31 C
Phnom Penh

លោក សម រង្ស៊ី៖ លោក រ៉ុង ឈុន នឹង​ត្រូវ​រារាំង​មិន​ឱ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​ឱ្យ​បក្ស​ភ្លើង​ទៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​នេះ មុន​នឹង​ការ​បោះឆ្នោត​ជាតិ​មក​ដល់ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន នឹង​ប្រើ​តុលាការ ព្រមទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឲ្យ​រារាំង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក រ៉ុង ឈុន មិន​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ​ជាមិនខាន។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា លោក ហ៊ុន សែន នឹង​កម្ចាត់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក រ៉ុង ឈុន ចេញពី​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ភ្លើង​ទៀន ក្រោម​លេស​ថា លោក រ៉ុង ឈុន ជា​ទណ្ឌិត​ដែល​មិនទាន់​បាន​ទទួល​នីតិសម្បទា​ពេញលេញ​ឡើងវិញ ដូច្នេះ​គាត់​នឹង​មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​បាន​ទេ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ការ​ធ្វើ​បែប​នេះ​គឺ​ដោយសារតែ​លោក ហ៊ុន សែន ខ្លាច​លោក រ៉ុង ឈុន ឈរ​ឈ្មោះ​នៅ​ខេត្ត​កណ្តាល ដូច​គាត់​ដែរ សម្រាប់​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ស្រប​ពេល​លោក រ៉ុង ឈុន មាន​ប្រជាប្រិយភាព​ខ្ពស់​ជាង​លោក ហ៊ុន សែន ឆ្ងាយ​ណាស់ ជាពិសេស​ក្នុង​ចំណោម​កម្មករ មន្ត្រី​រាជការ និង​គ្រូបង្រៀន។ ជាង​នេះ​ទៀត លោក រ៉ុង ឈុន ក៏​ធ្លាប់​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ហើយ​បាន​ចេញ​មុខ​ការពារ​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ថែម​ទៀត។

លោក សម រង្ស៊ី បញ្ជាក់​ថា ទាំង​ប្រជារាស្ត្រ​ខ្មែរ ទាំង​សហគមន៍​អន្តរជាតិ មិន​អាច​ទទួលយក​លេស​របស់​លោក ហ៊ុន សែន បាន​ទេ ត្បិត​ជា​ល្បិច​មួយ​ដ៏​ស្មោកគ្រោក​មួយ​ដែល​លោក ហ៊ុន សែន ត្រូវតែ​ធ្វើ​ដើម្បី​ចៀសវាង​ការ​ប្រកួតប្រជែង​ដោយ​សេរី សេរី និង​យុត្តិធម៌​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​គូស​បញ្ជាក់​ថា ផ្អែក​លើ​ប្រជាប្រិយភាព​របស់​លោក រ៉ុង ឈុន គាត់​អាច​ឈរ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​តំណាង​ឲ្យ​កម្លាំង​ប្រជាធិបតេយ្យ​ដែល​ប្រឆាំង​នឹង​ការ​ដឹកនាំ​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ក្នុង​ពេលនេះ។

កាលពី​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០២៣ សាលា​ដំបូង​រាជធានី​ភ្នំពេញ ព្រមាន​ថា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន នៅ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អនុវត្ត​ទោស​តាមរយៈ​សាលដីកា​របស់​តុលាការ​កំពូល ដែល​បាន​ចេញ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​កាលៈទេសៈ​នេះ លោក រ៉ុង ឈុន អាច​នឹង​ត្រូវ​ចាប់​ខ្លួន ប្រសិនបើ​គាត់​មិន​អនុវត្ត​តាម​ដីកា​របស់​តុលាការ​កំពូល​ដែល​ចេញ​កន្លងមក ហើយ​គាត់​ក៏​មិន​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​បាន​ដែរ ប្រសិនបើ​គាត់​មិនទាន់​បាន​ស្ដារ​នីតិសម្បទា​របស់​ខ្លួន​ឡើងវិញ​ឲ្យ​បាន​ទាន់​ពេល​នៅ​មុន​ការ​បោះឆ្នោត​ខាងមុខ​នេះ​ទេ​នោះ។

យ៉ាងណា​ក៏ដោយ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន បាន​ឆ្លើយតប​ទៅ​នឹង​ការ​ព្រមាន​នោះ​ថា លោក​មិន​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​សាលដីកា​របស់​តុលាការ​ឡើយ ព្រោះ​ក្នុង​សាលដីកា​នោះ​មិន​បាន​ចែង​ពី​ការ​ហាមប្រាម​មិន​ឲ្យ​លោក​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​នឹង​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។

លោក រ៉ុង ឈុន លើកឡើង​ថា ប្រសិនបើ​លោក​ពិត​ជា​មិន​មាន​នីតិសម្បទា​គ្រប់គ្រាន់​សម្រាប់​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ម្ល៉េះ​សម​តែ​ក្រសួង​យុត្តិធម៌​ចេញ​លិខិត​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បដិសេធ​ឈ្មោះ​របស់​លោក​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​បាត់​ទៅ​ហើយ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​មិន​ដឹង​ថា​តុលាការ​ព្រមាន​លោក រ៉ុង ឈុន នូវ​កំហុស​ត្រង់​ចំណុច​ណា​នោះ​ទេ ព្រោះ​បើ​តាម​ពិនិត្យ​លើ​បម្រាម​ដីកា​របស់​តុលាការ​ផ្ទៀងផ្ទាត់​ជាមួយ​សកម្មភាព​របស់​លោក រ៉ុង ឈុន កន្លងមក លោក​មើល​មិន​ឃើញ​ថា​មន្ត្រី​បក្ស​ភ្លើង​ទៀន​រូប​នេះ​បាន​បំពាន​ដីកា​របស់​តុលាការ​ត្រង់​ចំណុច​ណា​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន បាន​អះអាង​កាលពី​ថ្ងៃទី​៧ ឧសភា ថា លោក​បាន​យក​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ភ្លើង​ទៀន​ទៅ​ដាក់​ជូន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រួចរាល់​ហើយ ក្នុង​នោះ​លោក​គឺជា​បេក្ខជន​តំណាងរាស្ត្រ​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​ភ្លើង​ទៀន​នៅ​មណ្ឌល​ខេត្ត​កណ្តាល។

លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ កន្លងទៅ បន្ទាប់ពី​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ក្រោយពី​លោក​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ។

ក្រោយពី​ជាប់​ពន្ធនាគារ​ប្រមាណ​ជាង ១​ឆ្នាំ លោក រ៉ុង ឈុន ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ ខណៈ​ទោស​ដែល​នៅ​សល់​ត្រូវ​បាន​សាលា​កំពូល​សម្រេច​ឱ្យ​ព្យួរ​សាកល្បង​ចំនួន ៣​ឆ្នាំ​ឯណោះ ដូច្នេះ​បើ​គិត​មក​ទល់​នឹង​ពេលនេះ លោក​កំពុង​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​របស់​តុលាការ​នៅឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស