29 C
Phnom Penh

TI៖ អំពើពុករលួយ​នៅ​កម្ពុជា​គឺជា​រនាំង​បិទ​មិន​ឱ្យ​ក្រុមហ៊ុន​បរទេស​ស្អាតស្អំ​ចូល​មក​វិនិយោគ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​តម្លាភាព​កម្ពុជា (TI) លើកឡើង​ថា ការ​ចាក់​កាន់តែ​ជ្រៅ​នៃ​អំពើពុករលួយ​នៅ​កម្ពុជា​ក្នុង​ស្ថាប័ន​រដ្ឋ គឺជា​រនាំង​យ៉ាង​ធំ​បិទ​មិន​ឱ្យ​ក្រុមហ៊ុន​បរទេស​ស្អាតស្អំ​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រធាន​កម្មវិធី​សុចរិតភាព​ធុរកិច្ច និង​ធនធាន​រ៉ែ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក តុង សុប្រាជ្ញ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​២១ កុម្ភៈ ថា អំពើពុករលួយ​នៅ​កម្ពុជា​បាន​កើតមាន​ក្នុង​ស្ថាប័ន​រដ្ឋ​នានា ដូចជា​ក្រសួង​ពន្ធដារ និង​ស្ថាប័ន​តុលាការ ជាដើម ដែល​លេច​ឡើង​តាមរយៈ​នៃ​ការ​តវ៉ា​របស់​ជនរងគ្រោះ និង​តាមរយៈ​លិខិត​របស់​ក្រសួង​ដែល​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ចូល​ខ្លួន​ដោះស្រាយ​បំណុល​ពន្ធ​ជូន​រដ្ឋ ជាដើម។

លោក តុង សុប្រាជ្ញ អះអាង​ថា បើ​ទោះបីជា​អំពើពុករលួយ​កើតមាន​នៅ​កម្ពុជា​រហូត​សហគមន៍​អន្តរជាតិ​ដាក់​ពិន្ទុ​ឱ្យ​ស្ថិត​ក្នុង​លេខ​រៀង​ដ៏​អាក្រក់​ក៏ដោយ ក៏​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ជាដើម មិន​សូវ​ឃើញ​មាន​វិធានការ​ស៊ើបអង្កេត​លើ​ស្ថាប័ន​នានា​ដែល​មន្ត្រី​នៃ​ស្ថាប័ន​នោះ​កំពុង​សម្ងំ​កេងប្រវ័ញ្ច​លុយ​ជាតិ​នោះ​ទេ។

មន្ត្រី​ជាន់ខ្ពស់​អង្គការ​តម្លាភាព​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​អំពើពុករលួយ​កាន់តែ​រីក​ដុះដាល និង​កាន់តែ​ចាក់ឫស​ចូល​ជ្រៅ​នៅ​កម្ពុជា អ្នក​ដែល​រង​នូវ​ផល​ប៉ះពាល់​ពី​បញ្ហា​នេះ គឺ​មាន​តែ​មន្ត្រី​រាជការ​ដែល​ស្មោះត្រង់ និង​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត វិបត្តិ​ផ្សេងៗ ដូចជា​អយុត្តិធម៌​សង្គម គ្រឿងញៀន អំពើ​ជួញដូរ​មនុស្ស និង​ការ​លាង​លុយ​កខ្វក់ ជាដើម នឹង​កើតមាន​យ៉ាង​អនាធិបតេយ្យ​ជាមិនខាន។

កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២២ កន្លងទៅ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​លាតត្រដាង​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១៥៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ នៅ​លើ​ពិភពលោក​ជុំវិញ​នៃ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ឆ្នាំ​២០២១។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លងទៅ​ថា យុទ្ធសាស្ត្រ​ប្រឆាំង​អំពើពុករលួយ​របស់​រដ្ឋាភិបាល​មាន​ចំណុច​មួយ​ចំនួន​ដំណើរការ​ទៅ​ដោយ​មាន​ភាព​ប្រសើរ ប៉ុន្តែ​លោក​ថា​សម្រាប់​ការ​អនុវត្ត​ច្បាប់​នៅ​ខ្សោយ និង​មិន​មាន​តម្លាភាព ចំណែក​ការ​បង្កើត​ច្បាប់​សំខាន់ៗ​មួយ​ចំនួន​ដែល​ចាំបាច់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​នៅ​មាន​ភាព​យឺតយ៉ាវ​នៅឡើយ។

លោក ប៉ិច ពិសី បញ្ជាក់​ថា នៅ​កម្ពុជា ការ​ប្រព្រឹត្ត​អំពើពុករលួយ​ខ្នាត​តូច​ទាក់ទង​នឹង​ការ​ផ្តល់​សេវា​សាធារណៈ​តាម​មូលដ្ឋាន​មាន​តិច​ជាង​មុន ប៉ុន្តែ​សម្រាប់​អំពើពុករលួយ​ធំៗ​ដែល​ពាក់ព័ន្ធ​នឹង​បក្ខពួក សែស្រឡាយ ការ​ឃុបឃិត​គ្នា​រវាង​អ្នក​មាន​អំណាច អ្នក​មាន​លុយ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ។

មាត្រា​១ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ ចែង​ថា ច្បាប់​នេះ​មាន​គោលបំណង​លើក​កម្ពស់​ប្រសិទ្ធភាព​សេវា​គ្រប់​បែប​យ៉ាង ពង្រឹង​អភិបាលកិច្ច និង​នីតិរដ្ឋ​នៅ​ក្នុង​ការ​ដឹកនាំ និង​ការ​គ្រប់គ្រង​រដ្ឋ ព្រមទាំង​រក្សា​ភាព​ស្អាតស្អំ និង​យុត្តិធម៌​ដែល​ជា​មូលដ្ឋាន​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ និង​កាត់បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ។

យ៉ាងណាក៏ដោយ កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ត្រូវ​បាន​ដឹកនាំ​ផ្ទុយ​ពី​គោលបំណង​នៃ​ច្បាប់​នេះ​ទាំងស្រុង ដូចជា​ការ​លេច​ចេញ​នូវ​ភាព​អយុត្តិធម៌​សង្គម ជាដើម ដែល​មាន​ការ​លើកឡើង​ពី​ពលរដ្ឋ​រងគ្រោះ​ជាបន្តបន្ទាប់​ថា តុលាការ​ស៊ីសំណូក​ជាមួយ​អ្នក​មាន​លុយ និង​មាន​អំណាច​យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លងទៅ​ថា លោក​បាន​សង្កេត​ឃើញ​ថា ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​គ្រាន់តែ​ជា​ទីផ្សារ​ទិញ​លក់​រឿង​ក្តី​យ៉ាង​អនាធិបតេយ្យ​ប៉ុណ្ណោះ អំឡុង​ពេល​ដែល​លោក​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១​ឆ្នាំ ដែល​រង​នូវ​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស