29 C
Phnom Penh

អ្នកស្រី ស៊ូជី មេដឹកនាំ​ប្រជាធិបតេយ្យ​ភូមា​អាច​ប្រឈមមុខ​នឹង​ទោស​ជាង​១០០​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពី​ប្រទេស​ភូមា ឯណោះ​វិញ អ្នកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៧​ឆ្នាំ អាច​នឹង​ត្រូវ​ជាប់​ទោស​ព្រហ្មទណ្ឌ​សរុប​ទាំងអស់​ជាង ១០០​ឆ្នាំ​ក្នុង​សំណុំរឿង ១០​ករណី។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ភូមា Myanmar Now នៅ​ថ្ងៃទី​៣០ ធ្នូ តុលាការ​នៃ​របប​សឹក​ភូមា​នឹង​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​អ្នកស្រី។ តាម​ប្រភព​ដដែល​នេះ សាលក្រម​នៃ​ការ​ជំនុំជម្រះ​ក្តី​អ្នកស្រី អ៊ុងសាន ស៊ូជី ទៅ​លើ​បទ​ចោទ​ចំនួន ៥​សំណុំរឿង​ចុងក្រោយ​នេះ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ក្នុង​សប្ដាហ៍​នេះ។

បទ​ចោទ​ចំនួន ៥ នេះ​តម្រូវ​ឲ្យ​អ្នកស្រី អ៊ុងសាន ស៊ូជី មាន​ទោស​ជាប់​ពន្ធនាគារ ៧៥​ឆ្នាំ​ជា​ការ​បន្ថែម​ទៅ​លើ​ទោស​ដែល​មាន​ស្រាប់ ២៦​ឆ្នាំ​ហើយ​នោះ។

អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​ភូមា​មួយ​ចំនួន​យល់​ឃើញ​បែប​នេះ​ថា ទោស​ជាប់​ពន្ធនាគារ​ទាំងឡាយ​ដែល​ចោទប្រកាន់​ប្រឆាំង​នឹង​អ្នកស្រី អ៊ុងសាន ស៊ូជី គឺ​ទំនង​អាច​នឹង​លើកលែង​ចោល​ទៅ​វិញ​នៅ​ឆ្នាំ​ក្រោយ គឺ​នៅ​មុន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ដែល​របប​សឹក​រៀបចំ​បោះឆ្នោត​នៅ​អំឡុង​ខែ​សីហា។

តែ​យ៉ាងណា របប​សឹក​ភូមា ប្រញាប់​ប្រកាស​សាលក្រម​នេះ​ក្រោយពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ចេញ​ដំណោះស្រាយ​ជា​លើកដំបូង​បន្ទាប់ពី​ខកខាន​ជិត ២​ឆ្នាំ​ដោយ​បង្គាប់​ទៅ​របប​សឹក​ភូមា​ឱ្យ​បញ្ចប់​ហិង្សា និង​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ រួម​ទាំង​ត្រូវ​ដោះលែង​អ្នកស្រី អ៊ុងសាន ស៊ូជី និង​ប្រធានាធិបតី មីន វិយីន។

ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាលពី​សប្ដាហ៍​មុន ធ្វើឡើង​ដោយ​ការ​ជំរុញ​របស់​អង់គ្លេស និង​សហរដ្ឋ​អាមេរិក ហើយ​ការ​ក្លាយ​ជា​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់​បាន ព្រោះតែ​ចិន និង​រុស្ស៊ី សម្រេច​ដូរ​ចិត្ត​មក​បោះឆ្នោត​អនុប្បវាទ ដែល​ជា​សន្លឹកឆ្នោត​មិន​ត្រូវ​បាន​គេ​រាប់​ថា​មាន​សុពលភាព​ឡើយ។

ការ​បោះឆ្នោត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​មាន​សំឡេង ១២ ទល់​នឹង ៣ ដែល​ឥណ្ឌា​ក៏​បោះឆ្នោត​អនុប្បវាទ​ដែរ តែ​ឥណ្ឌា​ពុំ​មែន​ជា​សមាជិក​អចិន្ត្រៃយ៍​ដែល​មាន​អំណាច​វេតូ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស