30.4 C
Phnom Penh

លោក រ៉ុង ឈុន នឹង​ហែ​ធម្មយាត្រា​ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម​ដែល​កំពុង​ធ្លាក់​ចុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ គ្រោង​នឹង​ហែ​ធម្មយាត្រា​នៅ​ថ្ងៃទី​០១ ខែ​កុម្ភៈ ចាប់ពី​រូបសំណាក​លោក​យាយ​ពេញ នៅ​រាជធានី​នៅ​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​លោក​ឧកញ៉ា ឃ្លាំង មឿង ខេត្ត​ពោធិ៍សាត់ ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ ខណៈ​លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា​ជា​មេដឹកនាំ​បែប​ហិង្សា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ចុះ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ការ​ហែ​ធម្មយាត្រា​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ខាងមុខ​នេះ ដឹកនាំ​ដោយ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា។

ប្រភព​ដដែល​ថា ការ​ហែ​ធម្មយាត្រា​នឹង​ជួបជុំ​គ្នា​នៅ​រូបសំណាក​លោក​យាយ​ពេញ នៅ​រាជធានី​ភ្នំពេញ​ទៅ​តាម​ផ្លូវជាតិ​លេខ​៦ ដោយ​ឆ្លងកាត់​ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ឆ្នាំង បន្ទាប់មក​ឆ្ពោះ​ទៅ​កាន់​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​លោក​ឧកញ៉ា ឃ្លាំង មឿង ខេត្ត​ពោធិ៍សាត់ ដើម្បី​រៀបចំ​ពិធី​សាសនា រួច​បញ្ចប់​កម្មវិធី​តែម្ដង។

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បញ្ជាក់​ថា ការ​ហែ​ធម្មយាត្រា​នេះ​ក្នុង​គោលបំណង​លើក​កម្ពស់​សីលធម៌​សង្គម​ដែល​បាន​ឆ្លាក់​ចុះ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។ ជាក់ស្ដែង ការ​ថ្លែង​សន្ទរកថា​របស់​មេដឹកនាំ​ម្ដងៗ បាន​ប្រើ​ពាក្យ​អសុរោះ ធ្វើ​ទុក្ខបុកម្នេញ ចាប់​សកម្មជន​នយោបាយ សង្គម សហជីព និង​អ្នក​នយោបាយ​ដាក់​គុក​តាម​អំពើ​ចិត្ត។

ការ​លើកឡើង​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ធ្វើឡើង​ស្រប​ពេល​ដែល​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​ប្រកាស​ប្រើ​ប្រព័ន្ធ​តុលាការ និង​ដំបង​លើ​សកម្មជន ព្រមទាំង​ជេរប្រមាថ​ធ្ងន់ធ្ងរ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង រួម​ទាំង​អ្នក​ដែល​មាន​មតិ និង​ទស្សនៈ​នយោបាយ​ផ្ទុយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

ថ្លែង​នៅ​ក្នុង​វេទិកា​ដែល​ស្ថិត​ក្នុង​សង្កាត់​ព្រែកព្នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៣ នេះ លោក ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួន​អ្នក​រិះគន់​ដាក់​ពន្ធនាគារ​ដោយ​មិន​រុញរា​ទៀត​ឡើយ រាប់​ចាប់តាំងពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​ជាតិ នៅ​ពេល​រក​ឃើញ​ថា​នៅ​បន្ត​សាបព្រោះ​វប្បធម៌​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រៅពី​ព្រមាន មេដឹកនាំ​កាន់​អំណាច ៣៨​ឆ្នាំ​នៅ​កម្ពុជា​រូប​នេះ​ក៏​បាន​ទទួលស្គាល់​ថា លោក​គឺជា​មេដឹកនាំ​បែប​ហិង្សា​ផង​ដែរ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​ពី​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​នៅឡើយ ស្រប​ពេល​ដែល​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ដាក់​លិខិត​ជូនដំណឹង​ទៅ​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចុះ​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣ ជុំវិញ​រឿង​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស