35 C
Phnom Penh

បទវិភាគ៖ តើ​មនុស្ស​ចែក​ចេញ​ជា​ប៉ុន្មាន​ប្រភេទ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វិនាសកម្ម​នៅ​កម្ពុជា​បច្ចុប្បន្ន មិនមែន​កើតមាន​តែ​ទៅ​លើ​មនុស្ស​នោះ​ទេ ប៉ុន្តែ​ក៏​មាន​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​សម្រាប់​ពលរដ្ឋ​ខ្មែរ​រាប់​មិន​អស់​នោះ​ដែរ។

តទៅ​នេះ លោក ហាស់ សាន សូម​អាន​ជូន​អត្ថបទ​មួយ​របស់​បណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីត​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ ហ្គាម ដែល​ស្រង់​សម្ដី​អ្នកប្រាជ្ញ​អ៊ីតាលី នា​សតវត្ស​ទី​១៥ ថា​មនុស្ស​ចែក​ចេញ​ជា ៣​ប្រភេទ។ អត្ថបទ​នេះ​ត្រូវ​បាន​បណ្ឌិត ហ្គាហ្វារ សរសេរ​មុន​ពេល​លោក​ទទួល​មរណភាព​កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​រោគាពាធ។

ប្រទេស​កម្ពុជា​ដែល​ខ្ញុំ​បាន​ថ្លែង​នៅ​ក្នុង​អត្ថបទ​ចុះ​ថ្ងៃទី​៣ ខែ​មករា ជា​ទឹកដី​កំណើត​ដែល​ខ្ញុំ​នឹក​អាឡោះ​អាល័យ​មិន​ភ្លេច។ ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ត្រូវ​បាន​កែច្នៃ​ឲ្យ​ទៅ​ជា​ប្រទេស​ដែល​មាន​ផ្លូវថ្នល់​ខ្វាត់ខ្វែង ប្រកប​ទៅ​ដោយ​មនុស្ស​អ៊ូអរ មាន​ផ្សារផ្សោ និង​អគារ​ខ្ពស់ៗ​ច្រើន​ស្អេកស្កះ។ របប​ក្រុង​ភ្នំពេញ និង​អ្នកគាំទ្រ​របប​នេះ ចង្អុល​បង្ហាញ​ដោយ​មោទកភាព​ថា​ជា​លទ្ធផល​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​កាន់​តំណែង​នេះ​ចាប់​តាំងតែ​ពី​ឆ្នាំ​១៩៨៥ មក។

ជា​ការពិត​ណាស់​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន ទោះបី​នៅ​ក្នុង​សន្តិភាព​មិន​ប្រាកដ​ក្តី ក៏​ប្រសើរ​ជាង​ប្រទេស​កម្ពុជា​នា​សម័យ ប៉ុល ពត ដែល​សាបព្រោះ​ការ​បំផ្លិចបំផ្លាញ​លើ​គ្រប់​វិស័យ។ សព្វថ្ងៃ​នេះ អ្វី​ដែល​គេ​ហៅថា​អភិវឌ្ឍ​សេដ្ឋកិច្ច​ជឿនលឿន​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ក៏​នៅតែ​បន្ត​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​គោរព​សិទ្ធិមនុស្ស។ ដរាបណា​ដំណើរ​នៃ​សភាពការណ៍​នេះ​មិន​ប្រែប្រួល​ទេ ពលរដ្ឋ​ខ្មែរ​មិន​អាច​ស្គាល់​វឌ្ឍនភាព និង​ការ​អភិវឌ្ឍ​ពិតប្រាកដ​បាន​ឡើយ។

សូម​រំលឹក​ថា សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ មាន​ចុះ​បញ្ញត្តិ​ថា អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​គោរព​សិទ្ធិមនុស្ស ត្រូវ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​តុល្យភាព។ មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រជាជាតិ​ខ្មែរ ក៏ “ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង” នៅ​ក្នុង​សន្ធិសញ្ញា​សន្តិភាព​ឆ្នាំ​១៩៩១ នោះ​ដែរ។

ខ្ញុំ​បាន​សរសេរ និង​ចុះផ្សាយ​អត្ថបទ​ជាច្រើន​នៅ​ក្នុង​គេហទំព័រ “គំនិត​ខ្មែរ” ជា​ភាសា​អង់គ្លេស និង​ជា​ភាសា​ខ្មែរ​ស្តីអំពី​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ដែល​មិន​ស៊ីសង្វាក់​គ្នា​នេះ។ ក្រៅពី​រូបភាព​ផ្សេងៗ​ដែល​ខ្ញុំ​បាន​ចងក្រង​ជា​ខ្សែ​វីដេអូ​ផ្សាយ​តាម YouTube និង​នៅ​ក្នុង​គេហទំព័រ ខ្ញុំ​បាន​បញ្ចូល​រូបភាព​មួយ​ចំនួន​នៅ​ក្នុង​អត្ថបទ “ពេជ្ឈឃាត​ស្ម័គ្រចិត្ត” ចុះ​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០២០ ដែល​បង្ហាញ​នូវ​ការ​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ។ ខ្ញុំ​សូម​លើក​ទឹកចិត្ត​អ្នក​អាន​អញ្ជើញ​ឆ្លៀត​មើល​ឡើងវិញ​នូវ​រូបភាព​នៃ​ការ​វាយដំ​ច្រំ​ធាក់ ការ​បណ្តេញ​ពលរដ្ឋ​ចេញពី​គេហដ្ឋាន និង​ការ​រឹបអូស​យក​ដីធ្លី​របស់​ពលរដ្ឋ។ល។

នៅ​ថ្ងៃ​នេះ ខ្ញុំ​សូម​លើក​យក​មក​បង្ហាញ​នូវ​ការ​ផ្សាយ​ខ្លះៗ​ពី​ឆាក​អន្តរជាតិ​ស្តីអំពី​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ដែល​មិន​គោរព​តាម​គោលការណ៍​រដ្ឋធម្មនុញ្ញ​ជាតិ ក៏ដូចជា​បទបញ្ញត្តិ​នៃ​សន្ធិសញ្ញា​អន្តរជាតិ។

នៅ​ក្នុង​សេចក្តី​រាយការណ៍​ឆ្នាំ​២០០៦ ក្រោម​ចំណងជើង​ថា “សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា៖ អាការៈ​ក្រៅ​នៃ​ស្ថិរភាព” អង្គការ​លីកាដូ​សម្ដែង​ការ​ព្រួយបារម្ភ​ថា “ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​នឹង​ធ្វើ​ឲ្យ​អស្ថិរភាព​កើន​កម្រិត​ឡើង​ទៀត”

លីកាដូ រៀបរាប់​អំពី​ការ​រឹបអូស​យក​ដី​ខុស​ច្បាប់ ការ​ចាប់​ខ្លួន​ពលរដ្ឋ ការ​គំរាម​ចាប់ចង​ពលរដ្ឋ និទ្ទណ្ឌភាព​នៅ​ក្នុង​របប​លោក ហ៊ុន សែន តុលាការ​ពុករលួយ អសមត្ថភាព និង​លម្អៀង​នយោបាយ។ សេចក្តី​រាយការណ៍​លីកាដូ បាន​សង្កត់​ធ្ងន់​ថា “នឹង​គ្មាន​ស្ថិរភាព​ពិតប្រាកដ​បាន​ទេ បើ​គ្មាន​សិទ្ធិមនុស្ស និង​នីតិរដ្ឋ” នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ឆ្នាំ​២០០៧ អង្គការ​អង់គ្លេស​ប្រឆាំង​អំពើពុករលួយ​ឈ្មោះ “សាក្សី​ពិភពលោក” (Global Witness) បាន​ផ្សាយ​អត្ថបទ “មែកធាង​គ្រួសារ​ប្រទេស​កម្ពុជា” (Cambodia’s Family Trees) ថ្លែង​អំពី​សមាជិក​គ្រួសារ​លោក ហ៊ុន សែន សហការី​អាជីវកម្ម និង​មន្ត្រី​ជាន់ខ្ពស់​ដែល “សាក្សី​ពិភពលោក” បាន​ដាក់​ឈ្មោះ​ថា​ជា “បន​អភិជន​បំផ្លាញ​ប្រយោជន៍​ជាតិ” (kleptocratic elite) ដែល​ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​កាប់​ព្រៃឈើ​ខុស​ច្បាប់ និង​កិបកេង​ដោះដូរ​យក​ទ្រព្យសម្បត្តិ​សាធារណៈ​នៃ​ប្រទេស​កម្ពុជា ដើម្បី​ជា​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន។

នៅ​ឆ្នាំ​២០០៩ អង្គការ “សាក្សី​ពិភពលោក” បាន​ចេញ​អត្ថបទ “ប្រទេស​សម្រាប់​លក់” (Country for sale) ដោយ​បង្ហាញ​ថា “នៅ​ជាង ១៥​ឆ្នាំ​កន្លងមក​នេះ​មាន​ដីធ្លី​សាធារណៈ​ប្រមាណ​ជា ៤៥​ភាគរយ​ត្រូវ​បាន​បន​បំផ្លាញ​ប្រយោជន៍​ជាតិ​ទិញ​យក ដោយ​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ​បង់​ធានា​សម្បទាន” តែ​ប្រាក់​បង់​ទាំងនោះ​មិន​ឃើញ​មាន​បញ្ចូល​ទៅ​ក្នុង​សេចក្តី​រាយការណ៍​ប្រាក់ចំណូល​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​កម្ពុជា​ទេ។

នៅ​ក្នុង “សេចក្តី​រាយការណ៍​ពិភពលោក​ឆ្នាំ​២០១០” អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ចោទប្រកាន់​របប​លោក ហ៊ុន សែន អំពី​ការ​ប្រើ​អំណាច​តុលាការ​ទៅ​បំបិទ​សំឡេង​អ្នក​រិះគន់ វាយប្រហារ​សកម្មជន​សិទ្ធិមនុស្ស រឹតត្បិត​សេរីភាព​សារព័ត៌មាន និង​ជាន់ឈ្លី​កាតព្វកិច្ច​អន្តរជាតិ​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ក្នុង​ការ​ការពារ​ជនភៀសខ្លួន។

ព្រឹត្តិការណ៍​ទាំងឡាយ​ដែល​អន្តរជាតិ​គេ​បាន​យក​មក​ចុះផ្សាយ​ដូច​មាន​នៅ​ខាងលើ​នេះ នៅតែ​មាន​បន្ត​នៅ​បច្ចុប្បន្នកាល​នេះ​ដែរ។

នៅ​ចុង​ឆ្នាំ​២០២២ កន្លងទៅ​នេះ វេទិកា​ព័ត៌មាន​វិទ្យាសាស្ត្រ​បរិស្ថាន និង​អភិរក្ស ដែល​មាន​ការិយាល័យ​កណ្តាល​នៅ​រដ្ឋ​កាលីហ្វួរន្យា ឈ្មោះ “ម៉ុងហ្គ៉ាបេយ៍” Mongabay បាន​ចុះផ្សាយ​អត្ថបទ​វែង​មួយ​ក្រោម​ចំណងជើង​ថា “ឥស្សរជន​ប្រទេស​កម្ពុជា​លេប​យក​បឹងបួ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​បោះបង់​អ្នក​ក្រ​ខ្សត់​ឲ្យ​នៅ​ឯកោ” ដោយ​ភ្ជាប់​នូវ​រូបភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍។

ជា​សង្ខេប អត្ថបទ​សរសេរ​ថា បឹងបួ​នៅ​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​ចាក់​ខ្សាច់​បំពេញ និង​បែងចែក​យ៉ាង​ឆាប់​រហ័ស​ជា​អចលនទ្រព្យ​មាន​តម្លៃ​ថ្លៃ​ដែល​គេ​លក់​ទៅ​ឲ្យ​អ្នក​មាន​ទ្រព្យសម្បត្តិ និង​អ្នក​មាន​ទំនាក់ទំនង​នយោបាយ។ គ្រួសារ​ខ្មែរ​ដែល​រស់នៅ និង​បាន​បំពេញ​មុខរបរ​ជា​អ្នក​នេសាទ និង​វារីវប្បកម្ម​ជាច្រើន​ជំនាន់​នៅ​តាម​បឹង និង​តំបន់​ដី​សើម​នៅ​ជុំវិញ​បឹង ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​បណ្តេញ​ចេញពី​ទីលំនៅ និង​បាត់បង់​របរ​ចិញ្ចឹម​ជីវិត​របស់​ខ្លួន។

នៅ​ពេល​ដំណាល​គ្នា​នេះ មាន​អ្នកជំនាញ​ព្រមាន​ថា ការ​យក​ដី​ទៅ​ចាក់​បំពេញ​អាង​ស្តុក​ទឹកភ្លៀង​ធម្មជាតិ បាន​បណ្តាល​ឲ្យ​មាន​គ្រោះ​ទឹកជំនន់​ខ្លាំង​ឡើង និង​ឲ្យ​មាន​ការ​ខូចខាត​ដល់​រាជធានី​ភ្នំពេញ​ទៀត​ផង។

បឹង​មួយ​ចំនួន​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ​ធ្លាប់​ជា​កន្លែង​ប្រកប​របរ​វារីវប្បកម្ម និង​កសិកម្ម ហើយ​ក៏​ធ្លាប់​ជា​កន្លែង​ស្តុក​ជំនន់​ទឹកភ្លៀង​ពុំជូកាល ឬ​មិន​ទៀងទាត់​ផង​ដែរ។ ឥឡូវ​នេះ ឧកញ៉ា​មាន​ឥទ្ធិពល និង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​បាន​រឹប​យក​កាន់កាប់​អស់​ហើយ។

បឹង​តាមោក នៅ​ខណ្ឌ​ព្រែកព្នៅ ជា​បឹង​ធំ​ជាងគេ​នៅ​ទីក្រុង​ភ្នំពេញ។ បឹង​តាមោក ធ្លាប់​លាតសន្ធឹង​ជាង ៣២៣៩​ហិកតារ។ ផ្ទៃ​បឹង​ទំហំ ២៣៣៧​ហិកតារ បាន​ត្រូវ​លក់​ទៅ​ឲ្យ​ឯកជន និង​ជូន​ជា​អំណោយ​ដល់​ស្ថាប័ន​រដ្ឋ​ខ្លះ។ ពលរដ្ឋ​ប្រមាណ​ជា ៣០០​គ្រួសារ​បាន​ត្រូវ​បណ្តេញ​ចេញពី​ទីលំនៅ ពីព្រោះ​គេ​ត្រូវការ​ទីកន្លែង​បឹង​សម្រាប់​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម។

បឹង​ទំពុន និង​ដី​សើម​ជើងឯក នៅ​ខណ្ឌ​ដង្កោ ខាងត្បូង​ក្រុង​ភ្នំពេញ ធ្លាប់​មាន​ផ្ទះ​ជាង ១​ពាន់​ខ្នង។ ឥឡូវ​នេះ បឹង​ទំពុន និង​ដី​សើម​ជើងឯក នៅ​ជុំវិញ​បឹង​បាន​ប្រែ​ក្លាយ​ទៅ​ជា​ទីកន្លែង​ខុនដូ​ប្រណិត ផ្សារ​ធំ​ទំនើប និង​កន្លែង​ពាណិជ្ជកម្ម​ថ្មីៗ។

តាម​ការ​ផ្សាយ​របស់​វេទិកា​ព័ត៌មាន​ម៉ុងហ្គ៉ាបេយ៍ អ្នក​សាងសង់​សំខាន់​ជាងគេ​នៅ​បឹង​ទំពុន និង​ដី​សើម​ជើងឯក គឺ​សមាជិក​ព្រឹទ្ធសភា​ឈ្មោះ អ៊ឹង ប៊ុនហូវ នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ កូនស្រី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​នាង ហ៊ុន ម៉ាណា និង​នាង ហ៊ុន ម៉ាឡា ក៏​ព្យាយាម​ទាញ​យក​ផ្ទៃ​បឹង​ទំពុន​សម្រាប់​សង់​ខុនដូ​ប្រណិត​របស់​នាង​ដែរ។ លោក​ឧត្តមសេនីយ៍ សៅ សុខា លោក​មេ​បញ្ជាការ វង់ ពិសេន អតីត​មេ​ប៉ូលិស លោក យ៉ា គឹមអ៊ី លោក​នាយ​ទាហាន ស៊ា សម្បត្តិ និង​លោក ពៅ មៀង បាន​ទទួល​រង្វាន់​ផ្ទៃ​បឹង​តាមោក​ជិត ៣៦​ហិកតារ​ដែរ។ ម៉ុងហ្គ៉ាបេយ៍ បាន​ផ្សាយ​ឈ្មោះ​មនុស្ស​នានា​ដែល​ទទួល​បាន​សារប្រយោជន៍​ពី​បឹង​តាមោក។

តាម​វេទិកា​ព័ត៌មាន​ម៉ុងហ្គ៉ាបេយ៍ អ្នក​មាន​ប្រាក់​ទិញ​ដី​នៅ​បឹង​តាមោក និង​បឹង​ទំពុន មាន​ធនធាន​ចាយវាយ​ទៅ​លើ​បញ្ហា​បរិស្ថាន​ដែល​ពួកគេ​ជួបប្រទះ ក៏ប៉ុន្តែ​ពលរដ្ឋ​ភាគច្រើន​នៅ​ទីក្រុង​ភ្នំពេញ​ត្រូវ​ប្រឈម​គ្រោះថ្នាក់​ធំ​ដោយសារ​ទឹកជំនន់។

អ្នកជំនាញ​ម្នាក់​នៃ​សាកលវិទ្យាល័យ​ឡុងដ៍ ប្រទេស​អង់គ្លេស បាន​ព្រមាន​ថា “វា​ជា​ហានិភ័យ​ធំ​មួយ ដ្បិត​ផ្ទៃដី​ភាគច្រើន​នៃ​ទីក្រុង​ភ្នំពេញ​នឹង​ត្រូវ​ជន់​លិច​ទឹក​ក្នុង​ករណី​មាន​ជំនន់​ធំ។ ទីក្រុង​ទាំងមូល​ធ្លាប់​ជា​តំបន់​ទំនាប​ទឹក អ្វី​ដែល​គេ​សាងសង់​នឹង​ត្រូវតែ​ស្រុត​លិច​ទឹក​នៅ​ក្រោម​ទម្ងន់​របស់​វា”

ខ្ញុំ​រន្ធត់​នៅ​ក្នុង​ចិត្ត​បន្ទាប់ពី​បាន​មើល​នៅ​លើ​ផែនទី​ឃើញ​ថា បឹងបួ​នៅ​ខណ្ឌ​ព្រែកព្នៅ ដែល​ជា​ទីកន្លែង​ដែល​ខ្ញុំ​និង​ក្លើម្រាក់​ធ្លាប់​បាន​រត់​លេង​កាលពី​វ័យ​កុមារ ត្រូវ​បាន​គេ​ចាក់​ដី​លុប។ ឥឡូវ​ទីកន្លែង​ទាំងនោះ​ត្រូវ​បាន​អ្នក​មាន​ប្រាក់​គេ​ទិញ​យក​ទៅ​សង់​អគារ​ផ្សេងៗ​ក្រោម​រូបភាព​អភិវឌ្ឍ​សេដ្ឋកិច្ច​អស់​ហើយ។ ខ្ញុំ​បើក​ខ្សែ​វីដេអូ​នៅ​ក្នុង​គេហទំព័រ “គំនិត​ខ្មែរ” មើល​ឡើងវិញ​នូវ​រូបភាព​ពលរដ្ឋ​នៅ​បឹងកក់ និង​នៅ​បុរីកីឡា ដែល​បាន​ត្រូវ​គេ​បណ្តេញ​ចេញពី​ផ្ទះ គេ​យក​ប៊ុលដូហ្សែរ៍​មក​ឈូស​ផ្ទះ​ឲ្យ​រាប ខណៈ​ម្ចាស់​ផ្ទះ​ខំ​ស្រែក​សំពះ​អង្វរ​ឲ្យ​ឈប់ គេ​យក​ម៉ាស៊ីន​បូម​ខ្សាច់​បង្ហូរ​ទឹក​ពន្លិច​គេហដ្ឋាន ខណៈ​យាយ​ចាស់​ម្ចាស់​ផ្ទះ​ខំ​ព្យាយាម​រើ​បង្វេច​សំពត់​អាវ​នៅ​ពេល​ទឹក​លិច​ពាក់កណ្តាល​ចង្កេះ។ល។និង។ល។ ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចុកចាប់​ជាមួយ​ពលរដ្ឋ​អ្នក​រងគ្រោះ។

នៅ​យុគសម័យ​នៃ​ការ​ច្នៃប្រឌិត (ប្រតិដ្ឋ) លោក ឡូណារ៏ដូ ដា វិនជី (Leonardo da Vinci) ជា​ជាតិ​អ៊ីតាលី កើត​នៅ​ឆ្នាំ​១៤៥២ ស្លាប់​នៅ​ឆ្នាំ​១៥១៩ ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ពេញ​ពិភពលោក បាន​ថ្លែង​ថា៖ “មនុស្ស​ចែក​ចេញ​ជា ៣​ប្រភេទ៖ ប្រភេទ​ទី​១ គឺ​មនុស្ស​ដែល​មើល​ឃើញ ប្រភេទ​ទី​២ គឺ​មនុស្ស​ដែល​មើល​ឃើញ​នៅ​ពេល​គេ​ចង្អុល​បង្ហាញ​ឲ្យ​មើល​ឃើញ ប្រភេទ​ទី​៣ គឺ​មនុស្ស​ដែល​មើល​មិន​ឃើញ”

តើ​មិត្ត​អ្នក​អាន និង​ស្តាប់​ការ​ផ្សាយ​អត្ថបទ​ខ្ញុំ​នៅ​ថ្ងៃ​នេះ យល់​ថា​ខ្មែរ​យើង​សម័យ​បច្ចុប្បន្ន​ជា​មនុស្ស​ប្រភេទ​ណា​មួយ​ដែរ?

អំពី​អ្នកនិពន្ធ៖

បណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីត​យុទ្ធជន “កងទ័ព​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ” ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៨៩ បាន​បង្រៀន​វិទ្យាសាស្ត្រ​នយោបាយ​ចំនួន ១៣​ឆ្នាំ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​នៅ​កោះ Guam ពី​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​២០០៤ ដែល​ជា​ឆ្នាំ​លោក​បាន​ចូល​និវត្តន៍។

លោក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​ទទួល​មរណភាព​កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​រោគាពាធ។ លោក​អ្នក​អាន និង​ស្តាប់​អាច​ចូល​មើល​គេហទំព័រ “គំនិត​ខ្មែរ” របស់​លោក​តាម​អាសយដ្ឋាន www.kumnitkhmer.com

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស