38 C
Phnom Penh

សមាគម​គ្រូបង្រៀន​រក្សា​ជំហរ​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដដែល​ទោះ​អាជ្ញាធរ​ស្នើ​ឱ្យ​ផ្អាក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ រក្សា​ជំហរ​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​គ្រោង​ធ្វើ​នៅ​ចុង​ខែ​ធ្នូ នេះ​ដដែល ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​គ្រូបង្រៀន​ដែល​កំពុង​ជាប់​ឃុំ​ចំនួន ៥​នាក់ ទោះបី​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ស្នើសុំ​ឲ្យ​ផ្អាក​ក៏ដោយ។

យោង​តាម​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ម្ចាស់​សំណើ គឺ​អ្នកស្រី អ៊ុក ឆាយ៉ាវី បាន​ជម្រាប​ជូន​អង្គប្រជុំ​អំពី​ការ​រៀបចំ​សម្ដែង​មតិ​នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២២ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​គ្រូបង្រៀន​ចំនួន ៥​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​មាន​អ្នក​ចូលរួម​ចំនួន ១០០​នាក់ និង​មាន​ការ​ដង្ហែ​ញត្តិ​ដាក់​ជូន​សាលា​រាជធានី​ភ្នំពេញ និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។

ករណី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​ឲ្យ​ផ្អាក​ការ​រៀបចំ​កម្មវិធី​នេះ​វិញ ដោយសារ​សំណើ​របស់​សមាគម​ផ្ទុយ​នឹង​មាត្រា​៥២២ និង​មាត្រា​៥២៣ នៃ​ក្រមព្រហ្មទណ្ឌ ព្រមទាំង​ស្នើ​ឱ្យ​ម្ចាស់​សំណើ​កែសម្រួល​កម្មវត្ថុ​នៃ​លិខិត​ស្នើ​នោះ​ឡើងវិញ​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​នានា​ជា​ធរមាន។

ការ​ស្នើ​នេះ បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​សំណើសុំ​ជួបជុំ​សម្ដែង​មតិ​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ រវាង​អភិបាលរង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា និង​លោក កើត ឆែ ជាមួយ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី នៅ​សាលា​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ។

មេដឹកនាំ​សហជីព និង​ជា​ទីប្រឹក្សា​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ប្រាប់ The Cambodia Daily ថា ពួកគាត់​នៅតែ​បន្ត​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដូច​ការ​គ្រោង​ទុក​ដដែល។ លោក​ចាត់ទុក​ការ​ជួប​ជុំគ្នា​សម្ដែង​មតិ​នេះ ថា​មិន​បាន​ខុស​ច្បាប់​ព្រហ្មទណ្ឌ​ដូច​សាលា​រាជធានី​ភ្នំពេញ​លើកឡើង​ឡើយ។

ថ្មីៗ​នេះ អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​លោក​សេរី​មួយ​ចំនួន បាន​ស្នើ​លោក ហ៊ុន សែន បើក​លំហ​សិទ្ធិ​នយោបាយ សេរីភាព និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ ដោយ​ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ​ឲ្យ​មាន​សេរីភាព​វិញ។

បើ​តាម​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស និង​សហគមន៍​អន្តរជាតិ ថា​អ្នក​ទាំងនេះ​ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទប្រកាន់​ពី​បទ «ញុះញង់ និង​រួម​គំនិត​ក្បត់» ដោយសារ​រឿង​នយោបាយ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស