គណបក្សភ្លើងទៀនអំពាវនាវទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ ឲ្យបញ្ឈប់នូវរាល់សកម្មភាពគំរាមកំហែង និងបង្ខិតបង្ខំសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន ក្នុងការចេញញត្តិថ្កោលទោសលោក សម រង្ស៊ី បន្តទៀត។
បក្សមួយនេះចាត់ទុកការគំរាមកំហែង និងបង្ខិតបង្ខំទាំងឡាយ ផ្ទុយពីស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
បើតាមសារសំឡេងបានបែកធ្លាយដែលមានរយៈពេលជិត ១នាទី លោក ស្រេង សុខា អភិបាលស្រុកបាណន់ ខេត្តបាត់ដំបង បានបញ្ជាឲ្យមេឃុំទាំង ៨ នៅក្នុងស្រុកនេះ ចេញញត្តិថ្កោលទោសលោក សម រង្ស៊ី ដាក់ក្នុងផេកហ្វេសប៊ុកសាលាឃុំនីមួយៗចាប់ពីទទួលបានបទបញ្ជា។
សារសំឡេងដែលបែកធ្លាយនោះ បានប្រាប់ទៅសមាជិកក្រុមប្រឹក្សាឃុំ និងជំទប់ទីពីរឃុំដែលបានចូលរួមជាមួយបក្សប្រជាជនកម្ពុជា ឲ្យចេញញត្តិថ្កោលទោសលោក សម រង្ស៊ី ហើយសារភាពចុះចូលជាមួយបក្សកាន់អំណាច ប៉ុន្តែបើសិនជាគណបក្សភ្លើងទៀនត្រូវបានរំលាយមែន នោះសមាជិកសមាជិកាក្រុមប្រឹក្សាបក្សភ្លើងទៀននឹងបាត់ឱកាស។
សេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀនចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឲ្យដឹងថា ការគំរាមកំហែង និងការបង្ខិតបង្ខំសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់បក្សភ្លើងទៀននៅទូទាំងប្រទេសនាពេលនេះ វាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ។
គណបក្សភ្លើងទៀនអះអាងថា ក្នុងពេលថ្មីៗនេះ សមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សរបស់ខ្លួននៅទូទាំងប្រទេស បានរងនូវការគំរាមកំហែង និងការបង្ខិតបង្ខំពីសំណាក់អាជ្ញាធរមូលដ្ឋានឲ្យចូលរួមអនុម័ត និងចុះហត្ថលេខាលើញត្តិដែលរៀបចំដោយអាជ្ញាធរមានសមត្ថកិច្ច ដែលផ្ទុយពីឆន្ទៈរបស់ពួកគេ។
គណបក្សភ្លើងទៀនអំពាវនាវដល់អាជ្ញាធររាជធានី-ខេត្តក្រុង ឲ្យបញ្ឈប់នូវរាល់សកម្មភាពគំរាមកំហែង និងបង្ខិតបង្ខំសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សភ្លើងទៀនទូទាំងប្រទេស ដែលធ្វើអ្វីផ្ទុយពីឆន្ទៈរបស់ខ្លួន និងប្រាសចាកពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានាបន្តទៀត។
មួយវិញទៀត គណបក្សនេះក៏ស្នើសុំក្រសួងមហាផ្ទៃ ធ្វើសេចក្ដីណែនាំទៅអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឲ្យបញ្ឈប់សកម្មភាពគំរាមកំហែង និងបង្ខិតបង្ខំសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សភ្លើងទៀនតទៅទៀត ដើម្បីធានាបរិយាកាសល្អប្រសើរដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ការអំពាវនាវ និងស្នើសុំបែបនេះ គណបក្សភ្លើងទៀនសំអាងថា ខ្លួនបានបញ្ជាក់នូវជំហររបស់ខ្លួនរួចហើយពាក់ព័ន្ធនឹងការថ្កោលទោសបុគ្គលទាំងឡាយណាដែលមានចេតនាប្រមាថ ឬរំលោភបំពានដល់អង្គព្រះមហាក្សត្រ តាមរយៈសេចក្ដីថ្លែងការណ៍ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្នុងនោះលោក ហ៊ុន សែន ក៏បានអបអរសាទរ និងគាំទ្រចំពោះសេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀនដែរ។
យ៉ាងណា ក្រោយពីមានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃនេះ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សភ្លើងទៀននៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន បាននាំគ្នាប្រកាសមិនគាំទ្រញត្តិថ្កោលទោសលោក សម រង្ស៊ី ជាជនក្បត់ជាតិនោះទេ។
ក្រៅពីប្រកាសមិនគាំទ្រហើយ ពួកគេក៏បដិសេធមិនចូលរួមប្រជុំតាមការកោះហៅរបស់រដ្ឋបាលឃុំ-សង្កាត់ ដោយសំអាងថា ថ្នាក់ដឹកនាំបក្សភ្លើងទៀនបានចេញសេចក្ដីថ្លែងការណ៍រួចហើយ ថែមទាំងមានការអបអរសាទរពីបុរសខ្លាំងលោក ហ៊ុន សែន ផងដែរ។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ គណបក្សភ្លើងទៀនបានចេញសេចក្ដីថ្លែងការណ៍មួយបដិសេធទំនាក់ទំនងជាមួយលោក សម រង្ស៊ី និងថ្កោលទោសបុគ្គលទាំងឡាយណាដែលមានចេតនាប្រមាថ ឬរំលោភបំពានរដ្ឋធម្មនុញ្ញ អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៕