26 C
Phnom Penh

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​បក្ស​ភ្លើង​ទៀន​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ឱ្យ​លោក សុន ឆ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អំពាវនាវ​ឱ្យ​ថ្នាក់​ដឹកនាំ និង​អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន ចេញ​មុខ​តវ៉ា​ជា​សាធារណៈ ដើម្បី​ទាមទារ​យុត្តិធម៌​ឱ្យ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទាមទារ​ឱ្យ​តុលាការ​កម្ពុជា សើរើ​សំណុំ​រឿង​ក្តី​ដ៏​អយុត្តិធម៌​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ នៅ​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២២ នេះ ដោយ​ថ្កោលទោស​សេចក្តី​សម្រេច​ក្តី​របស់​តុលាការ​ក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​បាន​ប្រើ​លេស​នយោបាយ​ទុច្ចរិត​ជា​ប្រព័ន្ធ ទម្លាក់​កំហុស​យ៉ាង​អយុត្តិធម៌​ទៅ​លើ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន គឺ​លោក សុន ឆ័យ នៅ​ពេលនេះ។

លោក ម៉ែន ណាត អះអាង​ថា តាម​ផ្លូវច្បាប់ លោក សុន ឆ័យ ត្រូវតែ​មាន​សិទ្ធិ​ពេញលេញ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដូច​ដែល​មាន​ចែង​ក្នុង​មាត្រា​៣៥ និង​មាត្រា​៤១ នៃ​កថាខណ្ឌ​ទី​១ ក្នុង​នាម​ជា​អ្នក​នយោបាយ​ដែល​មាន​ភារកិច្ច​អនុវត្ត​សិទ្ធិ​នយោបាយ​ប្រកួតប្រជែង​ស្មើ​មុខ​គ្នា​ជាមួយ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ផ្សេងៗ​ទៀត។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ អំពាវនាវ​ឱ្យ​តុលាការ​កម្ពុជា សើរើ​សំណុំ​រឿង​ក្តី​ដ៏​អយុត្តិធម៌​របស់​លោក សុន ឆ័យ ក្នុង​បំណង​បើក​សិទ្ធិ​សេរីភាព​នយោបាយ​ឲ្យ​រូបលោក​ពេញលេញ​ឡើងវិញ ស្រប​ទៅ​តាម​ច្បាប់​ជា​ធរមាន ខណៈ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ក៏​កាន់តែ​ខិត​ជិត​មក​ដល់​ទៅ​ហើយ​នោះ។

កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ប្រឆាំង​នឹង​លោក សុន ឆ័យ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ១​លាន​ដុល្លារ​អាមេរិក​ជុំវិញ​ការ​លើកឡើង​របស់​លោក សុន ឆ័យ ពី​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ដែល​បាន​ប្រៀបធៀប​នូវ​ការ​បោះឆ្នោត​នេះ​ទៅ​នឹង​ចោរ​លួច​ក្របី​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ កន្លង​ទៅ​នោះ។

បន្ថែម​ពី​លើ​បណ្តឹង​បក្ស​កាន់​អំណាច នៅ​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២២ លោក សុន ឆ័យ ក៏​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ប្ដឹង​ទៅ​តុលាការ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ដោយ​តម្រូវ​ឲ្យ​ធ្វើ​លិខិត​សុំទោស​ជា​សាធារណៈ​ចំពោះ​ការ​បកស្រាយ​របស់​លោក ដែល​លើកឡើង​ថា ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ ជា​ការ​បោះឆ្នោត​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ។

អំឡុង​ពេល​សវនាការ​កាលពី​ថ្ងៃទី​៧ ខែ​តុលា តំណាង​អយ្យការ​លោក ប្លង់ សុផល និង​មេធាវី​ការពារ​ក្ដី​ឲ្យ​ភាគី​រដ្ឋាភិបាល គឺ​លោក គី តិច បាន​សួរ​ដេញដោល​លោក សុន ឆ័យ ដោយ​យក​ឃ្លា​ដែល​លោក​បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​៧ ខែ​មិថុនា កន្លងទៅ។

ក្នុង​បន្ទប់​សវនាការ ទាំង​លោក ប្លង់ សុផល និង​លោក គី តិច ចោទប្រកាន់​លើ​លោក សុន ឆ័យ ដោយ​យក​ពាក្យ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Cambodia Daily ត្រង់​ចំណុច​ថា «វា​គ្រប់គ្រង​ដោយ​គណបក្ស​តែ​មួយ​ទាំងស្រុង​ពី​ថ្នាក់​លើ​ដល់​ក្រោម និង​លទ្ធផល​បោះឆ្នោត​មិន​បាន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពលរដ្ឋ ដោយ​មាន​ការ​បំភិតបំភ័យ គំរាមកំហែង ទិញ និង​លួច​បន្លំ ជាដើម»

ប៉ុន្តែ​លោក សុន ឆ័យ បាន​ឆ្លើយ​ទៅ​កាន់​ចៅក្រម​ថា អ្វី​ដែល​ផ្ដល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Cambodia Daily នោះ មិនមែន​ជា​ការ​ចោទប្រកាន់ ឬ​បរិហារ​កេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។

លោក​បញ្ជាក់​ថា ភាព​មិន​ប្រក្រតី​នេះ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ក៏​បាន​លើកឡើង​ដែរ ដោយ​មាន​ទាំង​ចេញ​សេចក្ដី​ថ្លែងការណ៍​ថែម​ទៀត​ផង។ មួយ​វិញ​ទៀត លោក​ថា​ភាព​មិន​ប្រក្រតី​រឿង​បោះឆ្នោត​នេះ រូបលោក​ក៏​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​សមាជិក​តាម​បណ្ដា​ខេត្ត​នានា​ដែរ។

ចំពោះ​ពាក្យ «វា​គ្រប់គ្រង​ដោយ​គណបក្ស​តែ​មួយ​ទាំងស្រុង​ពី​ថ្នាក់​លើ​ដល់​ក្រោម​នោះ» លោក សុន ឆ័យ បាន​បកស្រាយ​ថា បច្ចុប្បន្ន​នៅ​ក្នុង​សភា​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ ដែល​ការណ៍​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ស្មារតី​រដ្ឋធម្មនុញ្ញ ខណៈ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក៏​មាន​តែ​មួយ​បក្ស​ដែរ។ ដូច្នេះ អ្វី​ដែល​លោក​លើកឡើង​ជា​នោះ មិនមែន​ជា​ការ​បរិហារ​កេរ្តិ៍ ឬ​បន្លំ ឬ​បង្ខូច​ឡើយ ព្រោះ​រឿង​ទាំងនេះ​ជា​រឿង​ពិត ដោយ​មាន​របាយការណ៍​របស់​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដែល​បាន​ឃ្លាំមើល​ចំពោះ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នោះ​ថែម​ទៀត​ផង។

ទោះបីជា​លោក សុន ឆ័យ បាន​ព្យាយាម​បកស្រាយ​ក្នុង​បន្ទប់​សវនាការ​ដោយ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ មក​និយាយ​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហម ម៉េងសែ បាន​សម្រេច​ឱ្យ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ចាញ់​ក្តី​ទាំង​ពីរ​ករណី គឺ​ចាញ់​បណ្តឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ផង និង​ចាញ់​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

តុលាការ​បាន​បង្គាប់​ឲ្យ​លោក សុន ឆ័យ បង់​ប្រាក់​សង​ជំងឺចិត្ត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៣​ពាន់​លាន​រៀល ឬ​ស្មើ​នឹង​ប្រមាណ ៧៥​ម៉ឺន​ដុល្លារ​អាមេរិក និង​បង់​ថវិកា​ចូល​រដ្ឋ​ចំនួន ៨​លាន​រៀល​ថែម​ទៀត​កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ​នេះ។

លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សុន ឆ័យ បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ស្ដាប់​តុលាការ​ប្រកាស​សាលក្រម​ថា ការ​សម្រេច​របស់​តុលាការ​ជា​រឿង​អយុត្តិធម៌​សម្រាប់​កូនក្ដី​របស់​លោក។ លោក​ចាត់ទុក​សំណុំ​រឿង​នេះ​ថា​ជា​រឿង​នយោបាយ ហើយ​ការ​សម្រេច​របស់​តុលាការ​នា​ថ្ងៃ​នេះ ចង់​បំពេញ​សិទ្ធិ​មិន​ឲ្យ​លោក សុន ឆ័យ ធ្វើ​នយោបាយ​បន្ត​ទៀត៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស