើយការផ្តល់ព័ត៌មានដោយសេរីក៏មានសន្ទុះកាន់តែខ្លាំងឡើងៗផងដែរ ដោយសារតែកម្ពុជាបានធ្វើឱ្យតម្លៃអ៊ីនធឺណិតស្ថិតក្នុងកម្រិតទាប ក្នុងគោលបំណងជួយឱ្យពលរដ្ឋអាចមានលទ្ធភាពប្រើប្រាស់ទូរស័ព្ទកាន់តែច្រើន ដើម្បីទទួលបាននូវការផ្សព្វផ្សាយនានាឱ្យកាន់តែទូលំទូលាយក្នុងពេលបច្ចុប្បន្ននេះ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ តុលា នេះថា របាយការណ៍ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា មិនមែនជាការលើកឡើងឆ្លុះបញ្ចាំងពីការពិតនៃការបញ្ចេញមតិនៅកម្ពុជានោះទេ គ្រាន់តែជារបាយការណ៍បិទបាំងការពិតដែលរដ្ឋាភិបាលកំពុងអនុវត្តនូវការរាំងខ្ទប់សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋប៉ុណ្ណោះ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ទោះជារដ្ឋាភិបាលព្យាយាមបិទបាំងនូវអំពើទុច្ចរិតរបស់ខ្លួនដែលកំពុងធ្វើទុក្ខបុកម្នេញលើពលរដ្ឋ ដោយការប្រើអំពើហិង្សានានាដើម្បីបំបិទសេរីភាពរបស់ពលរដ្ឋយ៉ាងណាក៏ដោយ ក៏មិនអាចលាក់បាំងបានរហូតនោះដែរ ព្រោះថាសហគមន៍ជាតិ និងអន្តរជាតិសុទ្ធតែបានដឹងពីទង្វើនៃការរំលោភបំពានសិទ្ធិពលរដ្ឋយ៉ាងច្បាស់ពីសំណាក់រដ្ឋាភិបាលឯកបក្សសព្វថ្ងៃនេះ ជាពិសេសគឺការចាប់ខ្លួនសកម្មជនសង្គម សកម្មជននយោបាយដែលកំពុងត្រូវបានឃុំខ្លួនសព្វថ្ងៃនេះ ជាដើម។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា សេរីភាពបញ្ចេញមតិនានានៅកម្ពុជាត្រូវបានរាំងខ្ទប់ទាំងស្រុង ហើយសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនសង្គម ដូចជាកញ្ញា សេង ធារី យុវជន ថែល ធីលែន លោក អៀរ ចាន់ណា លោក សៀម ភ្លុក ជាដើម កំពុងត្រូវបានឃុំខ្លួនទាំងអយុត្តិធម៌នៅពេលនេះ ខណៈសកម្មជនសង្គមផ្សេងទៀតដូចជា លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលការពារបរិស្ថានកន្លងមក ក៏ត្រូវតុលាការដាក់ឱ្យស្ថិតក្នុងការស៊ើបអង្កេតក្នុងពេលបច្ចុប្បន្ននេះផងដែរ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាសម្រាប់ឆ្នាំ២០២២ ស្ថិតក្នុងលំដាប់លេខរៀងទី១៤២ ក្នុងចំណោមប្រទេស១៨០ ដែលជាចំណាត់ថ្នាក់មិនល្អដដែល ព្រោះថាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាត្រូវបានបំផ្លិចបំផ្លាញ និងបោសសម្អាតដោយរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ រហូតមក ដែលធ្វើឱ្យសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាបន្តធ្លាក់ចុះ ៤ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២១ កន្លងទៅ៕