31 C
Phnom Penh

សមត្ថកិច្ច​បណ្ដេញ​ជនជាតិ​ចិន​ជាង​១៤០​នាក់​និង​ដាក់​បម្រាម​មិន​ឱ្យ​ចូល​កម្ពុជា​រយៈពេល​៣​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បាន​បណ្ដេញ​ជនបរទេស ៣​សញ្ជាតិ​ចំនួន ១៤៨​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​ចំនួន ១៤៥​នាក់​ដែល​បាន​លួច​ចូល​ទៅ​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ និង​ដាក់​បម្រាម​មិន​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​រយៈពេល ៣​ឆ្នាំ។

យោង​តាម​សេចក្ដី​ប្រកាស​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បណ្តេញ​ជនបរទេស​ខុស​ច្បាប់​ដែល​បាន​សម្ងំ​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​ចំនួន ១៤៨​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​ចំនួន ១៤៥​នាក់ ជនជាតិ​កូរ៉េ​ចំនួន ២​នាក់ និង​ជនជាតិ​អេស្តូនី ចំនួន ១​នាក់ ដោយ​អនុលោម​ទៅ​តាម​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ តាម​ប៉ុស្តិ៍​នគរបាល ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែកចាក។

សេចក្ដី​ប្រកាស​ព័ត៌មាន​ខាងលើ​បញ្ជាក់​ថា ជនបរទេស​ទាំងនោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​លួច​ស្នាក់នៅ និង​ធ្វើ​ការងារ​ដោយ​ខុស​ច្បាប់ ដែល​ល្មើស​នឹង​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​យ៉ាង​ធ្ងន់ធ្ងរ ដែល​នឹង​ត្រូវ​បណ្ដេញ​ចេញ​តាម​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ ដោយ​គ្មាន​ការ​លើកលែង។ ជាង​នេះ​ទៀត រដ្ឋាភិបាល​ក៏​បាន​សម្រេច​បិទ​សិទ្ធិ​ជនបរទេស​ទាំងនោះ​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ប្រទេស​កម្ពុជា​វិញ​រយៈពេល ៣​ឆ្នាំ​ថែម​ទៀត។

ការ​បណ្តេញ​ជនបរទេស​ចេញពី​កម្ពុជា​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​នៃ​ការ​តាមដាន​ជាមួយ​ប្រទេស​ដទៃ​ទៀត​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស និង​ជា​ប្រទេស​លាង​លុយ​កខ្វក់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ បាន​បណ្ដេញ​ជនបរទេស​ចំនួន ១០៤​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ៩៥​នាក់ និង ៩​នាក់​ផ្សេង​ទៀត​ដែល​មាន ៦​សញ្ជាតិ ក្រោយ​រក​ឃើញ​ថា​ពួកគេ​បាន​ចូល​ទៅ​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ និង​សម្ងំ​ប្រកប​មុខរបរ​ខុស​ច្បាប់​រហូត​មក។

អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង បាន​អះអាង​កាលពី​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ​ថា ជនបរទេស​ភាគច្រើន​បាន​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ច្បាប់ ដោយ​បន្លំ​ខ្លួន​ជា​អ្នក​ទេសចរ​ដើម្បី​មក​ធ្វើការ​នៅ​ទីនេះ។

អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់​ថា កម្ពុជា​មិន​មែន​ជា​កន្លែង​ដែល​ឱ្យ​ពួកគេ​ចេះតែ​ចេញ​ចូល​ស្រេច​តែ​នឹង​ចិត្ត​នោះ​ទេ ដូច្នេះ​អ្នក​ទាំងនោះ​នឹង​ត្រូវ​រង​នូវ​ការ​ផាក​ពិន័យ​ដោយ​គ្មាន​ករណី​លើកលែង មុន​នឹង​ត្រូវ​បញ្ជូន​ពួកគេ​ចេញពី​កម្ពុជា​ទៅ​ប្រទេស​សាមី​វិញ។

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ ធ្នូ នេះ​ថា នៅ​កម្ពុជា អំពើ​ជួញដូរ​មនុស្ស​បាន​កើត​ឡើង​គ្រប់​ទម្រង់ និង​គ្រប់​ប្រភេទ​ទៅ​តាម​វិធីសាស្ត្រ​របស់​ជនល្មើស ដោយឡែក​ជនរងគ្រោះ​ដែល​បាន​ចាញ់​បោក​ជនល្មើស​ទាំងនោះ មាន​ករណី​ខ្លះ​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​បកស្រាយ និង​ចោទប្រកាន់​ថា​បាន​ឆ្លងដែន​ដោយ​ខុស​ច្បាប់​ទៅវិញ។

លោក មឿន តុលា លើកឡើង​ថា ដើម្បី​ធានា​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ក្នុង​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ខុស​ច្បាប់ រដ្ឋាភិបាល​គួរតែ​មាន​វិធានការ​ត្រួតពិនិត្យ​រាល់​អគារ​ដែល​មាន​ការ​សង្ស័យ និង​គ្រប់គ្រង​ដោយ​ឈ្មួញ​ជនជាតិ​ចិន ដែល​កំពុង​រីក​ស្អេកស្កះ​នៅ​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​ព្រះសីហនុ ជាដើម ដែល​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ខេត្ត​ដែល​រង​នូវ​ហានិភ័យ​នៃ​ការ​កើតមាន​អំពើ​ខុស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ពេលនេះ។

ជុំវិញ​បញ្ហា​នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ​ថា ខ្លួន​បាន​រក​ឃើញ​ជនបរទេស​ដែល​បាន​ចូល​មក​បម្រើការ​នៅ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​ចំនួន​ជាង ២៧០០​នាក់ ក្នុង​នោះ​ជនបរទេស​ដែល​គ្មាន​ប័ណ្ណ​ការងារ​ចំនួន​ជាង ១៥០០​នាក់ ហើយ​ពួកគេ​នឹង​ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា​ផង​ដែរ។

កាលពី​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ត្អូញត្អែរ​ថា កម្ពុជា​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្ថិត​ក្នុង​បញ្ជី​ប្រផេះ​នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​ខាង​លាង​លុយ​កខ្វក់ និង​ត្រូវ​គេ​ដាក់​ចំណាត់ថ្នាក់​ទី​៣​ក្នុង​បញ្ជីខ្មៅ​នៃ​ក្រុម​ប្រទេស​ជួញដូរ​មនុស្ស​ដែល​ពិភពលោក​បង្កើន​ការ​តាមដាន សម្រាប់​ឆ្នាំ​២០២២ នេះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មុខមាត់​របស់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស