35 C
Phnom Penh

លោក ប្រាយុទ្ធ ចេញ​មុខ​ធានា​ពី​ការ​ផ្ទេរ​អំណាច​តាម​ស្មារតី​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​បោះឆ្នោត​សភា​ថៃ បាន​បិទ​បញ្ចប់​ដោយ​ពុំ​មាន​ហិង្សា​នយោបាយ​កើតឡើង​នោះ​ទេ។ ក្នុង​ការ​បោះឆ្នោត​នេះ ជ័យជម្នះ​បាន​ទៅ​លើ​ក្រុម​បក្ស​ប្រឆាំង​រួបរួម​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដែល​ចង​សម្ព័ន្ធភាព​ជាមួយ​គ្នា។

គណបក្ស​ចលនា​ទៅ​មុខ (Move Forward) ដឹកនាំ​ដោយ​អ្នក​នយោបាយ​វ័យក្មេង លោក ភិថា លឹមចារឿងរ៉ាត់ និង​គណបក្ស​ភឿថៃ ដឹកនាំ​ដោយ​អ្នកស្រី ផៃថោថាន ស៊ីណាវ៉ាត្រា ជា​កូនស្រី​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន បាន​អាសនៈ​ច្រើន​ជាងគេ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ ដែល​នាំ​ឱ្យ​បក្ស​ប្រឆាំង​ធំ​ពីរ​នេះ​មាន​លទ្ធភាព​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​រួបរួម​អាច​មាន ៨ ទៅ ១០​គណបក្ស។

យ៉ាងណា បក្ស​របស់​ពួក​យោធា ជាពិសេស​បក្ស​របស់​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ដែល​ជា​មេ​រដ្ឋប្រហារ​យោធា​នៅ​ឆ្នាំ​២០១៤ លោក ប្រាយុទ្ធ ចាន់អូចា ជា​បក្ស​ដែល​ចាញ់​ឆ្នោត​យ៉ាង​អាម៉ាស់។ លោក ប្រាយុទ្ធ នៅ​ថ្ងៃ​នេះ​បាន​ប្រកាស​ថា លោក​ត្រូវ​គោរព​តាម​ស្មារតី​ប្រជាធិបតេយ្យ និង​ឆន្ទៈ​របស់​ប្រជាជន​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃ​អាទិត្យ ទី​១៤ ឧសភា។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន លោក ប្រាយុទ្ធ បាន​បញ្ជាក់​ថា ខណៈ​ប្រទេស​នឹង​ត្រូវ​ឆ្ពោះ​ទៅ​មុខ យើង​នឹង​បន្ត​ធ្វើការ​ដើម្បី​សន្តិសុខ​ជូន​ប្រជាជន ដោយ​រង់ចាំ​រដ្ឋាភិបាល​ថ្មី​ឡើង​មក​កាន់​អំណាច។

លោក ប្រាយុទ្ធ ក៏​បាន​ជំរុញ​ផង​ដែរ​ដល់​គ្រប់​ភាគី​ទាំងអស់​កុំ​ឱ្យ​បង្កើត​សេណារីយ៉ូ​បំភិតបំភ័យ​អំពី​ស្ថានការណ៍​នយោបាយ ដែល​អាច​ធ្វើ​ឱ្យ​ប្រជាជន​ផ្ទុះ​កំហឹង ដែល​លោក​ថា​សូម​កុំ​បង្កើត​បញ្ហា​បន្ថែម​ទៀត។ សម្រាប់​ខ្លួន​លោក​ផ្ទាល់ គឺ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​ជាមួយ​គ្រប់​ភាគី​ទាំងអស់ ព្រោះ​លោក​ត្រូវ​គោរព​តាម​នីតិវិធី​ប្រជាធិបតេយ្យ​ដែល​កំពុង​ដំណើរការ។

លោក ប្រាយុទ្ធ ថ្លែង​ដូចនេះ​ខណៈ​លោក​ចេញ​មុខ​ធានា​ពី​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ពី​រដ្ឋាភិបាល​ចាំ​ផ្ទះ​របស់​លោក​ទៅ​ឱ្យ​រដ្ឋាភិបាល​ថ្មី។ តែ​លោក​បញ្ជាក់​ថា វិធានការ​ជាច្រើន​កំពុង​ត្រូវ​បាន​អនុវត្ត​ដើម្បី​ការពារ​សេដ្ឋកិច្ច​ជាតិ​អំឡុង​នីតិវិធី​នៃ​ការ​ផ្ទេរ​អំណាច។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Bangkok Post នៅ​ថ្ងៃ​ពុធ ទី​២៤ ខែ​ឧសភា។

គណបក្ស Move Forward និង​គណបក្ស​នយោបាយ​ជា​ដៃគូ​ចំនួន ៧ ផ្សេង​ទៀត បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ MOU ស្ដីពី​របៀបវារៈ​ធ្វើការ​ចំនួន ២៣​ចំណុច​សម្រាប់​រដ្ឋាភិបាល​ចម្រុះ។

តែ​យ៉ាងណា នៅ​ក្នុង​អនុស្សរណៈ​ទាំង ២៣​ចំណុច​នេះ គណបក្ស Move Forward និង​គណបក្ស​នយោបាយ​ជា​ដៃគូ​ចំនួន ៧ ផ្សេង​ទៀត ក្នុង​នោះ​រួម​មាន​ទាំង​គណបក្ស​ភឿថៃ មិន​បាន​បញ្ចូល​ផែនការ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​មាត្រា ១១២ ពាក់ព័ន្ធ​នឹង​ច្បាប់​ប្រមាថ​ព្រះចេស្ដា​អង្គ​ព្រះមហាក្សត្រ​នោះ​ទេ។

ជាមួយ​គ្នា​នេះ លោក ភិថា លឹមចារឿងរ៉ាត់ ជា​មេដឹកនាំ​គណបក្ស​ចលនា​ទៅ​មុខ​ក៏​បាន​ធានា​ដែរ​ថា គោលនយោបាយ​នៃ​រដ្ឋាភិបាល​ចម្រុះ​របស់​លោក​នឹង​មិន​បំផ្លាញ​រដ្ឋធម្មនុញ្ញ​រាជា​និយម​ថៃ​ឡើយ។ តែ​ទោះជា​បែប​នេះ​ក្ដី លោក​នៅតែ​អះអាង​ថា ការ​ទាមទារ​ឱ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ប្រមាថ​ព្រះចេស្ដា​នឹង​នៅតែ​បន្ត តែ​គណបក្ស​របស់​លោក​នឹង​ធ្វើ​កិច្ចការ​នេះ​តែ​ម្នាក់​ឯង។

ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​ចលនា​ទៅ​មុខ​ក្នុង​ពេល​បច្ចុប្បន្ន រួម​មាន​គណបក្ស Pheu Thai បក្ស Prachachat បក្ស Thai Liberal បក្ស Thai Sang Thai បក្ស យុត្តិធម៌ បក្ស Plung Sungkom Mai និង​គណបក្ស Pue Thai Rumphlang។

នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នេះ​មាន ១៦​ក្រសួង។ គណបក្ស​ចលនា​ទៅ​មុខ​របស់​លោក ភិថា ត្រូវ​កាន់កាប់ ១០​ក្រសួង ក្នុង​នោះ​មាន​ក្រសួង​ការពារ​ជាតិ ក្រសួង​ការបរទេស និង​ក្រសួង​សេដ្ឋកិច្ច។ ចំណែក​គណបក្ស​ភឿថៃ កាន់កាប់ ៦​ក្រសួង។

គណបក្ស​ទាំងអស់​នេះ​បូក​បញ្ចូល​គ្នា​មាន​សំឡេង ៣១៣​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ដែល​មាន​អាសនៈ​សរុប​៥០០ ប៉ុន្តែ​ដើម្បី​ឱ្យ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ថៃ លោក ភិថា ត្រូវ​ប្រមូល​ឱ្យ​បាន​សំឡេង​គាំទ្រ​រួម​គ្នា ៣៧៦​អាសនៈ​ពី​សម័យ​ប្រជុំ​រដ្ឋសភា និង​ព្រឹទ្ធសភា ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​សប្ដាហ៍​ទី​១ នៃ​ខែ​សីហា។

កាលពី​រសៀល​ថ្ងៃទី​២៣ ឧសភា កាសែត​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​ថា កម្លាំង​អ្នក​ប្រជាធិបតេយ្យ​មកពី​ក្រុម​យុវជន​ថៃ​នៅ​ក្រុង​បាងកក បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងមុខ​អគារ​រដ្ឋសភា ខណៈ​សមាជិក​ព្រឹទ្ធសភា​បើក​កិច្ចប្រជុំ​ពិសេស​របស់​ខ្លួន​ដើម្បី​ពិនិត្យ​មើល​ស្ថានការណ៍​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។ តែ​ជាមួយ​គ្នា​នេះ​ក៏​មាន​ការ​លេចឮ​នូវ​ការ​ស្ទាបស្ទង់​មួយ​ថា តើ​ត្រូវ​គាំទ្រ​បេក្ខជន​នាយករដ្ឋមន្ត្រី​ថ្មី​ដោយ​របៀប​ណា។

តែ​យ៉ាងណា ការ​ដែល​ក្រុម​សកម្មជន​ប្រជាធិបតេយ្យ​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​រដ្ឋសភា ដើម្បី​បញ្ជូន​សារ​ប្រាប់​ទៅ​សមាជិក​ព្រឹទ្ធសភា​ថា​ត្រូវ​គោរព​ឆន្ទៈ​របស់​ប្រជាជន ជាជាង​ការពារ​អំណាច​របស់​យោធា។

នេះ​ជា​សារ​ពិសេស​បំផុត​ទប់ទល់​ការ​ក្រាញ​អំណាច​របស់​ពួក​យោធា និង​ជា​ការ​ប្រៀន​ប្រដៅ​សមាជិក​ព្រឹទ្ធសភា​កុំ​បោះឆ្នោត​ប្រឆាំង​បេក្ខជន​នាយករដ្ឋមន្ត្រី​ដែល​ឈ្នះ​ឆ្នោត​របស់​ប្រជាជន។

តាម​កាសែត​បាងកក​ប៉ុស្តិ៍ ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា ២៥០​រូប អាច​ជាង ៥០​រូប​បាន​ព្រលយ​ថា ពួកគេ​អាច​បោះឆ្នោត​គាំទ្រ​លោក ភិថា ជា​នាយករដ្ឋមន្ត្រី បើ​បេក្ខជន​នាយករដ្ឋមន្ត្រី​រូប​នេះ​ធានា​ថា មិន​មាន​ការ​រុះរើ​ធំដុំ​ចំពោះ​មាត្រា​១១២ ដែល​ចែង​ពី​ការ​ប្រឆាំង​ជន​ណា​ប្រមាថ​ចេស្ដា​ព្រះមហាក្សត្រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស