32.9 C
Phnom Penh

លោក រ៉ុង ឈុន សង្ឃឹម​ថា​លោកតា​ឃ្លាំងមឿង​ជួយ​ដាស់​សតិ​អ្នក​នយោបាយ​ឱ្យ​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក រ៉ុង ឈុន បង្ហាញ​ក្ដី​សង្ឃឹម​ថា លោកតា ឃ្លាំងមឿង នឹង​ជួយ​ដាស់​សតិ​អ្នក​នយោបាយ​គ្រប់​និន្នាការ​ឲ្យ​តម្កល់​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ជា​ធំ ដោយ​បញ្ឈប់​ការ​ប្រើ​ពាក្យ​អសុរោះ និង​យក​ខ្មែរ​គ្នា​ឯង​ជា​សត្រូវ។

ការ​បង្ហាញ​ក្ដី​សង្ឃឹម​នេះ បន្ទាប់ពី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចាប់ផ្ដើម​ធម្មយាត្រា​ថ្មើរ​ជើង​ក្នុង​គោលបំណង​លើក​កម្ពស់​សីលធម៌​សង្គម។ ធម្មយាត្រា​ចាប់ផ្ដើម​ចេញ​ដំណើរ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​ខេត្ត​ពោធិ៍សាត់ ក្រោម​ការ​ឃ្លាំមើល​របស់​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី លើកឡើង​ថា ការ​ធ្វើ​ធម្មយាត្រា​ដោយ​មើល​ឃើញ​សីលធម៌​សង្គម​នា​ពេល​បច្ចុប្បន្ន​បាន​ធ្លាក់​ចុះ​ខ្លាំង សូម្បីតែ​លោក ហ៊ុន សែន ដែល​ជា​ថ្នាក់​ដឹកនាំ​កម្ពុជា ក៏​បាន​ប្រើប្រាស់​ពាក្យ​អសុរោះ​ដែរ ដូច្នេះ​អ្នកស្រី​ស្នើ​ទៅ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​លើក​កម្ពស់​សីលធម៌​សង្គម។

ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្បែរ​រូបសំណាក​លោក​យាយ ពេញ ថា ការ​ធ្វើ​ធម្មយាត្រា​ពី​ភ្នំពេញ​ទៅ​ខេត្ត​ពោធិ៍សាត់​នេះ ដើម្បី​រម្លឹក​អ្នក​នយោបាយ​ទាំងអស់​ត្រូវ​គិត​ពិចារណា​មុន​ពេល​បញ្ចេញ​ទស្សនៈ និង​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាពលរដ្ឋ ត្រូវ​គិត​ពី​សីលធម៌។

ក្រៅពី​រម្លឹក​អ្នក​នយោបាយ​ហើយ លោក​ថា​លើក​ទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ ត្រូវ​បញ្ឈប់​ការ​ប្រើ​ពាក្យពេចន៍​ហិង្សា អសុរោះ គប់​ដុំ​ថ្ម ព្រមទាំង​ការ​វាយ​គ្នា​ដោយ​បំពង់ទីប និង​ស្នើ​ទៅ​អ្នកមាន​អំណាច​ឲ្យ​បញ្ឈប់​ការ​រំលោភ​បំពាន​ដីធ្លី​ប្រជាពលរដ្ឋ​ទៀត។

លើស​ពី​នេះ លោក​ក៏ដូចជា​ប្រជាពលរដ្ឋ ចង់​ឃើញ​រដ្ឋាភិបាល និង​តុលាការ​បញ្ចប់​ការ​ឃុំ ព្រមទាំង​ដោះលែង​អ្នក​ជាប់​ឃុំ​ដោយសារ​រឿង​នយោបាយ​ទាំងអស់​ឲ្យ​មាន​សេរីភាព​វិញ ក្នុង​នោះ​មាន​កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ លោក កែវ ថៃ លោក ស៊ុន ធន និង​អ្នក​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ​នា​ពេល​បច្ចុប្បន្ន។

លោក​បញ្ជាក់​ថា ការ​ដោះលែង​អ្នក​ជាប់​ឃុំ​នេះ ដើម្បី​បញ្ចប់​វប្បធម៌​យក​ខ្មែរ​គ្នា​ឯង​ជា​សត្រូវ និង​បង្ហាញ​ពី​សាមគ្គីភាព​រវាង​ខ្មែរ និង​ខ្មែរ ហើយ​ជា​ការ​រួម​គ្នា​ដើម្បី​លើក​កម្ពស់​ជាតិ​ខ្មែរ​ឲ្យ​រុងរឿង​ដូច​ប្រទេស​ជិតខាង។

លោក​ថា ការ​ឈ្លោះ​គ្នា​ដោយ​ចង់​ចាញ់​ឈ្នះ មិន​បាន​ចំណេញ​អ្វី​ឡើយ ផ្ទុយទៅវិញ​មាន​តែ​ធ្វើ​ឲ្យ​ជាតិ​បែកបាក់​តែប៉ុណ្ណោះ ហើយ​អ្នក​រងគ្រោះ​គឺ​ប្រជាពលរដ្ឋ។

លោក រ៉ុង ឈុន បង្ហាញ​ជំនឿ​ថា បារមី​លោក​យាយ ពេញ និង​លោកតា ឃ្លាំងមឿង នឹង​ជួយ​ដាស់​សតិ​អ្នក​នយោបាយ​គ្រប់​និន្នាការ​ឲ្យ​តម្កល់​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ជា​ធំ ព្រមទាំង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ ដោយ​ងាក​ទៅ​សាមគ្គី​គ្នា ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ពួកគាត់​ជ្រើសរើស​ទីតាំង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ដោយសារ​លោក​ឧកញ៉ា ឃ្លាំងមឿង មាន​ស្នាដៃ និង​លះបង់​ខ្ពស់​ដើម្បី​បុព្វហេតុ​ជាតិ។ លោក រ៉ុង ឈុន ថា មូលហេតុ​ដែល​ពួកគាត់​ជ្រើសរើស​ការ​ដើរ​ថ្មើរ​ជើង បង្ហាញ​ពី​ការ​លះបង់​ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស