26 C
Phnom Penh

មន្ត្រី​មួយ​ចំនួន​ស្នើ ACU ស៊ើប​អង្កេត​ករណី​ពុករលួយ​ក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មួយ​ចំនួន​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​ថ្នាក់​ក្រោម​ជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច លោក កែវ បេងវឌ្ឍន៍ ដែល​បាន​ដាក់​គ្រួសារ និង​សាច់ញាតិ​របស់​ខ្លួន​ឲ្យ​ចូល​ធ្វើការ​នៅ​ក្នុង​ស្ថាប័ន​ដែល​ខ្លួន​កំពុង​ដឹកនាំ។

ការ​ស្នើ​នេះ ធ្វើឡើង​បន្ទាប់ពី​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​ថ្នាក់​ក្រោម​ជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច លោក កែវ បេងវឌ្ឍន៍ បាន​ដាក់​លោក កែវ បេងវី ដែល​ត្រូវ​ជា​ប្អូនប្រុស​បង្កើត និង​លោក កែវ បេងវឌ្ឍន៍វិស្ណុ ត្រូវជា​កូនបង្កើត ឲ្យ​ធ្វើ​ជា​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ហិរញ្ញវត្ថុ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទី​៣ នៅ​ក្នុង​អគ្គនាយកដ្ឋាន​ហិរញ្ញវត្ថុ​ថ្នាក់​ក្រោម​ជាតិ​នៃ​ក្រសួង​សេដ្ឋកិច្ច។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា យល់​ថា ការ​ដាក់​ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់​ខ្លួន​នៅ​តាម​ស្ថាប័ន​រដ្ឋ មិនមែន​ទើប​កើតឡើង ហើយ​ក៏​មិនមែន​មាន​តែ​ស្ថាប័ន​មួយ​នេះ​ដែរ។ លោក​ចាត់ទុក​ការ​ដាក់​គ្រួសារ សាច់ញាតិ​នេះ វា​បង្ហាញ​ពី​អំពើពុករលួយ​ជា​ប្រព័ន្ធ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​នីមួយៗ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ការងារ និង​ថវិកា​ចំណាយ​របស់​ជាតិ ជាដើម។

លោក ស៊ឹង សែនករុណា បន្ត​ថា ករណី​នេះ​វា​ក៏​ជះ​ឥទ្ធិពល​អាក្រក់​សម្រាប់​សង្គម​ជាតិ​ដែរ ជាពិសេស​ការ​អភិវឌ្ឍ​ប្រទេស។ លោក​បន្ត​ថា ប្រទេស​ប្រជាធិបតេយ្យ​គេ​មិន​តែងតាំង និង​ដាក់​គ្រួសារ ព្រមទាំង​សាច់ញាតិ​ខ្លួន​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ដែល​កំពុង​ដឹកនាំ ឬ​កាន់​អំណាច​ឡើយ។

លោក​ជំរុញ​ទៅ​រដ្ឋាភិបាល​ពិនិត្យ និង​ត្រូវ​ចែង​នៅ​ក្នុង​ច្បាប់​ឲ្យ​បាន​ច្បាស់លាស់ ដោយ​ដាក់​ទោស ឬ​ពិន័យ បើសិនជា​រក​ឃើញ​មាន​ការ​តែងតាំង និង​ដាក់​គ្រួសារ​ក្នុង​ស្ថាប័ន​រដ្ឋ​ដែល​ខ្លួន​កំពុង​កាន់​តួនាទី ដើម្បី​លុប​បំបាត់​អំពើពុករលួយ បក្ខពួក និង​គ្រួសារ​និយម​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ។

ក្នុង​ទិវា​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ ៩​ធ្នូ កាលពី​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ អង្គការ​សង្គម​ស៊ីវិល​ដែល​សកម្ម​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ បាន​លើកឡើង​ថា ការ​បង្កើត​យន្តការ «ការពារ​អ្នក​រាយការណ៍​ពី​អំពើពុករលួយ» និង​សេរីភាព​ពេញលេញ វា​ជា​កត្តា​ចម្បង​ក្នុង​ការ​កាត់បន្ថយ​អំពើពុករលួយ។

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២២ បាន​រក​ឃើញ​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥៧ ក្នុង​ចំណោម​ប្រទេស និង​ដែនដី​ចំនួន ១៨០ នៅ​លើ​ពិភពលោក។ ចំណាត់ថ្នាក់​នេះ​បង្ហាញ​ថា កម្ពុជា​នៅតែ​ជា​ប្រទេស​មាន​កម្រិត​ពុករលួយ​អាក្រក់​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំង ១០ នៃ​សមាគម​អាស៊ាន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស