38.1 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​និង​ថៃ​ចោទ​នាយ​ប៉ុស្តិ៍​ជា​ក្មួយ​លោក ស ខេង ថា​ជំរិត​ទារ​ប្រាក់​ជា​ថ្នូរ​បោះត្រា​ឱ្យ​ឆ្លងដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ខ្មែរ​និង​ថៃ ដែល​ឆ្លងកាត់​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​ទៅ​ធ្វើ​ការ​ចិញ្ចឹម​ជីវិត ចោទ​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត លោក អ៊ី ចំរើន ដែល​ត្រូវ​ជា​ក្មួយប្រុស​បង្កើត​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថា​បង្ខំ​ឲ្យ​ពួកគេ​បង់​ប្រាក់​ក្រៅ​ផ្លូវការ​ចន្លោះ​ពី ១០០​បាត​ទៅ​ជាង ២០០​បាត ជា​ថ្នូរ​នៃ​ការ​បោះត្រា​លើ​ឯកសារ​ចេញ​ចូល​ព្រំដែន​ស្រប​ច្បាប់។

ក្រុម​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដែល​ចេញ​ចូល​ធ្វើ​ការងារ​ក្នុង​ទឹកដី​ថៃ ឆ្លងកាត់​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា សកម្មភាព​របស់​លោក អ៊ី ចំរើន បាន​ប្រើ​បក្ខពួក និង​កូនចៅ​ក្រោម​បង្គាប់​ឲ្យ​បង្ខំ​ជំរិត​យក​លុយ​ពី​កម្មករ​ជនជាតិ​ថៃ និង​ពលរដ្ឋ​ខ្មែរ ថា​ប្រើ​តួនាទី​ខុស​ច្បាប់ និង​បង្កើត​ឲ្យ​មាន​អំពើពុករលួយ នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កម្លាំង​នគរបាល​ជាតិ និង​ជាពិសេស ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ធ្ងន់ធ្ងរ។

ក្រុម​កម្មករ​ខ្មែរ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឈាន​ដល់​ប្រើ​កណ្ដាប់ដៃ​ដែក​ចាត់​វិធានការ​ទៅ​លើ​សមត្ថកិច្ច​មួយ​ចំនួន​ប្រចាំ​ការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដែល​ដឹកនាំ​ដោយ​លោក អ៊ី ចំរើន លោក ឃុន ឫទ្ធិ និង​លោក ជួន សារី ជា​នាយរង​ប៉ុស្តិ៍ ឲ្យ​បាន​ឆាប់ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ។

ក្រុម​ប្រជាពលរដ្ឋ​អះអាង​បន្ត​ថា រាល់​ថ្ងៃ​នេះ សមត្ថកិច្ច​នគរបាល​ដែល​ប្រចាំ​ការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត តែង​ជំរិត​យក​ប្រាក់​ក្រៅ​ផ្លូវការ​ពី​ពួកគាត់​ក្នុង​ម្នាក់ ១០០​បាត ឬ​ស្មើ​ប្រមាណ ៣​ដុល្លារ​អាមេរិក ទើប​មន្ត្រី​នោះ​បោះត្រា​លើ​ឯកសារ​ឆ្លងកាត់​ព្រំដែន​ជូន​ពួកគាត់។ បើ​មិន​បង់​លុយ​ជូន​តាម​ការ​ទាមទារ​ទេ មន្ត្រី​ទាំងនោះ​មិន​បោះត្រា​លើ​ឯកសារ​ឆ្លងកាត់​ព្រំដែន​ឲ្យ​ឡើយ។

ទាក់ទិន​ភាព​មិន​ប្រក្រតី​នេះ កាលពី​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២២ កាសែត​ថៃ ឈ្មោះ កៅ ដែត (Kaoded) បាន​ចុះផ្សាយ​ថា មាន​ពលរដ្ឋ​ថៃ​មួយ​ក្រុម​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​ពី​មុខ​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះកែវ (Sa Kaeo) ដើម្បី​តវ៉ា​ទៅលើ​ករណី​សមត្ថកិច្ច​កម្ពុជា​នៅ​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត តម្រូវ​ឲ្យ​ពួកគាត់​បង់​ប្រាប់​បន្ថែម ១០០​បាត​ទៅ​ឲ្យ​មន្ត្រី​កម្ពុជា​នៅ​ច្រក​ព្រំដែន។ ជា​ធម្មតា ការ​ឆ្លង​ព្រំដែន​របស់​ពួកគាត់ ច្បាប់​កំណត់​ត្រូវ​បង់​ប្រាក់​ត្រឹម ២០​បាត និង​ចំណាយ​លើ​ផ្នែក​វេជ្ជសាស្ត្រ ២០​បាត​តែប៉ុណ្ណោះ។

ប៉ុន្តែ​នៅ​ពេល​ពួកគាត់​ប្រគល់​ឯកសារ​ឆ្លងដែន​ជូន​សមត្ថកិច្ច​កម្ពុជា បែរ​ជា​តម្រូវ​ឲ្យ​ពួកគាត់​បង់​ប្រាក់​បន្ថែម ១០០​បាត ឬ​ច្រើន​ជាង​នេះ ទាំង​មិន​ដឹង​ថា​ត្រូវ​ចំណាយ​ទៅ​លើ​អ្វី ហើយ​ប្រសិនបើ​ពួកគាត់​មិន​ព្រម​បង់​ជូន​គ្រប់​ចំនួន​តាម​ការ​ទាមទារ​ទេ គឺ​ភ្នាក់ងារ​ប្រចាំ​ការ​តាម​ច្រក​ព្រំដែន​នេះ នឹង​មិន​បោះត្រា​លើ​ឯកសារ​ឆ្លងដែន​ជូន​ពួកគាត់​ទេ។

ប្រភព​ពី​ពលរដ្ឋ​ថៃ បាន​អះអាង​នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា នេះ​ថា រាល់​ថ្ងៃ​នេះ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត សម្រាប់​ពលរដ្ឋ​ថៃ​ម្នាក់​ត្រូវ​ចំណាយ​ប្រាក់​ចន្លោះ​ពី ២០០​បាត​ទៅ ២៤០​បាត​សម្រាប់​ការ​ឆ្លង​ព្រំដែន​ទៅ​មក​ក្នុង​មួយ​ថ្ងៃៗ។

ដោយឡែក​សម្រាប់​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី ផាសអាប់ និង​អ្នក​រត់​ម៉ូតូ​ឌុប​ជាដើម ក៏​បាន​ត្អូញត្អែរ​ដែរ​ថា ចាប់តាំងពី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​ក្រោយ​ស្ងប់​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ រួច​មក លោក អ៊ី ចំរើន និង​គូកន​បាន​បង្កើត​ឲ្យ​មាន​អំពើពុករលួយ ជាពិសេស​គំរាម​បង្ខំ​គាប​យក​លុយ​ពី​ពួកគាត់ ដោយ​ក្នុង​ម៉ូតូ​ដឹក​ភ្ញៀវ​ជនបរទេស ១​គ្រឿង ត្រូវតែ​បង់​លុយ​ថ្លៃ​ប្រថាប់ត្រា​ឆ្លងដែន​ក្នុង​ម្នាក់ ២០០​បាត​ជាដាច់ខាត ហើយ​ក្នុង​នោះ​ក៏​មាន​ករណី​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​នេះ​តម្រូវ​ឲ្យ​ពួកគាត់​បង់​លុយ​ចាប់ពី ១៥០០​បាត​ទៅ ២០០០​បាត​ជា​ប្រចាំ​ខែ​ថែម​ទៀត​ផង។

កម្មករ​ប្រើ​កម្លាំង​អូស​រទេះ លីសែង ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី និង​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប អះអាង​ថា សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​នៅ​ក្រោម​ឱវាទ​លោក អ៊ី ចំរើន បាន​ប្រើ​កាយវិការ និង​ពាក្យ​សម្ដី​មិន​សមរម្យ​មក​លើ​ប្រជាពលរដ្ឋ។

ជុំវិញ​ការ​ចោទប្រកាន់​នេះ The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក អ៊ី ចំរើន ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​បាន​នៅឡើយ​ទេ ខណៈ​លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ ក៏​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ​នៅ​ល្ងាច​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ។

នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ (TI) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ចេញ​ផ្សាយ​កាលពី​ខែ​មករា កន្លងមក បាន​ឲ្យ​ដឹង​ថា កម្ពុជា​ទទួល​បាន ២៣​ពិន្ទុ​នៅ​ក្នុង​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើពុករលួយ​ប្រចាំ​ឆ្នាំ​២០២១ ដោយ​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​១៥៧ លើ ១៨០​ប្រទេស​និង​ដែនដី ខណៈ​ពិន្ទុ​នេះ​បង្ហាញ​ថា​កម្រិត​អំពើពុករលួយ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ​មាន​ភាព​ប្រសើរ​តិចតួច​ប៉ុណ្ណោះ​បើ​ធៀប​ឆ្នាំ​មុន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស