40.6 C
Phnom Penh

លោក រ៉ុង ឈុន៖ ធម្មយាត្រា​៦​ថ្ងៃ អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ទុក្ខបុកម្នេញ​ខ្លះ​និង​ជួយ​ការពារ​ខ្លះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ត្អូញត្អែរ​ថា ធម្មយាត្រា​រយៈពេល ៦​ថ្ងៃ​បាន​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន ដែល​ជា​ទង្វើ​បំពាន​លើ​សេចក្តី​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។

លោក រ៉ុង ឈុន បាន​លើកឡើង​ក្នុង​ពិធី​ជួបជុំ​បញ្ចប់​ក្បួន​ធម្មយាត្រា​នៅ​បូជនីយដ្ឋាន​ឧកញ៉ា​ឃ្លាំងមឿង នៅ​ថ្ងៃទី​៧ កុម្ភៈ នេះ​ថា ក្បួន​ធម្មយាត្រា​នេះ​ពិត​មែន​តែ​បាន​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ និង​ចូលរួម​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន ប៉ុន្តែ​ក៏​មាន​ការ​រំខាន​ពី​អាជ្ញាធរ​នៅ​ទីតាំង​ខ្លះ​រហូត​អ្នក​ចូលរួម​ទាំងអស់​រក​កន្លែង​ឈប់​សម្រាក​មិន​បាន​ផង​ដែរ ជាពិសេស​ការ​ហាមឃាត់​ពលរដ្ឋ​មិន​ឱ្យ​មក​ចូលរួម​ពិធី​គោរព​នៅ​ទីតាំង​ប្រវត្តិសាស្ត្រ​ឧកញ៉ា​ឃ្លាំងមឿង នៅ​ថ្ងៃ​បញ្ចប់​ក្បួន​ធម្មយាត្រា​នៅ​ថ្ងៃទី​៧ កុម្ភៈ នេះ។

លោក រ៉ុង ឈុន លើកឡើង​ថា ការ​ជួបជុំ​បញ្ចប់​ក្បួន​ធម្មយាត្រា​នៅ​ទីតាំង​ប្រវត្តិសាស្ត្រ​ឧកញ៉ា​ឃ្លាំងមឿង នេះ គឺ​មាន​បំណង​បួងសួង​បន់ស្រន់​សុំ​ឱ្យ​វិញ្ញាណក្ខន្ធ​របស់​ឧកញ៉ា​ឃ្លាំងមឿង បង្វែរ​ចិត្ត​អ្នក​ដឹកនាំ​នយោបាយ​ឱ្យ​បញ្ឈប់​នូវ​ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​នានា និង​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ។

ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា ល្មម​ដល់​ពេល​ដែល​អ្នក​នយោបាយ​ឈប់​គំរាម​កំហែង​ពលរដ្ឋ​បន្ត​ទៀត​ហើយ ព្រោះ​ថា​កម្ពុជា​បាន​ឆ្លងកាត់​នូវ​វិបត្តិ​រាប់​មិន​អស់​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខាតបង់​នូវ​ប្រយោជន៍​គ្រប់ៗ​គ្នា ដូច្នេះ​មាន​តែ​អ្នក​នយោបាយ​ងាក​មក​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ ដោយ​ការ​បើក​នូវ​សិទ្ធិ​សេរីភាព​ឱ្យ​ពលរដ្ឋ​អាច​ចូលរួម​សកម្មភាព​នយោបាយ​តាម​ឆន្ទៈ​របស់​ពួកគេ​ប៉ុណ្ណោះ ទើប​អាច​ជួយ​ឱ្យ​កម្ពុជា​បញ្ចប់​នូវ​វិបត្តិ​គ្រប់​យ៉ាង​ដែល​កំពុង​កើតមាន​សព្វថ្ងៃ​នេះ​បាន។

ក្បួន​ធម្មយាត្រា​ដែល​ដឹកនាំ​ដោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម​បាន​បញ្ចប់​ហើយ​នៅ​ទីតាំង​ប្រវត្តិសាស្ត្រ​ឧកញ៉ា​ឃ្លាំងមឿង នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ ប៉ុន្តែ​ពលរដ្ឋ​ដែល​មកពី​ទីតាំង​ផ្សេងៗ​ដើម្បី​ចូលរួម​ជួបជុំ​ធ្វើ​ពិធី​បន់ស្រន់ សែនព្រេន​នៅ​ក្នុង​ពិធី​បញ្ចប់​ធម្មយាត្រា​នេះ ត្រូវ​បាន​អាជ្ញាធរ​រារាំង​ជាច្រើន​នាក់​ដែល​មកពី​ខេត្ត​ផ្សេងៗ ដូចជា​ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ឆ្នាំង ជាដើម ដែល​ធ្វើ​ឱ្យ​ពួកគេ​មិន​អាច​ចូលរួម​ពិធី​នោះ​បាន។

កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ លោក រ៉ុង ឈុន បាន​លើកឡើង​ក្នុង​ពិធី​ចេញ​ដំណើរ​ក្បួន​ធម្មយាត្រា​ដែល​បាន​ជួបជុំ​គ្នា​នៅ​បរិវេណ​រូបសំណាក​លោក​យាយ​ពេញ ថា លោកតា​ឃ្លាំងមឿង នឹង​ជួយ​ដាស់​សតិ​អ្នក​នយោបាយ​គ្រប់​និន្នាការ​ឲ្យ​តម្កល់​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ជា​ធំ ដោយ​បញ្ឈប់​ការ​ប្រើ​ពាក្យ​អសុរោះ និង​យក​ខ្មែរ​គ្នាឯង​ជា​សត្រូវ​បន្ត​ទៀត។

ចំណែក​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី លើកឡើង​ថា ការ​ធ្វើ​ធម្មយាត្រា​ដោយ​មើល​ឃើញ​សីលធម៌​សង្គម​នា​ពេល​បច្ចុប្បន្ន​បាន​ធ្លាក់​ចុះ​ខ្លាំង សូម្បីតែ​លោក ហ៊ុន សែន ដែល​ជា​ថ្នាក់​ដឹកនាំ​កម្ពុជា ក៏​បាន​ប្រើប្រាស់​ពាក្យ​អសុរោះ​ដែរ ដូច្នេះ​អ្នកស្រី​ស្នើ​ទៅ​ពលរដ្ឋ​ឲ្យ​ចូលរួម​លើក​កម្ពស់​សីលធម៌​សង្គម​ឱ្យ​បាន​គ្រប់ៗ​គ្នា។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ពិត​ជា​បាន​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​ធ្វើ​ធម្មយាត្រា​មែន ប៉ុន្តែ​លោក​ថា​ក្រសួង​បាន​ណែនាំ​ទៅ​អ្នក​ទាំងនោះ​ត្រូវ​ធ្វើ​ការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជួយ​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​កុំ​ឱ្យ​មាន​បញ្ហា​ប្រឈម​នានា​ដែល​កើតឡើង​ជាដើម។

តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​អនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ហែ​ធម្មយាត្រា​នេះ​ក្នុង​ចំនួន​មនុស្ស​ប្រមាណ ៥០​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស