31 C
Phnom Penh

សមាគម​គ្រូបង្រៀន​គ្រោង​ជួបជុំ​សម្ដែង​មតិ​ទាមទារ​ដោះលែង​សកម្មជន​សង្គម សហជីព និង​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ គ្រោង​ប្រមូល​ផ្ដុំ​គ្នា​យ៉ាងតិច ១០០​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សម្ដែង​មតិ​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២២ ខាងមុខ ដើម្បី​ទាមទារ​ដោះលែង​សកម្មជន​សង្គម អ្នកទោស​នយោបាយ រួម​ទាំង​មេដឹកនាំ​សហជីព។

សេចក្ដី​ជូនដំណឹង​មួយ​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ទៅ​កាន់​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ចុះ​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២២ ដែល​ទើប​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ បាន​ឲ្យ​ដឹង​ថា ការ​ប្រមូលផ្ដុំ​សម្ដែង​មតិ​នេះ នឹង​រៀបចំ​នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ខាងមុខ ចាប់ពី​ម៉ោង ៨​ព្រឹក​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​មាន​អ្នក​ចូលរួម​យ៉ាងតិច ១០០​នាក់។

ប្រភព​ដដែល​ថា អ្នក​ដែល​ចូលរួម​សម្ដែង​មតិ​នៅ​ចុង​ខែ​ធ្នូ មកពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ សមាជិក​សមាជិកា កម្មករ សហជីព យុវជន និង​ក្រុម​គ្រួសារ​សាច់ញាតិ​អ្នក​ជាប់​ឃុំ​មនសិការ។

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បញ្ជាក់​ថា ការ​ប្រមូល​ផ្ដុំ​គ្នា​សម្ដែង​មតិ គឺ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​នយោបាយ សង្គម និង​មេដឹកនាំ​សហជីព។

ក្រៅពី​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ហើយ ពួកគេ​ក៏​នាំគ្នា​ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ។

បើ​តាម​ហ្វេសប៊ុក​របស់​លោក រ៉ុង ឈុន ទីប្រឹក្សា​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) បាន​បញ្ជាក់​ថា លិខិត​ជូនដំណឹង​នេះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ​រួច​ហើយ។

យ៉ាងណាក៏ដោយ សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង និង​អ្នក​នាំពាក្យ លោក ម៉េត មាសភក្ដី បាន​នៅឡើយ​ទេ​ជុំវិញ​ការ​ដាក់​លិខិត​ជូនដំណឹង​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​នឹង​ជួបជុំ​គ្នា​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ខាងមុខ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស