តុលាការក្រុងភ្នំពេញព្រមានថា អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន អាចនឹងត្រូវចាប់ខ្លួន ប្រសិនបើមិនអនុវត្តតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញទេនោះ បន្ទាប់ពីរូបគាត់ធ្វើសកម្មភាពនយោបាយក្នុងនាមជាមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ត្រូវសារព័ត៌មានដែលស្និទ្ធនឹងបក្សកាន់អំណាច Fresh News ស្រង់សម្ដីថា លោក រ៉ុង ឈុន បច្ចុប្បន្នស្ថិតក្នុងដំណាក់កាលអនុវត្តទោសតាមសាលដីការបស់តុលាការកំពូល ដែលបានចេញកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយលោក និល ណុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះលើសំណុំរឿងនោះ។
អ្នកនាំពាក្យខាងលើលើកឡើងថា ក្នុងកាលៈទេសៈនេះ លោក រ៉ុង ឈុន អាចនឹងត្រូវចាប់ខ្លួន ប្រសិនបើគាត់មិនអនុវត្តតាមដីការបស់តុលាការកំពូលដែលចេញកន្លងមក ហើយគាត់ក៏មិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតបានដែរ ប្រសិនបើគាត់មិនទាន់បានស្ដារនីតិសម្បទារបស់ខ្លួនឡើងវិញឲ្យបានទាន់ពេលនៅមុនការបោះឆ្នោតខាងមុខនេះទេនោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោក រ៉ុង ឈុន កំពុងធ្វើសកម្មភាពនយោបាយក្នុងនាមជាមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន បន្ទាប់ពីលោកត្រូវបានតុលាការដាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីឆ្នាំ២០២១ កន្លងទៅ។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ តុលាការកំពូលបានតម្កល់សាលដីកាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ដែលបានកំណត់ផ្ដន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ប៉ុន្តែត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ ៣ខែ ១១ថ្ងៃ ខណៈទោសដែលនៅសល់ត្រូវព្យួរសាកល្បងរយៈពេល ៣ឆ្នាំ។
សាលដីកាខាងលើបញ្ជាក់ថា ក្នុងដំណាក់កាលនេះ លោក រ៉ុង ឈុន ត្រូវអនុវត្តវិធានការត្រួតពិនិត្យរបស់តុលាការដាច់ខាត ដូចជាត្រូវតែគោរពតាមដីកាកោះរបស់ព្រះរាជអាជ្ញា ឬរបស់បុគ្គលដែលព្រះរាជអាជ្ញាបានប្រគល់អំណាចឲ្យ ត្រូវមកទទួលនូវការមកពិនិត្យមើលរបស់បុគ្គលដែលព្រះរាជអាជ្ញាបានប្រគល់អំណាចឲ្យ ត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញាអំពីការផ្លាស់ប្ដូរអាសយដ្ឋាន និងមុខរបររបស់ខ្លួន និងត្រូវតែមានការអនុញ្ញាតពីព្រះរាជអាជ្ញាមុនពេលធ្វើដំណើរទៅបរទេស ព្រមទាំងវិធានការមួយចំនួនទៀត។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ ឧសភា នេះថា លោក រ៉ុង ឈន អាចមានហេតុផលគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងការព្រមានរបស់តុលាការក្នុងការចាប់ខ្លួនលោក ព្រោះថាក្រសួងមហាផ្ទៃមិនបានជំទាស់ទៅនឹងគណបក្សភ្លើងទៀនដែលបានតែងតាំងលោកជាអនុប្រធានរបស់គណបក្សនោះឡើយ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា លោកមិនយល់ពីនីតិវិធីរបស់តុលាការទេ ព្រោះក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌មិនបានហាមប្រាមសកម្មភាពរបស់លោក រ៉ុង ឈុន ក្នុងការចូលរួមកិច្ចការនយោបាយជាមួយគណបក្សភ្លើងទៀននោះឡើយ ដែលបញ្ហានេះបង្ហាញឱ្យឃើញពីការអនុវត្តនូវប្រព័ន្ធយុត្តិធម៌មិនស្របទិសគ្នាចំពោះស្ថាប័នអនុវត្តច្បាប់ទាំងនេះ។
ចំណែកអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ ឧសភា នេះថា លោកមិនដឹងថាតុលាការព្រមានលោក រ៉ុង ឈុន នូវកំហុសត្រង់ចំណុចណានោះទេ ព្រោះបើតាមពិនិត្យលើបម្រាមដីការបស់តុលាការផ្ទៀងផ្ទាត់ជាមួយសកម្មភាពរបស់លោក រ៉ុង ឈុន កន្លងមក លោកមើលមិនឃើញថា មន្ត្រីបក្សភ្លើងទៀនរូបនេះបានបំពានដីការបស់តុលាការត្រង់ចំណុចណានោះទេ។
លោក ស៊ឹង សែនករុណា បញ្ជាក់ថា ប្រសិនបើសកម្មភាពរបស់លោក រ៉ុង ឈុន កន្លងមកបានជួយដល់ផលប្រយោជន៍ជាតិ គួរតែមានការបើកចំហឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យលោកអាចធ្វើកិច្ចការទាំងនោះឱ្យបានកាន់តែច្រើន ចៀសវាងនូវការរឹតបន្តឹងសិទ្ធិសេរីភាពស្របច្បាប់ដែលលោកបានអនុវត្ត នាំឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិទៅថ្ងៃមុខ។
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីរងនូវការចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយពីលោកចុះទៅពិនិត្យព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ និងបានចេញសេចក្តីថ្លែងការណ៍អំពីភាពមិនប្រក្រតីអំពីការបោះបង្គោលព្រំដែនថ្មីរវាងកម្ពុជា-វៀតណាម នៅពេលនោះ។
ក្រោយពីជាប់ពន្ធនាគារប្រមាណជាង ១ឆ្នាំ លោក រ៉ុង ឈុន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ខណៈទោសដែលនៅសល់ត្រូវបានតុលាការកំពូលសម្រេចឱ្យព្យួរសាកល្បងចំនួន ៣ឆ្នាំឯណោះ។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន បានអះអាងថា លោកបានសង្កេតឃើញថា ប្រព័ន្ធច្បាប់នៅកម្ពុជាគ្រាន់តែជាទីផ្សារទិញលក់រឿងក្តីយ៉ាងអនាធិបតេយ្យប៉ុណ្ណោះ អំឡុងពេលដែលលោកត្រូវបានតុលាការឃុំខ្លួនអស់រយៈពេលជាង ១ឆ្នាំកាលពីពេលកន្លងទៅនោះ។
ទាក់ទិននឹងបញ្ហានេះ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក រ៉ុង ឈុន ដើម្បីសុំការបំភ្លឺជុំវិញករណីនេះបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕