29 C
Phnom Penh

អាជ្ញាធរ​បិទ​ចរាចរណ៍​ផ្លូវគោក​៥​ខ្សែ​និង​ផ្លូវទឹក​ក្នុង​រាជធានី​ភ្នំពេញ​អំឡុង​ពេល​កិច្ចប្រជុំ​អាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង សម្រេច​បិទ​ចរាចរណ៍​ផ្លូវគោក​ក្នុង​ទីក្រុង​ភ្នំពេញ​ចំនួន ៥​ខ្សែ និង​ហាមឃាត់​ការ​ធ្វើ​ចរាចរណ៍​ផ្លូវទឹក​តាម​ដង​ទន្លេសាប ទន្លេមេគង្គ​លើ និង​ហាមឃាត់​ការ​បង្ហោះ​ខ្លែង និង​ឧបករណ៍​ថត​ដែល​បំពាក់​លើ​យន្តហោះ​បញ្ជា ឬ​ដ្រូន ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​អំឡុង​ពេល​កិច្ចប្រជុំ​អាស៊ាន​ដែល​ចាប់​ដំណើរការ​នៅ​ថ្ងៃទី​១០ វិច្ឆិកា នេះ។

លោក ឃួង ស្រេង បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​៤ វិច្ឆិកា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៩ វិច្ឆិកា នេះ​ថា ដើម្បី​ឱ្យ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១ ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បញ្ចៀស​នូវ​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​នៅ​តាម​បណ្តា​វិថី​សំខាន់ៗ​មួយ​ចំនួន ដើម្បី​ធានា​នូវ​ការ​រក្សា​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ។

លោក ឃួង ស្រេង បាន​សម្រេច​បិទ​មហាវិថី​សហព័ន្ធ​រុស្ស៊ី មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះមុនីវង្ស ផ្លូវជាតិ​លេខ​៦ ដែល​ចូល​ទៅ​កាន់​រាជធានី​ភ្នំពេញ និង​វិថី​ឧកញ៉ា​ឃ្លាំងមឿង ជាដើម ដោយឡែក​សាឡាង​ដឹក​ខ្សាច់​តាម​ដង​ទន្លេសាប និង​ទន្លេមេគង្គ​លើ ត្រូវ​ផ្អាក​ចរាចរ​ទាំងស្រុង ខណៈ​កំពង់ចម្លង​សុខា​មក​កាន់​រាជធានី​ភ្នំពេញ ក៏​ត្រូវ​ផ្អាក​ដំណើរការ​ទាំងស្រុង​ថែម​ទៀត។

ការ​សម្រេច​បិទ​ចរាចរណ៍​តាម​មហាវិថី​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ​នេះ ធ្វើឡើង​ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​រក្សា​សណ្ដាប់ធ្នាប់​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២២ នេះ។

កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​លើក​ទី​៤១ ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២ នេះ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​១០ រហូត​ដល់​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ ត្រើយ​ខាងកើត ដែល​ជា​ទីតាំង​សម្រាប់​ឱ្យ​មេដឹកនាំ​ពិភពលោក​ធំៗ​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ទីនោះ ដូចជា​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន នាយករដ្ឋមន្ត្រី​កាណាដា នាយករដ្ឋមន្ត្រី​ចិន និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ជាដើម។

នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ ជុំវិញ​ការ​រក្សា​សន្តិសុខ​អំឡុង​ពេល​កិច្ចប្រជុំ​អាស៊ាន​នេះ ត្រូវ​គេ​មើល​ឃើញ​កងកម្លាំង​សន្តិសុខ​ត្រូវ​បាន​ដាក់​ពង្រាយ​យ៉ាង​ច្រើន​ព័ទ្ធ​ជុំវិញ​សណ្ឋាគារ​សុខា ដើម្បី​ធានា​សុវត្ថិភាព​ជូន​មេដឹកនាំ​អាស៊ាន ដែល​ទៅ​ចូលរួម​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ ដូចជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​មេដឹកនាំ​ចិន ជាដើម ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល ៣​ថ្ងៃ​ខាងមុខ​នេះ។

ជុំវិញ​បញ្ហា​នេះ អាជ្ញាធរ​កម្ពុជា នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ បាន​សម្រេច​បិទ​ក្លឹប​រាត្រី​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ១៤​ទីតាំង​ជា​បណ្ដោះអាសន្ន​រយៈពេល ៦​ថ្ងៃ​ផង​ដែរ ចាប់ពី​ថ្ងៃ​ពុធ​នេះ​តទៅ ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ពេលនេះ។

ជុំវិញ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត បាន​អះអាង​ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ​កម្លាំង​អន្តរាគមន៍​ពិសេស កម្លាំង​ចរាចរណ៍ ដែល​បាន​ត្រៀម​ទុក​ចំនួន​ជាង ១​ម៉ឺន​នាក់​នៅ​ថ្ងៃ​នេះ​ថា កងកម្លាំង​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រង​ក្នុង​ការ​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ចំពោះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ពេលនេះ ដើម្បី​សម្រួល​ចរាចរណ៍​គ្រប់​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់។

ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ វិច្ឆិកា នេះ​ថា ការ​រៀបចំ​របស់​កម្ពុជា​ជុំវិញ​កិច្ចប្រជុំ​នេះ គឺជា​កាតព្វកិច្ច​ដែល​កម្ពុជា​ត្រូវ​តែ​ធ្វើ​ចំពោះ​ការ​ប្ដេជ្ញា​ធានា​នូវ​សុវត្ថិភាព​ជូន​មេដឹកនាំ​នានា​ដែល​មក​ចូលរួម​នៅ​ពេលនេះ ប៉ុន្តែ​គេ​ក៏​ទន្ទឹង​រង់ចាំ​មើល​ដែរ​ថា តើ​កម្ពុ​អាច​ទម្លាយ​ក្រម​ប្រតិបត្តិ​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង ឬ​ហៅ​កាត់​ថា COC ដែល​ជាប់​គាំង​ដោយសារ​កម្ពុជា​កាលពី ១០​ឆ្នាំ​មុន​ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន ដែរ​ឬ​ក៏​អត់​នោះ​ទេ ខណៈ​វិបត្តិ​ដែល​បង្ក​ឡើង​ដោយ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ នេះ មាន​ច្រើន​ស្អេកស្កះ​បន្ថែម​ទៀត​ទៅ​ហើយ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស