26 C
Phnom Penh

រដ្ឋបាល​ខេត្ត​បាត់ដំបង​ចាត់ទុក​ការ​ចុះ​ផ្សាយ​រឿង​សង់​រីស៊ត​មាត់​ស្ទឹង​សង្កែ​ជា​ការ​ញុះញង់​ផ្នែក​នយោបាយ​របស់​អង្គការ​មាតា​ធម្មជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាល​ខេត្ត​បាត់ដំបង ចាត់ទុក​ការ​ចោទប្រកាន់​ជុំវិញ​ការ​សាងសង់​សំណង់​រឹង​នៅ​មាត់​ស្ទឹង​សង្កែ ពី​សំណាក់​អង្គការ​ចលនា​មាតា​ធម្មជាតិ ថា​ជា​ការ​ញុះញង់ បំភាន់​បំភ្លៃ​ការពិត ក្នុង​ចេតនា​ទុច្ចរិត​វាយប្រហារ​មក​លើ​អាជ្ញាធរ​ក្នុង​ផ្លូវ​នយោបាយ។

រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​បន្ទាប់ពី​មាន​ការ​ផ្ទុះ​ការ​រិះគន់​លើ​ការ​សាងសង់​សំណង់​រឹង​នៅ​មាត់​ស្ទឹង​សង្កែ កាលពី​ពេល​ថ្មី​នេះៗ​ថា ខ្លួន​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នៅ​ទីតាំង​ជាក់ស្ដែង​រួច​ហើយ ហើយ​ក៏​បាន​ដឹង​ថា ម្ចាស់​ដី​ដែល​កំពុង​សាងសង់​នោះ​ឈ្មោះ កៅ ម៉ាដូខេត្រ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​សាងសង់​អគារ​នៅ​លើ​ដី​នោះ គឺ​ស្រប​តាម​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ មិន​ប៉ះពាល់​ដី​ចំណី​ស្ទឹង​សង្កែ​នោះ​ទេ ហើយ​ការ​ចាក់​បេតុង​សាងសង់​ច្រាំង​ស្ទឹង​ទៅ​តាម​លំនាំ​ច្រាំង​ចាស់ ក៏​មិនមែន​ជា​ការ​រំលោភ​យក​ស្ទឹង​ដូច​ការ​ចោទប្រកាន់​នោះ​ដែរ។

រដ្ឋបាល​ខេត្ត​បាត់ដំបង អះអាង​បន្ត​ថា ចំពោះ​បច្ចេកទេស​នៃ​ការ​សាងសង់ គឺ​គេ​លើក​ដី​ទប់​សិន បន្ទាប់ពី​សាងសង់​រួច គេ​នឹង​កាយ​ដី​នោះ​ចេញ​វិញ ដែល​នឹង​មិន​បង្ក​ដល់​ការ​រាំង​ស្ទះ​មុខ​ទឹក​នោះ​ទេ។ ជាង​នេះ​ទៀត ម្ចាស់​ដី​នោះ​បាន​ចាក់​បេតុង​សាងសង់​ច្រាំង​ស្ទឹង​នៅ​ខាងមុខ​សាលាឃុំ​អូរដំបង១ ប្រវែង ១០០០​ម៉ែត្រ ដើម្បី​ការពារ​ការ​បាក់​ដី គឺ​ចំ​មុខ​ទឹក​បុក​ខ្លាំង​នៅ​រដូវវស្សា​ថែម​ទៀត។

ប្រភព​ដដែល​បញ្ជាក់​ថា ដោយឡែក​ការ​ចោទប្រកាន់​ថា​បុគ្គល​នេះ ឬ​បុគ្គល​នោះ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​ដែល​កំពុង​សាងសង់​នេះ មិន​ដូច​ការ​ផ្សព្វផ្សាយ​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ​កម្ពុជា​នោះ​ទេ ដូច្នេះ​រដ្ឋបាល​ខេត្ត​បាត់ដំបង សូម​ច្រានចោល​នូវ​ព័ត៌មាន​មិន​ពិត​ទាំងអស់​នោះ​ទាំងស្រុង។

ក្រោយពី​ការ​បដិសេធ​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២១ មិថុនា នេះ​ថា តាម​ច្បាប់ ដែល​ហៅ​ថា ដី​ចំណី​ស្ទឹង គឺជា​ដី​ដែល​មាន​ប្រវែង ៣០​ម៉ែត្រ​ពី​មាត់​ស្ទឹង ហើយ​នេះ​គឺ​មាន​ន័យ​ថា ដី​ប្រវែង ៣០​ម៉ែត្រ​ពី​មាត់​ស្ទឹង គឺ​ជា​ដី​រដ្ឋ មិន​អាច​បុគ្គល​ណា​រំលោភបំពាន​កាន់កាប់​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ ឬ​យក​មក​ប្រើប្រាស់​បាន​ឡើយ។

ប្រភព​ដដែល​អះអាង​ថា បើ​តាម​ការ​វាស់​ពី​លើ Google Earth បង្ហាញ​ថា កន្លែង​ស្នាក់នៅ​កម្សាន្ត​នោះ​បាន​សាងសង់​មាន​ប្រវែង​ត្រឹមតែ ១២​ម៉ែត្រ​ប៉ុណ្ណោះ​ពី​មាត់​ស្ទឹង​សង្កែ ហេតុ​នេះ​ការ​អះអាង​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង ថា​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់ ដោយ​មិន​បាន​រំលោភ​ដី​មាត់​ស្ទឹង​នោះ គឺ​មិន​អាច​ទទួល​យក​បាន​ដាច់ខាត។

អង្គការ​ចលនា​មាតា​ធម្មជាតិ លើក​ជា​សំណួរ​ថា តើ​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​អាង​ទន្លេ​ដែល​និយាយ​អំពី​ដី​ចំណី​ស្ទឹង​នេះ រដ្ឋាភិបាល​លែង​ប្រើ​ហើយ​មែន​ទេ? ប្រសិនបើ​អនុក្រឹត្យ​នេះ​នៅតែ​មាន​សុពលភាព ដូច្នេះ​ការ​កំណត់​ដី​ចំណី​ស្ទឹង ឬ​ទន្លេ នៅតែ​មាន​ប្រសិទ្ធភាព​ដដែល។ ផ្ទុយទៅវិញ ការ​អះអាង​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង គឺ​ជា​ការ​បំពាន​នឹង​អនុក្រឹត្យ​នេះ​ទៅវិញ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​គ្រប់គ្រង​អាង​ទន្លេ​ដែល​មាន ២៧​មាត្រា និង ៧​ជំពូក ក្នុង​នោះ​មាត្រា​៨ នៃ​អនុក្រឹត្យ​នេះ​ចែង​ថា ដី​ចំណី​មាត់ច្រាំង​ត្រូវ​កំណត់​ចម្ងាយ ៥០​ម៉ែត្រ​ពី​មាត់​ច្រាំង​ទន្លេ និង​ត្រូវ​កំណត់​ចម្ងាយ ៣០​ម៉ែត្រ​ពី​មាត់​ច្រាំង​ស្ទឹង ចំណែក​មាត់ច្រាំង​ព្រែក ត្រូវ​កំណត់​ចម្ងាយ ២០​ម៉ែត្រ ខណៈ​មាត់ច្រាំង​អូរ​ត្រូវ​កំណត់ ១០​ម៉ែត្រ​ជា​កំហិត ហើយ​អនុក្រឹត្យ​នេះ​ថែម​ទាំង​បាន​បញ្ជាក់​ទៀត​ថា ការ​កំណត់​ដី​ចំណី​មាត់ច្រាំង និង​ឆ្នេរ​ខាងលើ គ្មាន​អានុភាព​ប្រតិសកម្ម​ឡើយ​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន។

ដោយឡែក​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ មាត្រា​៦២ ចែង​ថា ត្រូវ​ផ្ដន្ទាទោស​ជា​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី​៤ និង​ត្រូវ​រឹបអូស​វត្ថុ​តាង​ជា​សម្បត្តិ​រដ្ឋ ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​ការ​ចាក់​ដី​លុប ឬ​ចាក់​បំពេញ​ដី ឬ​ចាក់​បំពេញ​ដែនទឹក​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​ក្នុង​ករណី​មិន​រាងចាល ត្រូវ​ផ្ដន្ទាទោស​ទ្វេដង​ថែម​ទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស