សេចក្ដីថ្លែងការណ៍មួយដែលគេមើលឃើញក្នុងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានបញ្ជាក់អំពីការយល់ព្រមដោយសំឡេងកុងសង់ស៊ីស ឯកភាពឱ្យទីម័រឡេស្តេ ចាប់ផ្ដើមក្លាយជាសមាជិកបណ្ដើរៗនៃសមាគមអាស៊ាន ទោះបីជាស្ថិតក្នុងភាពជារដ្ឋអង្កេតការណ៍ផ្លូវការក៏ដោយ។
យោងតាមសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ បានបង្ហាញបួនចំណុចអំពីការអនុញ្ញាតឲ្យទីម័រខាងកើតចូលជាសមាជិកអាស៊ានទី១១៖
- ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១។
- ផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្តេ ចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។
- បង្កើតជាផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹតសម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍នៃបេសកកម្មស្វែងរកការពិតទាំងបីសសរស្ដម្ភរបស់អាស៊ាន និងបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័តក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។
- ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅ ត្រូវផ្តល់ការគាំទ្រដោយពេញលេញចំពោះទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ទាំងនោះតាមរយៈការកសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀតសម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ។
ហេតុអ្វីបានជាមេដឹកនាំអាស៊ាននៅឆ្នាំនេះឯកភាពសំឡេងកុងសង់ស៊ីសទទួលយកទីម័រឡេស្តេ ជាសមាជិកអង្កេតការណ៍ផ្លូវការ ហើយអនាគតនឹងក្លាយជាសមាជិកអាស៊ានទី១១?
អាស៊ានកាលពីដើមឡើយមានប្រទេសតែ ៥ ប៉ុណ្ណោះដែលជាស្ថាបនិក ក្នុងនោះគឺប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី។ ប្រទេសប្រាំនេះបង្កើតបានសមាគមអាស៊ាននៅឆ្នាំ១៩៦៧។ ចំណែកប្រទេសប្រាំទៀត បានក្លាយជាសមាជិកនៃសមាគមនេះនៅឆ្នាំបន្តបន្ទាប់គ្នា។
ចំណែកប្រទេសទីម័រឡេស្តេ ជាដែនដីតូចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានប្រជាជនជាង ១លាន ២សែននាក់ និងមានផ្ទៃដីជាង ១ម៉ឺន ៥ពាន់គីឡូម៉ែត្រការ៉េ។ ប្រទេសដ៏តូចនេះធ្លាប់ស្ថិតក្រោមអាណានិគមព័រទុយហ្គាល់ជាច្រើនសតវត្ស។ ប្រទេសនេះក៏ត្រូវបានប្រទេសឥណ្ឌូនេស៊ី ព្យាយាមវាយដណ្តើមកាន់កាប់យកមកស្ថិតក្រោមទឹកដីរបស់ខ្លួនភ្លាមៗក្រោយពីព័រទុយហ្គាល់បញ្ចប់អាណានិគមនៅឆ្នាំ១៩៧៤។
ពេលនោះមក ទឹកដីទីម័រឡេស្តេ ក្លាយជាសមរភូមិដ៏ក្ដៅគគុកដែលឥណ្ឌូនេស៊ី បើកប្រតិបត្តិការសឹកវាយយកមកនៅចំណុះទឹកដីរបស់ខ្លួន។ ការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងជាតិសាសន៍ធំមួយ និងកុលសម្ព័ន្ធតូចមួយ បានប្រើពេលជាច្រើនទសវត្ស ហើយទីបំផុត ឥណ្ឌូនេស៊ីមិនអាចវាយយកទឹកដីទីម័រឡេស្តេបាន ក៏សម្រេចយល់ព្រមឱ្យទីម័រឡេស្តេ បោះឆ្នោតប្រជាមតិដើម្បីឱ្យក្លាយជាដែនដីមួយលែងស្ថិតក្នុងអធិបតេយ្យភាពដែលឥណ្ឌូនេស៊ីគូសវាសយកក្នុងផែនទីរបស់ខ្លួន។
ភាពមិនឈ្នះមិនចាញ់នៃសង្គ្រាមរាប់សតវត្ស បណ្ដាលឲ្យកងទ័ពទាំងពីរស្លាប់រាប់ពាន់នាក់ដូចគ្នា។ ដើម្បីស្វែងរកទំនុកចិត្ត និងស្វែងរកខ្នងបង្អែកទប់ទល់នឹងការដែលឥណ្ឌូនេស៊ី អាចលើកទ័ពឈ្លានពានម្ដងទៀត គឺមេដឹកនាំទីម័រឡេស្តេ បានទៅស្នើសុំប្រទេសអូស្ត្រាលី ឱ្យជួយរៀបចំកម្លាំងអង្គការសហប្រជាជាតិ មកបោះទីតាំងនៅលើទឹកដីទីម័រឡេស្តេ ដែលគេហៅថាកងរក្សាសន្តិភាពមួកខៀវ តែកងកម្លាំងសន្តិភាពមួកខៀវនេះភាគច្រើន គឺកងទ័ពអូស្ត្រាលី។
ទីបំផុត ទីម័រឡេស្តេ ក្លាយជាដែនដីមួយដែលមានរដ្ឋាភិបាល មានរចនាសម្ព័ន្ធស្ថាប័នជាតិពិតប្រាកដរបស់ខ្លួន គឺមានន័យថា មានប្រធានាធិបតីរបស់ខ្លួន ហើយប្រធានាធិបតីដែលជាប់ឆ្នោតដំបូងគេ គឺលោក ហ្សាណាណា កូស្មៅ។ លោកបានសម្រេចស្នើសុំទៅកាន់អង្គការសហប្រជាជាតិឱ្យទីម័រឡេស្តេ ក្លាយជាប្រទេសមួយនៅក្រោមឆត្រអង្គការពិភពលោកនេះ។
ទីបំផុត ទីម័រឡេស្តេ ក្លាយជាសមាជិកអង្គការសហប្រជាជាតិទី១៩១ នៅឆ្នាំ២០០២ ដោយមហាសន្និបាតសម្រេច។
ក្នុងអំឡុង ៥ឆ្នាំហើយដែលរដ្ឋាភិបាលទីម័រឡេស្តេ បានព្យាយាមក្លាយជាសមាជិកមួយរបស់សមាគមអាស៊ាន។ ទីបំផុត មេដឹកនាំអាស៊ាន ៩ប្រទេស សម្រេចជាឯកច្ឆន្ទទទួលយកទីម័រឡេស្តេជាសមាជិកអង្កេតការណ៍ផ្លូវការរបស់អាស៊ាន ហើយនឹងក្លាយជាសមាជិកទី១១ នៃសមាគមនេះនៅឆ្នាំក្រោយ។

ហេតុអ្វីឆ្នាំនេះមេដឹកនាំអាស៊ានសម្រេចឲ្យទីម័រឡេស្តេ ជាសមាជិករបស់ខ្លួន ដោយរំលងប្រទេសភូមា ហើយវាអាចផ្ទុយនឹងធម្មនុញ្ញអាស៊ានដែលថាការសម្រេចអ្វីមួយជាលក្ខខណ្ឌយុទ្ធសាស្ត្រ លុះត្រាតែមានការឯកភាពទាំង ១០ប្រទេស?
តើអាចទេជាការវាយប្រហារចំអកទៅលើរបបសឹកភូមា ដែលប្រទេសនេះប្រឈមមុខនឹងការព្យួរអាសនៈជាសមាជិកភាពនៃសមាគមអាស៊ាន?
ព្រឹត្តិការណ៍នេះអាចជាការវាយចំអក និងបំបាក់មុខរបបសឹកនៅភូមាបច្ចុប្បន្ននេះ ដែលប្រទេសមួយជាសមាជិកអាស៊ានកំពុងតែប្រឈមនឹងការព្យួរសមាជិកភាពរបស់ខ្លួន ព្រោះតែរបបដឹកនាំរបស់ប្រទេសនេះជារដ្ឋាភិបាលខុសច្បាប់ដែលកើតចេញពីរដ្ឋប្រហារ។
ពេលដែលភូមាធ្លាក់ក្នុងរបបសឹកជាថ្មីម្ដងទៀតកាលពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២១ ប្រទេសជាច្រើននៃសមាគមអាស៊ានបានទាមទារឱ្យព្យួរភូមាមួយអន្លើសិនពីសមាជិកភាព។ ប្រទេសដែលទាមទារខ្លាំងជាងគេនោះ គឺមានម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី។
ទោះជាយ៉ាងនេះក្ដី របបសឹកនៅភូមាបច្ចុប្បន្ននេះត្រូវបានមេដឹកនាំអាស៊ាន ៩ប្រទេសទៀតផាត់ចោល ឬក៏ដកបុព្វសិទ្ធិមិនឱ្យចូលរួមប្រជុំក្នុងសមាគមអាស៊ាននោះទេ ចាប់ពីកម្រិតនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាពិសេស គឺរដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំកំពូលៗមេដឹកនាំអាស៊ាន។
ចាប់ពីខែមេសា មក នាយករដ្ឋមន្ត្រីភូមា ដែលលើកបន្តុបខ្លួនឯង គឺឧត្តមសេនីយ៍ មីន អ៊ុងឡាំង មិនដែលត្រូវបានគេអញ្ជើញមកកាន់វេទិកាកិច្ចប្រជុំអាស៊ានម្ដងណានោះទេ ទោះមានការស្នើសុំពីប្រទេសចិនក៏ដោយនោះ នៅខណៈកិច្ចប្រជុំកំពូលអាស៊ាន-ចិន។
ឆ្លងតាមវិធានការដូចនេះ របបសឹកភូមាសម្ដែងកំហឹងជាខ្លាំងដោយចាត់ទុកថាអាស៊ានកំពុងតែរំលោភលើគោលការណ៍អាស៊ាន ១០ប្រទេស។
មិនថាឡើយសមាគមអាស៊ានទេដែលដកបុព្វសិទ្ធិរបស់របបសឹកភូមា គឺនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ក៏របបសឹកនេះព្យាយាមសុំសិទ្ធិចូលរួមប្រជុំ និងសុំសិទ្ធិទទួលបានអាសនៈពីរដ្ឋាភិបាលប្រជាធិបតេយ្យ តែមហាសន្និបាតមិនត្រឹមមិនប្រគល់អាសនៈឱ្យនោះទេ ថែមទាំងថ្កោលទោសរបបសឹកនេះទៀតផង។
ទីបំផុត របបសឹកនេះត្រូវគេព្យួរបុព្វសិទ្ធិជាផ្លូវការមិនឱ្យមានវត្តមានក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ានជារៀងរហូត លុះត្រាតែប្រទេសនេះមានរដ្ឋាភិបាលប្រជាធិបតេយ្យត្រឹមត្រូវមួយឡើងវិញ។
ចំពោះប្រទេសទីម័រឡេស្តេ បែរជាទទួលបានសិទ្ធិត្រៀមលក្ខណៈដើម្បីជាសមាជិកអាស៊ានទី១១ គឺប្រាកដណាស់ធ្វើឡើងត្រូវឱកាសដ៏ល្អឱ្យប្រទេសនេះត្រៀមក្លាយជារដ្ឋមួយនៃសមាគមអាស៊ាននាពេលខាងមុខនេះ។ កាលៈទេសៈនេះ គឺអំណោយផលជាខ្លាំងសម្រាប់ទីម័រឡេស្តេ មកនៅក្រោមឆត្ររបស់សមាគមអាស៊ាន។
ទីម័រឡេស្តេ ក្លាយជាសមាគមអាស៊ានទី១១ នៅពេលដែលភូមាត្រូវបានព្យួរបុព្វសិទ្ធិមិនឱ្យចូលរួមប្រជុំអាស៊ាន ហើយបែរជាជំនួសដោយរដ្ឋាភិបាលទីម័រឡេស្តេ គឺវាមិនខុសអ្វីដែលមេដឹកនាំអាស៊ានចាប់ដៃគ្នាវាយបំបាក់មុខមាត់របបសឹកភូមា នៅចំពោះមុខវេទិកាអន្តរជាតិ និងវេទិកាតំបន់៕