32 C
Phnom Penh

ស៊ុយអែត​ស្នើ​ណាតូ​ដាក់​ពង្រាយ​ទ័ព​ក្នុង​ប្រទេស​របស់​ខ្លួន​គឺជា​ការ​ព្រមាន​តួកគី​និង​ហុងគ្រី​ឱ្យ​ប្ដូរ​ជំហរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ស៊ុយអែត បាន​ប្រកាស​ថា ស៊ុយអែត​នឹង​អនុញ្ញាត​ឱ្យ​អង្គការ​យោធា​ណាតូ​ដាក់​ពង្រាយ​កងទ័ព​ឈរជើង​នៅ​ក្នុង​ប្រទេស​ខ្លួន ទោះបី​មិន​ទាន់​ក្លាយ​ជា​សមាជិក​របស់​សម្ព័ន្ធភាព​យោធា​អឺរ៉ុប​ជា​ផ្លូវការ​ក៏ដោយ។

នាយករដ្ឋមន្ត្រី​ស៊ុយអែត លោក Ulf Kristersson និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ប្រទេស​នេះ គឺ​លោក Pal Jonson បាន​ប្រកាស​ថា៖ រដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​កងទ័ព​ស៊ុយអែត រៀបចំ​ត្រៀម​លក្ខណៈ​ជាមួយ​ក្រុម​យោធា​ណាតូ និង​បណ្តា​ប្រទេស​ជា​សមាជិក​របស់​អង្គការ​យោធា​មួយ​នេះ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​រួម​គ្នា​នា​ពេល​អនាគត។

ការ​ត្រៀម​លក្ខណៈ​នោះ ដូចជា​ការ​ទទួល​ការ​ដាក់​ពង្រាយ​កងទ័ព និង​បរិក្ខារ​យោធា​បរទេស​នៅ​ក្នុង​ទឹកដី​ស៊ុយអែត។ ការ​សម្រេច​ចិត្ត​នេះ គឺជា​ការ​ផ្ញើ​សារ​មួយ​យ៉ាង​ច្បាស់​ទៅ​កាន់​រុស្ស៊ី ដែល​តែង​មិន​ចង់​ឃើញ​ស៊ុយអែត និង​ហ្វាំងឡង់ ជា​សមាជិក​ណាតូ ហើយ​ជា​ការ​ពង្រឹង​នូវ​សមត្ថភាព​ការពារ​ជាតិ​របស់​ស៊ុយអែត ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត។

ការ​ប្រកាស​របស់​រដ្ឋាភិបាល​ស៊ុយអែត ដូចនេះ ធ្វើឡើង​នៅ​មុន​ជំនួប​កំពូល​នៃ​មេដឹកនាំ​ណាតូ ត្រូវ​ប្រជុំ​គ្នា​រយៈពេល ២​ថ្ងៃ​នៅ​រវាង​ថ្ងៃទី​១១ និង ១២ ខែ​កក្កដា ដែល​ធ្វើឡើង​នៅ​ប្រទេស​លីទុយអានី ជា​ប្រទេស​សមាជិក​ណាតូ មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី។

តែ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន EURACTIVE នៃ​ប្រទេស​អ៊ុយក្រែន បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​១៣ មិថុនា ថា ប្រទេស​តួកគី ដែល​ជំទាស់​ខ្លាំង​ជាងគេ​ក្នុង​ការ​រារាំង​ស៊ុយអែត ជា​សមាជិក​ណាតូ ទំនង​នឹង​ផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន។

លោក Akif Cagatay Kilic ទីប្រឹក្សា​របស់​លោក​ប្រធានាធិបតី​តួកគី ដែល​បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ទូរទស្សន៍​មួយ​ក្នុង​ស្រុក​នៃ​ប្រទេស​តួកគី បាន​ថ្លែង​ថា ក្រុង Ankara មិនមែន​ជា​ឧបសគ្គ​អ្វី​នោះ​ទេ តែ​ការ​ចូល​ជា​សមាជិក​ណាតូ​របស់​ស៊ុយអែត ក៏​វា​អាស្រ័យ​លើ​ស៊ុយអែត​ខ្លួន​គេ​ផ្ទាល់ និង​ពេលវេលា​ផង​ដែរ។

តើ​ណាតូ អាច​យល់ព្រម​ដែរ​ឬ​ទេ?

ស៊ុយអែត និង​ហ្វាំងឡង់ ជា​ប្រទេស​ដែល​មាន​ព្រំដែន​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ជាប់​នឹង​ប្រទេស​រុស្ស៊ី ប៉ុន្តែ​ស៊ុយអែត ស្ថិត​នៅ​ខាងក្រោយ​ហ្វាំងឡង់ ដែល​ហ្វាំងឡង់ មាន​ព្រំដែន​គោក​ជាប់​នឹង​រុស្ស៊ី ដល់​ទៅ ១៣០០​គីឡូម៉ែត្រ។ ប្រទេស​ទាំង​ពីរ​នេះ​បាន​ប្រកាន់​យក​គោលនយោបាយ​អព្យាក្រឹត​តាំងពី​ក្រោយ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២។

តែ​នៅ​ពេល​រុស្ស៊ី លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន ទាំង​ស៊ុយអែត និង​ហ្វាំងឡង់ រត់​ដាក់​ពាក្យ​សុំ​ជា​សមាជិក​អង្គការ​ណាតូ។ យ៉ាងណា ហ្វាំងឡង់​បាន​ក្លាយ​ជា​សមាជិក​ណាតូ​ផ្លូវការ​ទៅ​ហើយ​កាលពី​ថ្ងៃទី​៤ មេសា។

ហ្វាំងឡង់ ក្លាយ​ជា​សមាជិក​ណាតូ​ទី​៣១ ខណៈ​ស៊ុយអែត នៅតែ​ស្ថិត​នៅ​ក្រៅ​ណាតូ នៅឡើយ ដោយសារតែ​ការ​ជំទាស់​ពី​ប្រទេស​តួកគី និង​ហុងគ្រី។ យ៉ាង​នេះ​ក្ដី ប្រទេស​ភាគច្រើន​បំផុត​រហូត​ដល់​ទៅ ២៨​ប្រទេស​នៃ​សមាជិក​ណាតូ ៣០​ប្រទេស បាន​ឱ្យ​សច្ចាប័ន​ស៊ុយអែត​ជា​សមាជិក​ណាតូ​រួច​ទៅ​ហើយ។

យ៉ាងណា អគ្គលេខាធិការ​យោធា​ណាតូ Jens Stoltenberg សហរដ្ឋ​អាមេរិក អង់គ្លេស កាណាដា ហុឡង់ដ៍ ប៉ូឡូញ និង​ប្រទេស​ជាច្រើន​ទៀត បាន​ព្រមាន​តួកគី និង​ហុងគ្រី ឲ្យ​ទម្លាក់​ចោល​ភាព​មានះ​របស់​ខ្លួន​ទៅ​លើ​ស៊ុយអែត។

សហរដ្ឋ​អាមេរិក​ចេញ​មុន​គេ​ជាមួយ​នឹង​អង់គ្លេស​ថា ទោះជា​ស៊ុយអែត​ពុំ​ក្លាយ​ជា​សមាជិក​ណាតូ​ក៏ដោយ ក៏​អាមេរិក​និង​អង់គ្លេស​នឹង​បញ្ជូន​ទ័ព​ទៅ​ដាក់​ពង្រាយ​នៅ​ទឹកដី​ស៊ុយអែត ក្នុង​ក្របខ័ណ្ឌ​ជា​សម្ព័ន្ធភាព​យោធា​ត្រីភាគី។ ប៉ុន្តែ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា បើ​ប្រទេស​មហាអំណាច​ធំ​ពីរ​នេះ​បញ្ជូន​ទ័ព​ទៅ​ស៊ុយអែត វា​មិន​ខុស​អី​ពី​ណាតូ​បញ្ជូន​ទ័ព​ទៅ​ដាក់​ពង្រាយ​នៅ​ស៊ុយអែត​នោះ​ទេ។

ដូច​នេះ​ហើយ​បាន​ជា​អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ បាន​ប្រាប់​រួច​ហើយ​ថា ទោះជា​តួកគី និង​ហុងគ្រី បង្កើត​ឧបសគ្គ​ក៏ដោយ ក៏​ពុំ​អាច​រារាំង​បេក្ខភាព​របស់​ស៊ុយអែត​បាន​នោះ​ទេ ហើយ​ណាតូ​នឹង​មិន​រង់ចាំ​ប្រទេស​ពីរ​នេះ​ទេ។

បើ​ដូចនេះ មាន​ន័យ​ថា ស៊ុយអែត​អាច​នឹង​ត្រូវ​បាន​ប្រទេស​ជាច្រើន​នៃ​សមាជិក​ណាតូ​បញ្ជូន​ទ័ព​ទៅ​ដាក់​ពង្រាយ ឬ​ក៏​បង្កើត​មូលដ្ឋាន​នៅ​លើ​ទឹកដី​ស៊ុយអែត គឺ​ដូចជា​ថ្មីៗ​នេះ​នៅ​ពេល​ដែល​អង្គការ​ណាតូ​ធ្វើ​សមយុទ្ធ​យោធា​នៅ​លើ​ទឹកដី​ហ្វាំងឡង់ ក៏​កងទ័ព​ស៊ុយអែត​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ធ្វើ​សមយុទ្ធ​ផង​ដែរ។ ម្ល៉េះ​ហើយ ណាតូ និង​ស៊ុយអែត ក្លាយ​ជា​សម្ព័ន្ធភាព​យោធា​ជាមួយ​គ្នា​រួច​ទៅ​ហើយ។

អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា គ្មាន​អ្វី​ពិបាក​នោះ​ទេ​គ្រាន់តែ​បញ្ជូន​ទ័ព​ទៅ​ស៊ុយអែត ទោះជា​តួកគី និង​ហុងគ្រី ជំទាស់​ក៏ដោយ ព្រោះ​សហរដ្ឋ​អាមេរិក អង់គ្លេស ដែល​ជា​សមាជិក​របស់​ណាតូ បាន​ចាប់​យក​ស៊ុយអែត ជាមួយ​សម្ព័ន្ធភាព​នៃ​សន្ធិសញ្ញា​យោធា​ត្រីភាគី​ទៅ​ហើយ​នោះ។

ស៊ុយអែត ធ្វើ​ដូចនេះ គឺជា​ការ​ព្រមាន​តួកគី និង​ហុងគ្រី ឱ្យ​ប្ដូរ​ជំហរ​របស់​ខ្លួន​កាល​ដែល​រដ្ឋាភិបាល​ស៊ុយអែត ស្នើ​ឱ្យ​ណាតូ​បញ្ជូន​ទ័ព​ទៅ​ដាក់​ពង្រាយ​នៅ​លើ​ទឹកដី​របស់​ខ្លួន​នៅ​ពេលនេះ មើល​ទៅ​ដូចជា​ស៊ុយអែត​ត្រូវ​ដើរ​ផ្លូវ​កាត់​ដោយ​មិន​ឆ្លងកាត់​តួកគី និង​ហុងគ្រី នោះ​ទេ។

ស៊ុយអែត ដែល​ខកខាន​មិនទាន់​បាន​ក្លាយ​ជា​សមាជិក​ណាតូ​ដូច​ហ្វាំងឡង់​នោះ ព្រោះតែ​សភា​របស់​ហុងគ្រី និង​តួកគី មិន​ព្រម​ផ្ដល់​សច្ចាប័ន ហើយ​តួកគី​បាន​លើក​ហេតុផល​ដដែលៗ​ថា ស៊ុយអែត​មិនទាន់​សម្អាត​បញ្ជី​ខ្មៅ​នៅឡើយ​ទេ​អំពី​ការ​ផ្ដល់​សិទ្ធិ​ឱ្យ​អ្នក​ប្រឆាំង​រដ្ឋាភិបាល​តួកគី​បច្ចុប្បន្ន​នេះ​នៅ​លើ​ទឹកដី​ស៊ុយអែត។

រឿង​នេះ ស៊ុយអែត បាន​ព្យាយាម​បញ្ចុះបញ្ចូល​តួកគី​ជាច្រើន​ដង​ណាស់​មក​ហើយ តែ​តួកគី​នៅតែ​មិន​ទាន់​អះអាង​ថា ខ្លួន​យល់ព្រម​នៅឡើយ​នោះ​ទេ។ តួកគី ថា​ស៊ុយអែត​នៅ​មាន​រឿង​ជាច្រើន​ត្រូវ​និយាយ​ជាមួយ​តួកគី ទៅ​មុខ​ទៀត។

យ៉ាងណា ប្រធានាធិបតី​តួកគី និង​នាយករដ្ឋមន្ត្រី​ហុងគ្រី បច្ចុប្បន្ន​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​មាន​សម្ព័ន្ធភាព​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន។

ប្រទេស​ពីរ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​រាំងស្ទះ​សមាជិកភាព​របស់​ស៊ុយអែត​នៃ​សមាជិក​ណាតូ ក៏​គេ​ថា​មេដឹកនាំ​ប្រទេស​ពីរ​នេះ​មាន​និន្នាការ​មនោសញ្ចេតនា​ជាមួយ​នឹង​លោក ពូទីន ក៏ប៉ុន្តែ​ជា​ការ​ភ្ញាក់ផ្អើល​ដែល​ស៊ុយអែត ស្នើ​ឱ្យ​ណាតូ​បញ្ជូន​ទ័ព​ទៅ​ដាក់​លើ​ទឹកដី​នៃ​ប្រទេស​របស់​ខ្លួន។ រឿង​នេះ​មើល​ទៅ​ជៀស​មិន​រួច​ទេ សមាជិក​ណាតូ​មួយ​ចំនួន​នឹង​យល់ស្រប​តាម​រដ្ឋាភិបាល​របស់​ស៊ុយអែត ហើយ​វា​មិន​ខុស​អ្វី​ដែល​គេ​ថា ស៊ុយអែត​វាយ​បំបាក់​មុខ​ហុងគ្រី និង​តួកគី ជា​អ្នក​បង្កើត​ឧបសគ្គ​រារាំង​ស៊ុយអែត​ជា​សមាជិក​ណាតូ ព្រោះ​ចង់​ផ្គាប់ចិត្ត​លោក ពូទីន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស