35 C
Phnom Penh

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ដោយ​ក្រុមហ៊ុន លី យ៉ុងផាត់ ម្នាក់​ស្លាប់​និង​៤​នាក់​សន្លប់​អំឡុង​រង់ចាំ​ជួប​អភិបាល​ខេត្ត​កោះកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ម្នាក់​បាន​ស្លាប់ និង ៤​នាក់​ទៀត​សន្លប់ នៅ​អំឡុង​ពេល​រង់ចាំ​ជួប​អភិបាល​ខេត្ត​កោះកុង ដើម្បី​ស្នើសុំ​ឲ្យ​អភិបាល​ខេត្ត​នេះ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​ពី​ខាង​បក្ស​កាន់​អំណាច ខណៈ​វិវាទ​ដីធ្លី​នេះ​អូស​បន្លាយ​រយៈពេល​ជាង ១០​ឆ្នាំ​ហើយ។

បើ​តាម​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​របស់​ពលរដ្ឋ​រងគ្រោះ​ដែល​បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅ​ខាងមុខ​សាលា​ខេត្ត​កោះកុង កាលពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៣។ ពលរដ្ឋ ៤​នាក់​សន្លប់ ក្នុង​នោះ​មាន​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង អំឡុង​ពេល​ដែល​រង់ចាំ​ជួប​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង បន្ទាប់ពី​ពួកគេ​បាន​ដាក់​ញត្តិ​ទៅ​អភិបាល​ខេត្ត​រូប​នេះ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគេ ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន អ្នកស្រី មិថុនា ភូថង មិនទាន់​ឆ្លើយតប​ញត្តិ​របស់​ពលរដ្ឋ​ដែល​បាន​ដាក់​នៅឡើយ។

កត្តា​ដែល​នាំ​ឲ្យ​ពលរដ្ឋ​សន្លប់ និង​ស្លាប់ ដោយសារតែ​ពួកគេ​ឈរ​នៅ​មុខ​សាលា​ខេត្ត​ចំនួន ៩​ម៉ោង​ចាប់ពី​ម៉ោង ៧​ព្រឹក​រហូត​ដល់​ម៉ោង ៤​រសៀល​នៅ​ពី​ក្រោម​កម្ដៅ​ថ្ងៃ​ក្តៅ​យ៉ាង​ខ្លាំង និង​បន្ត​សម្រាក​នៅ​ខាងមុខ​ខេត្ត​កោះកុង ទោះបី​យប់​ក្ដី ទាំង​ហាល​វាល ឬ​ហាល​ទឹក​សន្សើម​យ៉ាងណា​ក៏ដោយ​នោះ។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ដែល​បាន​ស្លាប់​នោះ​មាន​ឈ្មោះ អូក ឆេក ភេទ​ប្រុស អាយុ​ជាង ៥០​ឆ្នាំ ជា​ជន​ពិកា​ជើង​ម្ខាង និង​មាន​ជីវភាព​ក្រីក្រ ដោយ​បច្ចុប្បន្ន ជនរងគ្រោះ​រូប​នេះ​រស់​ក្នុង​ភូមិ​កណ្ដោល ឃុំ​កណ្ដោល ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។

ទោះបីជា​ពួកគេ​រង់ចាំ​ទាំង​កណ្ដាល​ថ្ងៃ​ក្ដៅ​ខ្លាំង និង​ទាំង​យប់ រហូត​ធ្វើ​ឲ្យ​ពលរដ្ឋ​សន្លប់ និង​ស្លាប់​ក្ដី អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង មិន​បាន​អើពើ​យកចិត្ត​ទុកដាក់​លើ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ឡើយ ដោយ​អ្នកស្រី​បាន​ពន្យារ​ពេល​ក្នុង​ការ​អនុញ្ញាត​ឲ្យ​តំណាង​ពលរដ្ឋ​ចូល​ជួប។

យ៉ាងណាក៏ដោយ ការ​ឡើង​មក​តាមដាន​ញត្តិ​ដោយ​មាន​ទាំង​សម្ភារៈ​កន្ទេល ខ្នើយ និង​តង់​មក​ប្រមូលផ្ដុំ​ខាងមុខ​សាលា​ខេត្ត​នេះ ដោយ​រង់ចាំ​ជួប​អភិបាល​ខេត្ត​កោះកុង ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​រក​កិច្ច​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​ស្ករអំពៅ​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជម្លោះ​ដីធ្លី​នេះ​បាន​អូស​បន្លាយ​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ​នោះ។

តំណាង​ពលរដ្ឋ​មួយ​រូប គឺ​អ្នកស្រី ភាព តេង អះអាង​ថា ពលរដ្ឋ​ចំនួន ២៤៣​គ្រួសារ​នៅ​សហគមន៍​ព្រលាន​ក្នុង​ឃុំ​កណ្ដោល ស្រុក​បុទុមសាគរ ត្រូវ​បាន​ក្រុមហ៊ុន Koh Kong Sugar និង Koh Kong Plantation Industry របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដី និង​ផល​ដំណាំ​របស់​គាត់​អស់​ជាច្រើន​ហិកតារ​កាលពី​ឆ្នាំ​២០០៦ ហើយ​អាជ្ញាធរ​បាន​គំរាមកំហែង​មិន​ឲ្យ​ពលរដ្ឋ​ចេញ​តវ៉ា​ប្រឆាំង និង​បាន​គំរាម​ចាប់​ខ្លួន​ពួកគាត់​ដាក់​ពន្ធនាគារ​ផង​ដែរ បើ​ទោះបីជា​ដី​នោះ​ពួកគាត់​បាន​ចូល​ទៅ​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៩៥។

ក្រៅពី​បាត់បង់​ដីធ្លី​ដោយ​ក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុងផាត់ រំលោភ​យក​ហើយ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កោះកុង លោក ឡោ ក្រឹម កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ បាន​សម្រេច​ដាក់​ឲ្យ​តំណាង​ពលរដ្ឋ ៧​នាក់​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ក្រោយ​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​បទ​ចោទ «អំពើ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​អំពើ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ»

តំណាង​ពលរដ្ឋ ៧​នាក់ ក្នុង​នោះ​អ្នកស្រី ភាព តេង អ្នកស្រី ណុយ សុខ អ្នកស្រី ទន់ ឡាយ លោក តូច ង៉ាន់ លោក ឃង់ រុច និង​តំណាង​ពលរដ្ឋ​ផ្សេង​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស