ប្រធានព្រឹទ្ធសភានៃរាជាណាចក្រកម្ពុជា លោក សាយ ឈុំ ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ការទៅបំពេញទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សេចក្ដីប្រកាសព័ត៌មានពីព្រឹទ្ធសភាកម្ពុជា ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា។
ប្រភពដដែលថា ការទៅបំពេញទស្សនកិច្ចនេះ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងរវាងព្រឹទ្ធសភាប្រទេសទាំងពីរ ព្រមទាំងចូលរួមអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងវៀតណាម និងជាឆ្នាំមិត្តភាពកម្ពុជា-វៀតណាម។
បើតាមសេចក្ដីប្រកាសព័ត៌មាន ថា ក្នុងដំណើរទស្សនកិច្ចនេះ លោក សាយ ឈុំ នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងនោះមានអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀង ហ៊្វុចុង ហើយប្រធានរដ្ឋវៀតណាម លោក ង្វៀង ស៊ួនហ៊្វុក និងប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ។
ក្រៅពីជួបប្រធានព្រឹទ្ធសភា និងរដ្ឋសភាហើយ ប្រធានព្រឹទ្ធសភាកម្ពុជា លោក សាយ ឈុំ ក៏នឹងជួបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ ព្រមទាំងឥស្សរជនជាន់ខ្ពស់វៀតណាមមួយចំនួនទៀតផងដែរ។
មិនមែនតែប្រធានព្រឹទ្ធសភាកម្ពុជា លោក សាយ ឈុំ ដែលភាគីវៀតណាមហៅទៅបំពេញទស្សនកិច្ចនោះទេ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមដែរ ដោយថាដើម្បីពង្រឹងចំណងមិត្តភាពជាមួយវៀតណាម ខណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏ត្រូវបានភាគីវៀតណាមអញ្ជើញទៅទស្សនកិច្ចដែរ។
ក្នុងជំនួបទ្វេភាគីអំឡុងពេលទស្សនកិច្ចនោះ មេដឹកនាំវៀតណាម បានស្នើទៅអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ឲ្យជួយយកចិត្តទុកដាក់ពលរដ្ឋវៀតណាមបន្ថែមទៀត ក្រោយពីជម្លៀសជនជាតិវៀតណាមចេញពីផ្ទះបណ្ដែតទឹកនៅរាជធានីភ្នំពេញ កាលពីខែមិថុនា ឆ្នាំ២០២១។
ជារឿយៗ មេដឹកនាំវៀតណាម តែងតែស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន យកចិត្តទុកដាក់ និងផ្ដល់ភាពស្របច្បាប់ដល់ពលរដ្ឋខ្លួនដែលកំពុងរស់នៅកម្ពុជាដោយខុសច្បាប់ ខណៈអ្នកឃ្លាំមើលចាត់ទុកការទាមទារផ្ដល់ភាពស្របច្បាប់នេះ នឹងបង្កហានិភ័យដល់ប្រទេសជាតិ ដោយសារតែវៀតណាមមានព្រំដែនជាប់ខ្មែរ ហើយវៀតណាមក៏ធ្លាប់ឈ្លានពានទឹកដីខ្មែរតាំងពីសម័យដើមក្នុងប្រវត្តិសាស្ត្រ ហើយរហូតដល់បច្ចុប្បន្ន ក៏នៅតែចិញ្ចឹមចិត្តចង់បានទឹកដីប្រទេសកម្ពុជាដែរ៕