33 C
Phnom Penh

ព្រះអង្គម្ចាស់ ធម្មិកោ សម្រេច​មិន​ទាន់​ចូល​ឆាក​នយោបាយ ទោះបី​បម្រាម​បាន​ផុត​រលត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​មួយ​អង្គ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​សម្រេច​ព្រះទ័យ​ចូល​ឆាក​នយោបាយ​ឡើងវិញ​នៅឡើយ​ទេ បើ​ទោះបីជា​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​របស់​តុលាការ​កំពូល បាន​ផុត​រលត់​ទៅ​ហើយ​ក៏ដោយ ដោយសារ​ទ្រង់​នៅ​រង់ចាំ​ការ​ផ្តល់​យុត្តិធម៌​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

ព្រះអង្គម្ចាស់ ធម្មិកោ មាន​បន្ទូល​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ថា ទ្រង់​នៅ​តែ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​ទ្រង់​យល់​ថា​ទោះ​ថ្នាក់​ដឹកនាំ​ទាំង ១១៧​នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សិទ្ធិ​នយោបាយ​ឡើងវិញ តែ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មិន​ប្រែប្រួល​ទេ។

ព្រះអង្គ​លើក​ឡើង​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ក្រោម​ការ​ចោទប្រកាន់​ពី​ការ​ពាក់ព័ន្ធ​នឹង​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​អំពើ​ក្បត់​ជាតិ ហើយ​មក​ដល់​ពេលនេះ ការ​ចោទប្រកាន់​នេះ​នៅតែ​មាន​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។ ព្រះអង្គ​មាន​បន្ទូល​ថា ព្រះអង្គ​នៅតែ​រង់ចាំ​ការ​ផ្តល់​យុត្តិធម៌​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​សិន។

ព្រះអង្គម្ចាស់​បន្ត​ថា ការ​ផ្តល់​យុត្តិធម៌​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ពាក់កណ្តាល​នគរ​ដែល​បាន​បោះឆ្នោត​ឲ្យ​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ។ ព្រះអង្គ​លើកឡើង​ថា ជា​អ្នក​ប្រជាធិបតេយ្យ ហើយ​ការ​ទាមទារ​ឲ្យ​មាន​ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ ត្រូវ​ស្ថិត​លើ​ឆន្ទៈ​ពិតប្រាកដ និង​ត្រូវការ​ពេលវេលា​យូរ មិនមែន​ត្រូវការ​ពេល​តែ ១​ខែ ឬ ១​ឆ្នាំ​នោះ​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​ការ​ចោទប្រកាន់​ថា មេដឹកនាំ​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​ប្រឆាំង​នេះ​ជាប់​សង្ស័យ​ថា​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដោយ​មាន​អាមេរិក​នៅ​ពីក្រោយ។ បន្ថែម​ពី​នេះ ថ្នាក់​ដឹកនាំ ១១៨​នាក់​នៃ​អតីត​គណបក្ស​ប្រឆាំង​មួយ​នេះ ត្រូវ​បាន​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ។

គិត​មក​ដល់​ថ្ងៃទី​១៦ ខែ​វិច្ឆិកា នេះ មាន​រយៈពេល ៥​ឆ្នាំ​គត់​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក៏​ដល់​ពេល​ដែល​ការ​ហាមឃាត់​របស់​តុលាការ​កំពូល​ក្នុង​ការ​មិន​ឲ្យ​ថ្នាក់​ដឹកនាំ​ជាង ១០០​នាក់​នៃ​អតីត​គណបក្ស​នេះ​ធ្វើ​នយោបាយ ត្រូវ​ផុត​កំណត់​ដែរ។ ពួកគេ​អាច​ចូល​ធ្វើ​នយោបាយ​ឡើងវិញ​ដោយ​សេរី លើកលែងតែ​អ្នក​ដែល​កំពុង​ជាប់​ក្តី​ក្ដាំ​នៅ​តុលាការ​ប៉ុណ្ណោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស