38 C
Phnom Penh

ក្រសួង​អប់រំ​ឱ្យ​គ្រឹះស្ថាន​អប់រំ​រដ្ឋ​និង​ឯកជន​ឈប់​សម្រាក​ជិត​១​ខែ​ដើម្បី​រៀបចំ​កីឡា​ស៊ីហ្គេម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ឲ្យ​គ្រឹះស្ថាន​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ឈប់​សម្រាក​ជិត ១​ខែ ដើម្បី​រដ្ឋាភិបាល​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា គ្រឹះស្ថាន​អប់រំ​កុមារ​តូច និង​សេវា​អប់រំ​កុមារ​តូច គ្រឹះស្ថាន​បឋមសិក្សា គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​អប់រំ​បច្ចេកទេស​ផ្នែក​សាធារណៈ​ទាំងអស់ ត្រូវ​អនុវត្ត​វិស្សមកាល​ធំ​ចាប់ពី​ថ្ងៃទី​២០ ខែ​មេសា ដល់​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៣។

ចំណែក​គ្រឹះស្ថាន​អប់រំ​កុមារ​តូច និង​សេវា​អប់រំ​កុមារ​តូច គ្រឹះស្ថាន​បឋមសិក្សា គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​ផ្នែក​ឯកជន​ទាំងអស់ ត្រូវ​ឈប់​សម្រាក​ចាប់ពី​ថ្ងៃទី​២០ ខែ​មេសា ដល់​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៣ តាម​ការ​គួរ។

សម្រាប់​គ្រឹះស្ថាន​ឧត្ដមសិក្សា​ទាំង​សាធារណៈ និង​ឯកជន ត្រូវ​ឈប់​សម្រាក​ចាប់ពី​ថ្ងៃទី​២០ ខែ​មេសា ដល់​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៣។

ការ​សម្រេច​បែប​នេះ ក្រសួង​អប់រំ​ថា​ដើម្បី​ចូលរួម​រក្សា​សណ្ដាប់ធ្នាប់​សុវត្ថិភាព​អំឡុង​ពេល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​០៥ ខែ​ឧសភា ដល់​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣។

កាលពី​ថ្ងៃទី​២១ ខែ​មីនា នេះ ព្រះមហាក្សត្រ ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​ប្រទាន​ភ្លើង​ជ័យ​កីឡា​នៅ​បរិវេណ​ខាងមុខ​ប្រាសាទ​អង្គរវត្ត ដើម្បី​បើក​ការ​ប្រកួត​កីឡា​ស៊ីហ្គេម និង​ប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) នៅ​ខែ​ឧសភា ខាងមុខ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស