34.8 C
Phnom Penh

លោក រ៉ុង ឈុន និង​បណ្ឌិត សុក ហាច ត្រូវ​បាន​ជ្រើស​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជ​វិសាមញ្ញ​គណបក្ស​ភ្លើង​ទៀន បាន​សម្រេច​ជ្រើសតាំង​លោក រ៉ុង ឈុន និង​បណ្ឌិត សុក ហាច ជា​អនុប្រធាន​គណបក្ស ដើម្បី​កំណត់​យុទ្ធសាស្ត្រ និង​គោល​នយោបាយ​របស់​ខ្លួន​សម្រាប់​ការ​ចូលរួម​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

សមាជ​វិសាមញ្ញ​ដែល​បាន​ប្រារព្ធ​ធ្វើ​នា​ព្រឹក​ថ្ងៃ​សៅរ៍ នៅ​ភូមិ​ព្រៃគុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប គឺ​ដើម្បី​កំណត់​យុទ្ធសាស្ត្រ និង​គោលនយោបាយ​មុន​នឹង​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២៣។ ការ​ជ្រើសតាំង​អ្នក​នយោបាយ ២​រូប​បន្ថែម​ទៀត​ឲ្យ​ធ្វើ​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ធ្វើ​ឲ្យ​ចំនួន​អនុប្រធាន​គណបក្ស​នេះ​កើន​ដល់ ៦​រូប។

លោក រ៉ុង ឈុន ថ្លែង​នៅ​ចំពោះ​មុខ​សមាជិក​គណបក្ស​ថា លោក​ទើប​សម្រេច​កាលពី​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៣ ដើម្បី​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន។ លោក​ចង់​ឃើញ​ស្នាម​ញញឹម​របស់​ពលរដ្ឋ​នៅ​ពេល​ក្រោក​ពី​ដំណេក។ លោក​ថា នេះ​ជា​ក្តី​សុបិន​រួម​ចង់​ឃើញ​សង្គម​កម្ពុជា​មាន​យុត្តិធម៌។

លោក រ៉ុង ឈុន ធ្លាប់​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​តាំង​អំឡុង​ទសវត្ស​១៩៩០ ជាមួយ​គណបក្ស​ជាតិ​ខ្មែរ ដែល​ក្រោយ​មក​ដូរ​មក​ជា​គណបក្ស សម រង្ស៊ី និង​ចុងក្រោយ​នេះ​ដូរ​ឈ្មោះ​មក​ជា​គណបក្ស​ភ្លើង​ទៀន។

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រូប​នេះ ក៏​ធ្លាប់​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ផង​អំឡុង​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។ លោក រ៉ុង ឈុន ធ្លាប់​ជាប់​ពន្ធនាគារ ២​ដង​ទាក់ទង​រឿង​អត្ថាធិប្បាយ​ពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម។

ចំណែក​បណ្ឌិត សុក ហាច ដែល​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច ដែល​អង្គ​សមាជ​បោះឆ្នោត​ជ្រើសតាំង​ជា​អនុប្រធាន​គណបក្ស​ប្រឆាំង បាន​ថ្លែង​នៅ​ចំពោះ​មុខ​សមាជិក​បក្ស​ថា តួនាទី​ជា​អនុប្រធាន​គណបក្ស​នេះ គឺ​ជា​អម្រែក​ដ៏​ធំ​មួយ​សម្រាប់​រូបលោក​ក្នុង​ការ​ផ្លាស់ប្ដូរ​ពី​ក្រ​ទៅ​មាន។ លោក​ថា ការ​ផ្លាស់ប្ដូរ​ពី​ក្រ​ទៅ​មាន គឺ​មាន​ន័យ​ថា​ធ្វើ​ឲ្យ​កសិករ​មាន​ជីវភាព​ធូរធារ​តាមរយៈ​លក់​ថ្លៃ ទិញ​ថោក។

កាលពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៣ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែ បាន​ព្រមាន​ប្តឹង​គណបក្ស​ភ្លើង​ទៀន​ទៅ​តុលាការ បន្ទាប់ពី​គណបក្ស​នេះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៨ ខែ​មករា ដោយ​ប្រកាស​ប្រឆាំង​ដាច់ខាត​លើ​ការ​គាបសង្កត់ ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​គ្រប់​រូបភាព​ពី​គណបក្ស​កាន់​អំណាច និង​ទាមទារ​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំងនេះ​ជាបន្ទាន់។

ប៉ុន្តែ​ក្រោយ​ការ​គំរាមកំហែង​របស់​លោក ហ៊ុន សែន គណបក្ស​ភ្លើង​ទៀន​បាន​កែ​ខ្លឹមសារ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​វិញ​ភ្លាមៗ​ផង​ដែរ។

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​បក្ស​ភ្លើង​ទៀន​នេះ ធ្វើឡើង​បន្ទាប់ពី​គណបក្ស​កាន់​អំណាច​ប្ដឹង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ទៅ​តុលាការ​ជា​បន្តបន្ទាប់ ដូចជា​លោក សុន ឆ័យ លោក គង់ គាំ ដោយ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ផង​ដែរ។

ជាង​នេះ​ទៀត តុលាការ​ក៏​បាន​ចាប់​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា ដោយ​លើក​យក​បទ​ចោទ​មិន​សម​ហេតុផល ដែល​ចោទ​ថា​លោក​បាន​ចេញ​សែក​ស្អុយ​តាំងពី​ឆ្នាំ​២០១៩ មក​អនុវត្ត​នៅ​ពេលនេះ​ថែម​ទៀត។

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​អាណត្តិ​ទី​៧ នេះ គណបក្ស​ដែល​មាន​សក្ដានុពល​នៅ​កម្ពុជា គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន តែ​មួយ​គត់​ដែល​ចូលរួម ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​គេ​ចាត់ទុក​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវ​តុលាការ​រំលាយ ចំណែក​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ក៏​ត្រូវ​រង​នូវ​បណ្តឹង​តាម​ផ្លូវ​តុលាការ​ថែម​ទៀត។ បញ្ហា​នេះ ពួកគេ​នឹង​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ​បាន​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស