37 C
Phnom Penh

អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​ដោះលែង​ប្រធាន​សហជីព​ណាហ្គា​កញ្ញា ឈឹម ស៊ីថរ និង​កញ្ញា សេង ធារី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក​ស្នើ​ឲ្យ​កម្ពុជា​ដោះលែង​ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ព្រមទាំង​សមាជិក​សហជីព​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ និង​ត្រូវ​ទម្លាក់​បទ​ចោទប្រកាន់​ពី​ពួកគេ ហើយ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី។

ក្រសួង​ការបរទេស​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា សហជីព​របស់​កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ ហើយ​កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​ថ្មី​ទៀត​បន្ទាប់ពី​ត្រឡប់​ចូល​កម្ពុជា​វិញ​កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា បន្ទាប់ពី​បាន​ទៅ​ចូលរួម​សន្និសីទ​ការងារ​មួយ​នៅ​ប្រទេស​អូស្ត្រាលី។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ណែត ប្រាយ (Ned Price) ត្រូវ​បាន​ស្រង់​សម្ដី​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ក្រសួង​ការបរទេស​អាមេរិក​សង្កេត​ឃើញ​ថា កន្លងមក អាជ្ញាធរ​កម្ពុជា​បាន​ជ្រៀតជ្រែក​ទៅ​លើ​ការ​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​របស់​កម្មករ ដោយ​ការ​ចាប់​ខ្លួន​ប្រធាន​សហជីព និង​កម្មករ​ដែល​តវ៉ា​ប្រឆាំង​ចំពោះ​ការ​បញ្ឈប់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជា​ទ្រង់ទ្រាយ​ធំ​ដោយ​ខុស​ច្បាប់។

ករណី​នេះ អាមេរិក​ស្នើ​ទៅ​អាជ្ញាធរ​កម្ពុជា​ឲ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​សហជីព​ទាំងអស់​ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សហជីព និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។ លើស​ពី​នេះ ក៏​ត្រូវ​ទម្លាក់​បទ​ចោទប្រកាន់​ពី​ពួកគេ ហើយ​ត្រូវ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី។

ក្រៅពី​ស្នើ​ឲ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ និង​សហជីព​ដែល​កំពុង​ជាប់​ពន្ធនាគារ​ផ្សេង​ទៀត ក្រសួង​ការបរទេស​អាមេរិក​ក៏​ទាមទារ​ជា​ថ្មី​ទៀត ដោយ​ឲ្យ​កម្ពុជា​ដោះលែង​ពលរដ្ឋ​អាមេរិកាំង​កញ្ញា សេង ធាវី ដែល​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​ផង​ដែរ។

សហរដ្ឋ​អាមេរិក​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​កាតព្វកិច្ច​លើក​កម្ពស់​សិទ្ធិ​ការងារ និង​សម្របសម្រួល​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​សហជីព។

មិន​មែន​តែ​សហរដ្ឋ​អាមេរិក​ទេ​ដែល​ចេញ​សេចក្តី​ថ្លែងការណ៍​ស្នើ​ឲ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ នោះ មុន​មួយ​ថ្ងៃ សមាជិក​សភា​ជាន់ខ្ពស់​អូស្ត្រាលី​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ទាមទារ​ឲ្យ​កម្ពុជា​ដោះលែង​ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន​ល្បែង​មួយ​នេះ​ជាបន្ទាន់។

តំណាងរាស្ត្រ​អូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) បាន​ចាត់ទុក​ការ​ចាប់​ខ្លួន​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ គឺជា​រឿង​មិន​សម​ហេតុផល។

សមាជិក​សភា​ជាន់ខ្ពស់​អូស្ត្រាលី​រូប​នេះ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ គប្បី​អនុវត្ត​ឲ្យ​បាន​សមរម្យ និង​បញ្ចប់​វិវាទ​ការងារ​ដែល​គួរ​ឲ្យ​អស់​សំណើច​មួយ​នេះ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ជា​លើក​ទី​២ ក្រោយ​ពេល​កញ្ញា​បាន​ធ្វើ​ដំណើរ​ត្រឡប់​មកពី​ប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី​វិញ​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​វិច្ឆិកា។

បន្ទាប់ពី​ចាប់​ខ្លួន​កញ្ញា ស៊ីថរ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​អះអាង​ថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ជា​ថ្មី​ទៀត​នេះ ដោយសារ​កញ្ញា​បាន​ចាកចេញ​ពី​កម្ពុជា​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ដែល​អំពើ​នេះ​ជា​ការ​បំពាន​លើ​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។

ចំពោះ​ការ​លើកឡើង​ថា ជន​ត្រូវ​ចោទ​មិន​ទទួល​បាន​ដំណឹង​ពី​ដីកា​សម្រេច​ក្នុង​ការ​ដាក់​ឲ្យ​ជន​ត្រូវ​ចោទ កញ្ញា ឈឹម ស៊ីថរ ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​នោះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ចេតនា​មិន​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

ក្នុង​ករណី​នេះ នៅ​ពេល​ចៅក្រម​ស៊ើបសួរ​សម្រេច​ដោះលែង​ជន​ត្រូវ​ចោទ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ ចៅក្រម​ស៊ើបសួរ​ប្រើប្រាស់​វិធានការ​ជំនួស​មក​វិញ​នូវ​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​នៅ​ក្រោម​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដែល​ដីកា​សម្រេច​នេះ​ជន​ត្រូវ​ចោទ​ត្រូវតែ​គោរព​តាម និង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់។

ក្រោយពី​មាន​ការ​ចាប់​ខ្លួន​ប្រធាន​សហជីព​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ៧០​ស្ថាប័ន ក៏​បាន​នាំគ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដោយ​ទាមទារ​ទៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ព្រមទាំង​ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំភិតបំភ័យ​ប្រធាន និង​សមាជិក​សហជីព​តទៅទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស