28 C
Phnom Penh

សង្គម​ស៊ីវិល​រិះគន់​ថា​បរិយាកាស​នយោបាយ​កាន់តែ​អន់​ថយ​ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ​លើ​លោក សុន ឆ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក ព្រមាន​ថា ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​លើ​សំណុំរឿង «បរិហារ​កេរ្តិ៍» របស់​អនុប្រធាន​បក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដែល​បង្កើន​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន ១​លាន​ដុល្លារ​អាមេរិក គឺ​បង្ហាញ​ពី​ឆន្ទៈ​របស់​តុលាការ​ក្នុង​ការ​បង្កើន​ការ​រឹតត្បិត​លើ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ ធ្នូ នេះ​ថា ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ក្រុម​ជំទាស់​នៅតែ​ស្ថិត​ក្នុង​របៀបវារៈ​ក្តៅ​នៅឡើយ ស្រប​ពេល​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ក៏​បាន​បង្កើន​ការ​រិះគន់​ពី​បញ្ហា​នេះ​ជា​បន្តបន្ទាប់។

លោក​អំពាវនាវ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ឈប់​នូវ​ការ​រឹតត្បិត​ទៅ​លើ​ក្រុម​មន្ត្រី​បក្ស​ជំទាស់ ដើម្បី​បើក​លំហ​សេរីភាព​បញ្ចេញមតិ ការ​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ក្នុង​ការ​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​ជាតិ ស្រប​តាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ និង​ដើម្បី​បញ្ចប់​នូវ​វិបត្តិ​នយោបាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ដូច​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ បាន​តម្កល់​សេចក្ដី​សម្រេច​ក្នុង​សំណុំរឿង «បរិហារ​កេរ្តិ៍» របស់​មន្ត្រី​ជាន់ខ្ពស់​បក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ទុក​ជា​បាន​ការ​ដដែល និង​សម្រេច​បង្កើន​ប្រាក់​សំណង​ជំងឺ​ចិត្ត​ឲ្យ​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ២៥​ម៉ឺន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត។

លោក កែត ឃី ដែល​ជា​មេធាវី​ការពារ​សិទ្ធិ​មួយ​រូប​របស់​លោក សុន ឆ័យ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​សម្រេច​នេះ គឺជា​រឿង​ដែល​អយុត្តិធម៌​ខ្លាំង​ណាស់​សម្រាប់​កូនក្ដី​របស់​លោក ហើយ​ថា​លោក​នឹង​រៀបចំ​ពាក្យ​បណ្ដឹង​បន្ត​ទៀត​ទៅ​កាន់​តុលាការ​កំពូល។

កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំគ្នា​ប្ដឹង​លោក សុន ឆ័យ ពី​បទ​បរិហារ​កេរ្តិ៍ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក​បាន​រិះគន់​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ដើម​ខែ​មិថុនា ឆ្នាំ​២០២២ ថា​ជា​លទ្ធផល​ដែល​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ ដោយ​មាន​ការ​បំភិតបំភ័យ ការ​ទិញ និង​មាន​ការ​លួច​សន្លឹកឆ្នោត ជាដើម។

កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ឱ្យ​លោក សុន ឆ័យ ចាញ់​ក្ដី​ក្នុង​សំណុំរឿង​បរិហារ​កេរ្តិ៍​នេះ ដោយ​សម្រេច​ឱ្យ​រូបលោក​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​គណបក្ស​កាន់​អំណាច​ចំនួន ៣​ពាន់​លាន​រៀល ឬ​ស្មើ​នឹង​ប្រមាណ ៧៥​ម៉ឺន​ដុល្លារ​អាមេរិក និង​តម្រូវ​ឲ្យ​បង់​ប្រាក់​ពិន័យ​ចំនួន ៨​លាន​រៀល​ចូល​ជា​ថវិកា​រដ្ឋ​ថែម​ទៀត។ បន្ថែម​ពី​នេះ លោក​ក៏​ត្រូវ​បាន​តុលាការ​តម្រូវ​ឱ្យ​បង់​ប្រាក់​ពិន័យ​ចំនួន ៩​លាន​រៀល​ចូល​ថវិកា​រដ្ឋ​ដែរ ក្នុង​បណ្ដឹង​បរិហារ​កេរ្តិ៍​របស់ គ.ជ.ប ខណៈ គ.ជ.ប បាន​ទាមទារ​ឲ្យ​លោក​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​លើ​ករណី​នេះ។ ជាង​នេះ​ទៀត តុលាការ​ក្រុង​ភ្នំពេញ​ក៏​បាន​ចេញ​ដីកា​កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដោយ​រឹប​អូស​ជា​បណ្ដោះអាសន្ន​នូវ​ផ្ទះ ២​កន្លែង​របស់​លោក សុន ឆ័យ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា មាន​ភ្លើង​ទើប​មាន​ផ្សែង។ លោក​បន្ថែម​ថា លោក សុន ឆ័យ ជា​អ្នក​ដុត​ភ្លើង ទើប​បាន​ជា​មាន​ផ្សែង ហើយ​ថា​បើ​លោក សុន ឆ័យ មិន​ចោទ​ប្រកាន់​បក្ស​កាន់​អំណាច ក៏​គ្មាន​អ្នក​ណា​ទៅ​ប្តឹង​គាត់​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស